Connect with us

កងកម្លាំងប្រដាប់អាវុធ

បទយកការណ៍៖ ដំណាំម្អមជាប្រភពចំណូលមួយរបស់ប្រពលរដ្ឋនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល

បាត់ដំបង៖ ដំណាំម្អមនេះពីមុនមានដុះតាមដីសើម ដី ទំនាប វាលស្រែ ដុះជាមួយស្រូវ និងមានតែរដូវវស្សាប៉ុណ្ណោះ តែឥឡូវនេះដោយ សារមានភាពជឿនលឿន ប្រជាកសិករនាំគ្នាប្រើវិធីសាស្រ្ដនិងបច្ចេកទេសកសិកម្មអាចដាំបានគ្រប់រដូវកាល ដើម្បីទទួលទាននិងបំពេញតម្រូវការទីផ្សារ។

បើយើងធ្វើដំណើរចេញពីទីរួមខេត្តបាត់ដំបងតាមផ្លូវជាតិលេខ៥ឆ្ពោះទៅស្រុកថ្មគោល ប្រមាណ១៥គីឡូ ម៉ែត្រ បត់ស្ដាំដៃនោះ យើងនឹងបានឃើញខ្លោងវត្តមួយឈ្មោះថាវត្តត្រស់ បន្ទាប់មកចូលតាមផ្លូវខ្លោងទ្វារវត្តប្រហែល៤គីឡូម៉ែតទៀត យើងហ្នឹងទៅដល់ចំការម្អមពលរដ្ឋមួយកន្លែងដែលអ្នក ស្រុកឲ្យឈ្មោះថាចំការម្អម ស្រែ។

ក្នុងវ័យ៦១ឆ្នាំ ស្លៀកសំពត់បៃតង អាវដៃវែង កំពុងអង្គុយយោលអង្រឹងក្រោយផ្ទះ អ្នកស្រី កក ស្រីកង មានដី១០ហិតា ជាអ្នកដាំដំណាំម្អមដំបូងគេនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោលបានឲ្យដឹងថា គាត់បានដំាដំណាំម្អមនេះមានរយៈពេល២២ ឆ្នាំ មកហើយ ពីដំបូងអ្នកស្រីដាំតិចតូចប៉ុណ្ណោះ មានម្អម មានជីរ មានជីរសាំងហ៊ុមនិងភ្លៅកង្កែប ផង ។ អ្នកស្រីបន្ដថា ដោយមានតម្រូវការទីផ្សារមានការកើនឡើង អ្នកស្រីក៏បន្ដដាំដំណាំម្អមនេះកាន់តែច្រើន ដោយជួលកម្មកររហូត ដល់១៧នាក់ក្នុងមួយថ្ងៃក្នុងការប្រមូលផល ។

អ្នកស្រីបន្ថែមថា « អ្នកស្រុកអ្នកភូមិគេឃើញយើងធ្វើកើតគេម៉ាចំហៀងខាងនុះក៏គេដាំម្អមដែរ ដាំលក្ខណៈគ្រួសារដូចយើងដែរ ចឹងក៏គេប្រជ្រៀតចូលទីផ្សារ យើងថយ ពី១០០ថង់មកនៅត្រឹម ៦០ថង់អីទេ ចឹងចំណូលក៏តិច កម្មករយើងថយអស់ ៧ នាក់ នៅសល់តែ១០នាក់ » ។

លើសនេះអ្នកស្រីថា បច្ចុប្បន្នដំណាំម្អមអ្នកស្រី មានមួយហិកតា ការដាំមិនលំបាកថែទាំប៉ុន្មានទេ ដោយចាប់ផ្ដើមវាយដីឬធ្វើដីឲ្យស្អាតល្អ មានទឹកគ្រប់គ្រាន់ បន្ទាប់មកដាក់ស្ទូងម្អម និងដាក់ជីធម្មជាតិតិចតួច ។ អ្នកស្រីថា ដំណាំនេះបើប្រើប្រាស់ជីបានគ្រប់គ្រាន់ រយៈពេលត្រឹម២ខែអាចប្រមូលផលបានហើយ តែបើការដាំមិនប្រើប្រាស់ជីនោះទេ រយៈពេល៣ខែទើបអាចប្រមូលផល ។

អ្នកស្រីបន្ដបញ្ជាក់ថា៖ « បើយើងបាចជីវាខ្លាំង វាពីរខែអីយើងបានកាត់ តែបើយើងទុកតាមធម្មជាតិ ម្អមយើងវាច្រើន យើងមិនចេះតែគំហុកបាចទេបើកាលណាយើងគំហុកបាច ម្អមហ្នឹងវាលាស់ឡើងមកលឿន វារហ័សលឿង រហ័សខូច យើងកាត់អត់ទាន់ ចឹង យើងតាមដំណើរ បើទុកតាមធម្មជាតិ បើខែប្រាំងដឹងតែ៣ ខែហើយ ព្រោះខែប្រាំងខែក្ដៅចឹងយើងដាំទម្រាំតែនឹងកើត តែបើខែវស្សា អាហ្នឹងរហ័ស សឹងតែមួយខែកន្លះចង់បានកាត់ » ។

អ្នកស្រីបន្ថែមថា៖ រយ:ពេល ២២ឆ្នាំនេះ សម្រាប់ទីផ្សារលក់មានការចុះកុងត្រាជាមួយផ្សារបឹងឈូកនិងផ្សារភួ ពុយ ដោយមានម៉ូយប្រហែល៣០ នាក់ចាំទទួលទិញ ។លើសពីនេះ អ្នកស្រីថា « និយាយពីមុន ដូចថាយើង ១០០ថង់ចឹងហ្អា យើងឲ្យទៅកម្មករ៧០ថង់ចឹងយើងសល់៣០ថង់អាហ្នឹងយើងសល់ចំណូលច្រើន ក្រោយពីកាត់កម្មករហើយ មួយថ្ងៃសល់៥ម៉ឺនរៀលចុះ» ។

អ្នកស្រីលើកឡើងថា ឥឡូវនេះអ្នកស្រីជួលកម្មករសម្រាប់ប្រមូលផល ចំនួន ១០នាក់ក្នុងមួយថ្ងៃម្នាក់តម្លៃ២ម៉ឺនរៀល មួយទៀត កម្មករអត់ការងារធ្វើអាចមានការងារធ្វើនៅជិតផ្ទះដោយមិនចាំបាច់ប្រថុយ ប្រថានចំណាកស្រុកទៅក្រៅប្រទេសដោយខុសច្បាប់នោះ ។

អ្នកស្រីបញ្ជាក់ថា ដំណាំម្អមនេះ « ជួយដោះស្រាយសព្វគ្រប់ហ្នឹងម្អមហ្នឹងឯង កម្មវិធីបុណ្យ កម្មវិធីការ យើងឈឺឬក៏យើងខ្វះខាតអានេះអានោះអីគឺគាត់ហ្នឹងឯង អ្នកជួយយើង បានជួយយើង »។
អ្នកស្រីក៏មានសូមសំណូមពរថា« បើសិនណាជាគេរកទីផ្សារឲ្យខ្ញុំបាន អាម្អមធម្មជាតិ ខ្ញុំអាចធ្វើកើត ម្អមខ្ញុំបាញ់គីមីផ្សេង ម្អមធម្មជាតិបាន ក៏ប៉ុន្ដែគ្មានអ្នកណាសម្រាប់នាំចេញ» ។

លោក នូ សម្បត្តិ ប្រធានការិយាល័យកសិកម្មស្រុកថ្មគោលនៃខេត្តបាត់ដំបងបានលើកឡើងថា៖កន្លងទៅ ប្រភេទម្អមនេះមិនមែនជាដំណាំលេចធ្លោខ្លាំងទៅតាមស្ដង់ដារឬជាបន្លែយុទ្ធសាស្រ្ដដូចបន្លៃដទៃទៀតនោះទេដំណាំម្អមនេះជាប្រភេទគ្រឿងបន្ទាប់បន្សំ ដូច្នេះតម្រូវការទីផ្សារវាអាស្រ័យទៅលើការចង់បានរបស់ប្រជាពលរដ្ឋនិយមបរិភោគ ។

លោកបានបន្ថែមថា៖«ឱកាសដ៏ល្អបំផុតនៅពេលដែលខ្ញុំ ធ្វើរបាយការណ៍មួយ ជូនទៅខាងកម្មវិធីអាស្ប៉ាយថ្នាក់ខេត្តដើម្បីឲ្យគាត់ជួយ រាវរកទីផ្សារ ឱកាសចុងក្រោយបើមានការបញ្ជាទិញច្រើនអី យើងនឹងជំរុញឲ្យគាត់បន្ថែមទៀត ប៉ុន្ដែវាទាល់តែយើងដាក់ផ្សព្វផ្សាយជាចំហ ហើយអាការដាំរបស់ប្រជាកសិករហ្នឹង ទាល់តែមានការបញ្ជា ទិញ មកកម៉្មង់អីចឹងទៅ យើងវាងាយស្រួល ដើម្បីឲ្យកសិករគាត់ផលិតទៅតាមតម្រូវការ ព្រោះចៀសវាងដែលដាំបានហើយអត់មានទីផ្សារទៅវិញនាំឲ្យគាត់ខាតបង់» ។

ដំណាំម្អមជាប្រភេទតិណជាតិម្យ៉ាងមានក្លិនឈ្ងុយ ជាថ្នាំបញ្ចុះកម្ដៅព្យបាលជម្ងឺផ្លូវដង្ហើមផ្ដាសាយ និងជាអាហារូបត្ថម្ភដ៏មានសារសំខាន់ ។ ប្រជាពលរដ្ឋខ្មែរតាំងពីបុរាណកាលចូលចិត្តនិយមទទួលទាន ជាគ្រឿងផ្សំផ្សេងៗ សម្រាប់បង់ជាមួយសម្លឬស៊ុប ធ្វើអន្លក់ជ្រលក់ជាមួយប្រហុកជាដើម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook