Connect with us

ព័ត៌មានទាន់ហេតុការណ៍

ក្រុមយោធាមីយ៉ាន់ម៉ាបានវាយឆ្មក់ និងបំផ្លាញទីស្នាក់ការកណ្តាលគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីយប់មិញនេះ

មីយ៉ាន់ម៉ា៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ក្រុមយោធាបានវាយឆ្មក់និងបំផ្លាញទីស្នាក់ការកណ្តាលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី នៅទីក្រុងយ៉ាំងហ្គោនកាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ ខណៈដែលសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានថ្កោលទោសអំពើហឹង្សារបស់ពួកយោធាប្រឆាំងនឹងក្រុមបាតុករ ដែលពួកគេកំពុងទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសឡើងវិញ។

ការវាយប្រហារមកលើមេដឹកនាំស៊ីវិល ការធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន ការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកបក្សរបស់លោកស្រី បានធ្វើឱ្យមានការខឹងសម្បារជាសាធារណៈ និងបានជំរុញប្រជាជនរាប់សែននាក់ប្រមូលផ្ដុំគ្នាតាមផ្លូវ ប្រឆាំងនឹងរបបរដ្ឋាភិបាលយោធា ទោះបីជាមេដឹកនាំយោធាលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ទើបតែបានដាក់ចេញនូវបំរាមគោចរ និងការប្រមូលផ្ដុំលើសពី ៥នាក់ ក៏ដោយ។

សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«មេដឹកនាំផ្តាច់ការយោធាបានវាយឆ្មក់និងកម្ទេចទីស្នាក់ការកណ្តាលគណបក្ស NLD នៅម៉ោងប្រមាណ ៩ និង ៣០ នាទីយប់»។ យ៉ាងណាសេចក្តីថ្លែងការណ៍ខ្លីរបស់គណបក្សមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ ជម្រាបដែរថាការវាយឆ្មក់នេះបានកើតឡើង បន្ទាប់ពីបាតុកម្មបានផ្ទុះឡើងរយៈពេល ៤ថ្ងៃ ជាប់ៗគ្នាគិតត្រឹមថ្ងៃអង្គារ ខណៈដែលប៉ូលីសក៏ចាប់ផ្ដើមប្រើកម្លាំងបាយ ដោយបានប្រើកាណុងបាញ់ទឹក បាញ់គ្រាប់កាំភ្លើងជ័រ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើបាតុករជាដើម៕

Click to comment

Leave a Reply

Your email address will not be published.

Facebook