(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២១នេះ រាជធានីភ្នំពេញអាចនឹងឡើង ផ្ទៃដីដល់ ៦៩៥,៤៩គីឡូម៉ែត្រការ៉េ ក្រោយពីកាត់ពីក្រុងតាខ្មៅ ខេត្តកណ្ដាលលេីកនេះ ខណៈដែលនៅឆ្នាំ២០០៦មានផ្ទៃក្រឡាត្រឹមតែ៣៨៥គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ផ្ទៃក្រឡារបស់រាជធានីភ្នំពេញរីកមាឌទៀតហើយពោលគឺ អាចឡើងដល់ ៦៩៥,៤៩គីឡូម៉ែត្រការ៉េ ហើយ បើតាមប្រវត្តិផ្ទៃក្រឡាត្រួសៗ របស់រាជធានីភ្នំពេញ គឺ៖
១. ឆ្នាំ២០០៦ មានទំហំ ៣៧៥ គីឡូម៉ែត្រការ៉េ មាន ៧ខណ្ឌ និង ៧៦សង្កាត់។
២. ឆ្នាំ២០០៩ មានទំហំ ៣៧៧,៤៦គីឡូម៉ែត្រការ៉េ មាន៨ខណ្ឌ និង៧៦សង្កាត់។
៣. ឆ្នាំ២០១២ មានទំហំ ៦៧៨,៤៦ គីឡូម៉ែត្រការ៉េ មាន៩ខណ្ឌ ៩៦សង្កាត់។
៤. ឆ្នាំ២០១៧ មានទំហំ ៦៩២,៤៦ គីឡូម៉ែត្រការ៉េ មាន១២ខណ្ឌ ១០៥សង្កាត់។
៥. ឆ្នាំ២០១៩ មានទំហំ ៦៩២,៤៦ គីឡូម៉ែត្រការ៉េ មាន១៤ខណ្ឌ ១០៥សង្កាត់។
៦. ឆ្នាំ២០២១ អាចឡើងដល់ ៦៩៥,៤៩ គីឡូម៉ែត្រការ៉េ (ក្រោយពីកាត់ពីក្រុងតាខ្មៅ ខេត្តកណ្ដាលលេីកនេះ) មាន១៤ខណ្ឌ ១០៥សង្កាត់។

មន្ត្រីដដែលបញ្ជាក់ទៀតថា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាលរងរាជធានីភ្នំពេញ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាលខណ្ឌមានជ័យ និងខណ្ឌដង្កោ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ៕
