Connect with us

កងកម្លាំងប្រដាប់អាវុធ

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិកំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការយកព័ត៌មានពីព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

នៅមណ្ឌលព័ត៌មាន នៃសណ្ឋាគារសុខាភ្នំពេញ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ កំពុងមមាញឹកខ្លាំងក្នុងការតាមដាន ក៏ដូចជាផ្តិតយករូបភាព ក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ខណៈដែលថ្ងៃនេះកិច្ចប្រជុំ មានតួអង្គសំខាន់ៗ ក៏ដូចជាប្រធានាធិបតីនៃប្រទេសមហាអំណាចបានមកចូលរួមច្រើន ដែលជារឿងគួរចាប់អារម្មណ៍នៃព្រឹត្តិការណ៍អន្តរជាតិ។

អ្នកសារព័ត៌មាន China Global Television Network (CGTN) ដែលមានការិយាល័យនៅប្រទេស ម៉ាឡេស៊ី បានមានប្រសាសន៍ថា លោក កំពុងមមាញឹកបំពេញភារកិច្ចដោយសារតែមានក្រុមការងារមានតែ ២ នាក់ប៉ុណ្ណោះសម្រាប់មកបំពេញភារកិច្ចក្នុងកិច្ចប្រជុំកំពូលអាស៊ានទី ៤០&៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក បានបន្តថា លោកមិនបានយកព័ត៌មានគ្រប់កិច្ចប្រជុំទេ លោកជ្រើសរើសយកតែប្រធានបទដែលសំខាន់ៗ តែប៉ុណ្ណោះ ដែលក្នុងនោះរួមមាន ផ្តោតសំខាន់លើកិច្ចប្រជុំដែលពាក់ព័ន្ធនឹងប្រទេសចិន ដោយសារតែលោកធ្វើការឱ្យសារព័ត៌មានចិន ក្រៅពីនេះលោកក៏ផ្តោតលើការធ្វើសន្និសិទកាសែតរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ព្រមទាំងកិច្ចប្រជុំអាស៊ាន ជាមួយនឹងសហរដ្ឋអាមេរិក។ ក្នុងនោះលោកក៏មានការសប្បាយចិត្តនឹងទទួលដំណឹងអំពីប្រទេសទីម័រខាងកើតបានចូលជាសមាជិកអាស៊ានទី ១១។

លោកបានឱ្យដឹងដែរថា សម្រាប់ការរៀបចំមណ្ឌលសារព័ត៌មាន គឺលោកមានការពេញចិត្តដោយសារ មានការរៀបចំសាលធំទូលាយ បំពាក់ឧបករណ៍ដែលជាតម្រូវការសម្រាប់អ្នកព័ត៌មានប្រើប្រាស់ដូចជា សេវាអ៊ីនធើណេតដែលមានល្បឿនលឿន ហើយអ្វីដែលសំខាន់គឺមានបង្កើតតេលេក្រាមដែលអាចផ្តល់ដំណឹង និងដោះស្រាយបញ្ហាមួយចំនួនសម្រាប់អ្នកសារព័ត៌មានដែលចូលរួម។ បន្ថែមពីនោះទៀត ក្នុងការរៀបចំម្ហូបអាហារក៏មានជម្រើសច្រើន សម្រាប់អ្នកសារព័ត៌មានគ្រប់ជាតិសាសន៍។ ជារួមលោកបង្ហាញពីការពេញចិត្តចំពោះការរៀបចំ មណ្ឌលព័ត៌មាន។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា មានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ បានចុះឈ្មោះយកព័ត៌មាន ក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចំនួនជាង១៧០០នាក់ ក្នុងនោះមានជនបរទេសចំនួនប្រហែល៩០០នាក់ បានចុះឈ្មោះមកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ។

ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ថា ក្នុងចំណោមអ្នកសារព័ត៌មានប្រហែល១៧០០នាក់ ក្នុងនោះមានស្ត្រីចំនួន៣៧០នាក់ ដែល អ្នកសារព័ត៌មានជាតិកម្ពុជា មានចំនួន៧០០នាក់ ស្ត្រីចំនួន១២០ អ្នកសារព័ត៌មានមកពីជប៉ុនចំនួន១៧៤នាក់ ស្ត្រី៣២នាក់ អ្នកសារព័ត៌មានមកពីកូរ៉េខាងត្បូងចំនួន១៤៨នាក់ ស្ត្រី៣៧នាក់ និងអ្នកសារព័ត៌មានមកពីសហរដ្ឋអាមេរិកចំនួន១០៣នាក់ ក្នុងនោះស្ត្រី៣៨នាក់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook