Connect with us

កងកម្លាំងប្រដាប់អាវុធ

ឯកឧត្តម អ៉ិត សំហេង ណែនាំគ្រប់ភាគីដោះស្រាយផ្សះផ្សាវិវាទដោយភាពចាស់ទុំនិងវិជ្ជាជីវៈ

ឯកឧត្តម អ៉ិត សំហេង ណែនាំគ្រប់ភាគីការងារត្រូវរៀបចំឱ្យបាននូវនីតិវិធីនៃការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធភាពនិងភាពជឿទុកចិត្តបានពីគូភាគីវិវាទ សំដៅបន្តធានានូវគុណតម្លៃទាំង៣ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងាររួម។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការណែនាំនូវចំណុចមួយចំនួនសម្រាប់គ្រប់ភាគីធ្វើការពិនិត្យ ពិចារណា និងលើកយោបល់ ក៏ដូចជាសំណើដំណោះស្រាយ រួមមាន៖ – នីតិវិធីក្នុងការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល៖ ប្រភេទវិវាទបុគ្គល, ចំនួនអាជ្ញាកណ្តាល, សិទ្ធិតំណាងរបស់ភាគីវិវាទ, រយៈពេលនៃការដោះស្រាយ, ប្រភេទសេចក្តីបង្គាប់, និងបន្ទុកភស្តុតាង។

– ការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល៖ កត្តាធនធានមនុស្ស, កត្តាសម្ភារៈ និងកត្តាហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ឯកឧត្តមបណ្ឌិត អ៉ិត សំហេង លើកឡើងថា ការធានានូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តអាទិភាពដែលត្រូវបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដើម្បីចូលរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងន័យនេះ ក្រោមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះត្រូវបានទទួលស្គាល់ថាកាន់តែមានភាពចាស់ទុំ ដែលធានាបាននូវភាពសុខដុមរមនា និងភាពទាក់ទាញសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។

អត្រាសះជានៅក្នុងការដោះស្រាយវិវាទការងារដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការកើនឡើងជាលំដាប់ ដែលកត្តានេះ សបញ្ជាក់ឱ្យឃើញអំពីប្រសិទ្ធភាពនិងសមត្ថភាពរបស់មន្ត្រីផ្សះផ្សាវិវាទនិងភាពចាស់ទុំនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ផងដែរថា វិវាទការងាររួមដែលដោះស្រាយមិនសះជាដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានទទួលស្គាល់ថាជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលបានដោះស្រាយសះជាក្នុងអត្រា ៧០%នូវវិវាទការងាររួមដែលក្រសួងបានបញ្ជូនទៅ។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ស្តីពីការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែប្រកាន់ខ្ជាប់នូវការរៀបចំនូវកិច្ចសន្ទនាសង្គមដើម្បីដោះស្រាយនូវរាល់បញ្ហាពាក់ព័ន្ធនឹងត្រីភាគី៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook