Connect with us

កងកម្លាំងប្រដាប់អាវុធ

អភិបាលខេត្តក្រចេះ បន្តចុះចែកអំណោយដល់គ្រួសារក្រីក្រចំនួន៦០គ្រួសារនៅស្រុកស្នួល

ភិបាលខេត្តក្រចេះ បន្តចុះចែកអំណោយសង្រ្គោះដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន៦០ គ្រួសារ នៅឃុំស្វាយជ្រំ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយអំណោយផ្ដល់ជូននាពេលនោះ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម -មី ១កេសតូច-ទឹកត្រី ១យួរ -ទឹកស៊ីអ៊ីវ ១យួរ -អំបិល ៥កញ្ចប់ -មុង១ -ភួយ១ -សារ៉ុង១ និងថវិកា ២ម៉ឺនរៀល ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដោយបញ្ជាក់ថា បើទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយ គឺធ្វើយ៉ាងណាត្រូវជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យបានសិន ។

ឯកឧត្តម វ៉ា ថន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឆ្នើម បាននិងកំពុងបន្តពុះពារជម្នះការលំបាក និងឧបសគ្គនានាដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលបន្ថែមទៀតក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញឱ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយនិងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេសនានានៅក្នុងសកលលោកផងដែរ ។

ឯកឧត្តមបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោកមេឃុំ ដែលបានយកចិត្តទុកដាក់ខ្លាំង ចំពោះទុក្ខលំបាកនិងជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋរបស់ខ្លួននិងបានស្នើសុំជំនួយជាស្បៀងនិងសម្ភារៈ ដើម្បីយកមកជួយសម្រាលដល់ជីវភាពពួកគាត់ដែលកំពុងត្រូវការជំនួយសង្រ្គោះ និងបានជំរុញឱ្យឧស្សាហ៍ចុះពិនិត្យតាមដានតាមភូមិឱ្យបានញឹកញាប់ ដើម្បីស្រង់ស្ថិតិ និងក្តាប់ព័ត៌មានឱ្យបានច្បាស់អំពីអ្នករងគ្រោះ និងងាយរងគ្រោះ ដើម្បីរាយការណ៍ជូនអាជ្ញាធរស្រុក-ខេត្តដើម្បីដោះស្រាយជូនឱ្យចំគោលដៅ និងទាន់ពេលវេលា ។

ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តឱ្យបងប្អូនជនចាស់ជរា សូមអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ–១៩ឱ្យបានគ្រប់គ្នា និងសូមឱ្យបន្តរស់នៅដោយមានការប្រុងប្រយ័ត្ន ប្រកបដោយវិធានការការពារអនាម័យឱ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ ជាពិសេសសូមអញ្ជើញទៅចុះឈ្មោះ និងពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនថែមទៀត នៅពេលខាងមុខនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន និងក្រុមការងារបានបន្តចុះពិនិត្យនិងជួបសំណេះសំណាលជាមួយមន្រ្តីការិយាល័យចុះឈ្មោះបោះឆ្នោត និងអ្នកមកចុះឈ្មោះបោះឆ្នោត នៅភូមិតាសោម ឃុំស្វាយជ្រុំ ស្រុកស្នួល សរុប ២២នាក់ ដោយក្នុងនោះបានឧបត្ថម្ភនូវសារុង១ និង ថវិកា២ម៉ឺនរៀលក្នុងម្នាក់ផងដែរ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook