Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ប្រាប់​កម្ពុជា​ថា «​នឹង​ចងចាំ​ជានិច្ច​» ចំពោះ​ការ​ផ្តល់ជំនួយ​វេជ្ជសាស្ត្រ​ប្រឆាំង​កូ​វីដ​-១៩

រាជធានីភ្នំពេញ៖ លោក សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​ផ្ញើលិខិត​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ថ្លែងអំណរគុណ​មក​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​បរិក្ខារ​វេជ្ជសាស្ត្រ​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩ ដល់​នេ​ប៉ាល់​។ លិខិត​របស់លោក ធ្វើឡើង​តាំងពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ តែ​ទើបនឹង​ត្រូវបាន​​ផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​។​

លោក សា​ម៉ា អូ​លី មើលឃើញថា កម្ពុជា បាន​ឈរ​នៅ​ជាមួយ​នេ​ប៉ាល់ ក្នុង​ការចូលរួម​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ លោក ចាត់ទុក​ការផ្តល់​ជំនួយ​របស់​ក​ម្ពុ​ជា ថា​ជា​សក្ខីភាព ដែល​បញ្ជាក់​អំពី​មិត្តភាព​និង​សាមគ្គីភាព​រវាង​កម្ពុជា​និង​នេ​ប៉ាល់​។ លោក មានប្រសាសន៍​ទៅកាន់​សម្តេច ហ៊ុន សែន ថា​៖«​យើង នឹង​ចងចាំ​ជានិច្ច​នូវ​ការគាំទ្រ​និង​សុ​ឆន្ទៈ​នេះ​»​។

​បន្ថែម​ពីនេះ លោក វាយតម្លៃថា កម្ពុជា​និង​នេ​ប៉ាល់ កំពុង​រីករាយ​នឹង​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ដែល​មិន​ធ្លាប់មាន​ពីមុនមក ចាប់​តាំង​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ ត្រូវបាន​បង្កើតឡើង​។ លោក ជឿជាក់ថា ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ នឹង​ត្រូវបាន​ពង្រឹង​បន្ថែមទៀត​។ នៅ​ឆ្នាំ​២០២១ គឺជា​ខួប​លើក​ទី​៤៥​ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា​និង​នេ​ប៉ាល់​។

​កាលពីដើម​ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា បាន​ដឹក​ម៉ាស់​ជិត​២​លាន និង​បរិក្ខារ​វេជ្ជសាស្ត្រ​ផ្សេងទៀត សម្រាប់​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ទៅជូន​រដ្ឋាភិបាល​នេ​ប៉ាល់​។ ក្រៅពី​នេ​ប៉ាល់ នៅមាន​ប្រទេស​៣​ទៀត គឺ​ឡាវ មី​យ៉ាន់​ម៉ា និង ទី​ម័​រ​ខាងកើត ក៏​ទទួលបាន​ជំនួយ​នេះ​ពី​កម្ពុជា​ដែរ​។ ម៉ាស់​និង​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ ដែល​ប្រទេស​ទាំង​៣​នេះ ទទួលបាន​ពី​កម្ពុជា គឺមាន​ចំនួន​ប្រហាក់ប្រហែល​នឹង​នេ​ប៉ាល់​  ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook