Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រធានាធិបតីឥណ្ឌូនេស៊ី បើកពិធីស្វាគមន៍ថ្ងៃចាប់ផ្តើមនៃកិច្ចប្រជុំកំពូល G-20 នៅលើកោះបាលី

( ឥណ្ឌូនេស៊ី ) ៖ នៅថ្ងៃអង្គារ៍ ទី១៥ ខែវិច្ចកា ឆ្នាំ២០២២នេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានស្វាគមន៍មេដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចកំពូលទាំង20 ឬ Group of 20 នៅលើកោះបាលីក្នុងពិធីបើកនៃកិច្ចប្រជុំកំពូល G-20 ក្រោមមូលបទ Recover Together , Stronger Together ឬ “រួមគ្នាស្តារឡើងវិញកាន់តែរឹងមាំ” ។

ការពិភាក្សារបស់មេដឹកនាំទាំងអស់នឹងចាប់ផ្តើមក្រោមប្រធានបទក្តីសង្ឃឹមនៃ “រួមគ្នាស្តារឡើងវិញកាន់តែរឹងមាំ” បន្ទាប់ពីវិបត្តិនៃវីរុសរាតត្បាត COVID-19 និងផលវិបាកសេដ្ឋកិច្ចរបស់ពិភពលោក។ សមាជិកប្រទេស G-20 រួមមានទាំងប្រទេសឧស្សាហកម្ម និងប្រទេសកំពុងអភិវឌ្ឍន៍ ហើយជាប្រទសដែលមានចំនួន 80% នៃសកម្មភាពសេដ្ឋកិច្ចរបស់ពិភពលោក និង 2/3 នៃចំនួនប្រជាជននៅលើពិភពលោក។

គួរបញ្ជាក់ថា ៖ ប្រទេសជាសមាជិកទាំង២០នោះរួមមានគឺ អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ប្រទេសចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសក្នុងសហភាពអឺរ៉ុប ។ មេដឹកនាំនៃប្រទេសទាំងអស់ត្រូវបានគេរំពឹងថានឹងចូលរួមពិភាក្សាគ្នា លើកលែងតែប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលលោកបាន បញ្ជូនរដ្ឋមន្ត្រីការបរទេសរុស្ស៊ីគឺលោក Sergei Lavrov មកជំនួសរូបលោកវិញ។

សូមបញ្ជាក់ថា ៖ ចំណុចផ្តោតសំខាន់ជាផ្លូវការនៃកិច្ចប្រជុំកំពូលគឺស្ថិរភាពហិរញ្ញវត្ថុ បញ្ហាសុខភាព ថាមពលប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរឌីជីថល ប៉ុន្តែភាពតានតឹងជុំវិញការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនក៏ជាកត្តាធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការបង្កើតឯកភាពរួមគ្នាដើម្បីដោះស្រាយប្រធានបទទាំងនោះដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook