Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រគម្រោងរៀបចំកម្មវិធី ពិភាក្សាតស៊ូមតិ « ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំដែងការគាំទ្រ ចំពោះគម្រោងរៀបចំកម្មវិធី ពិភាក្សាតស៊ូមតិ « ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ » ដែលរៀបចំ ឡើងដោយ សាលា ACE និង idp ធ្វើនៅរាជធានីភ្នំពេញ ដែលអាចចូលរួមដោយផ្ទាល់ និងតាមប្រពន្ធ័ វីដេអូ អនឡាញ។ ការគាំទ្ររបស់ឯកឧត្តមរដ្ឋមន្ត្រីតបតាមការស្នើសុំការគាំទ្រ របស់លោក យស ថានិន្ទ នាយកគណៈគ្រប់គ្រងកម្មវិធីពិភាក្សាតស៊ូមតិ (Cam DEBATE )។

នៅក្នុងឱកាសទទួលជួបលោក យស ថានិន្ទ នាយកគណៈគ្រប់គ្រងកម្មវិធីពិភាក្សាតស៊ូមតិ (Cam DEBATE ) នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានសំដែងនូវការគាំទ្រចំពោះគំនិតរបស់ គណៈគ្រប់គ្រងកម្មវិធីពិភាក្សាតស៊ូមតិ (Cam DEBATE ) និងបានចូលរួមជាថវិកាចំនួន ២ លានរៀល សម្រាប់ការរៀបចំកម្មវិធីពិភាក្សាតស៊ូមតិ « ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ » ។

ក្នុងឱកាសនោះ លោក យស ថានិន្ទ នាយកគណៈគ្រប់គ្រងកម្មវិធីពិភាក្សាតស៊ូមតិ (Cam DEBATE ) បានឱ្យដឹងថា ការគោរពស្នើសុំការគាំទ្រ សម្រាប់កម្មវិធីពិភាក្សាតស៊ូមតិ ដែលនឹងចាប់ផ្តើមប្រកួត ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដែលកម្មវិធីពិភាក្សានេះផ្តោតទៅលើសង្គម ការអប់រំ បច្ចេកវិទ្យា និងបរិស្ថាន ក្នុងគោលបំណងចង់ឱ្យកម្មវិធីនេះផ្សព្វផ្សាយបានទូលំទូលាយ ដើម្បីសិស្សានុសិស្ស និងយុវជន កម្ពុជា ពិសេសនៅតាមបណ្តាខេត្ត ជនបទ ឆ្ងាយៗ ទទួលបានព័ត៌មាន។ ពាក់ពន្ធ័កម្មវិធីនេះដែរ ក៏និយាយពីបញ្ហាទូទៅ ទាក់ទង សង្គមជាតិ ក៏ដូចជាការអភិវឌ្ឍ ការអប់រំ វិស័យបច្ចេកវិទ្យា បរិស្ថាន និងកិច្ចការងារមួយចំនួនទៀត ដែលកូន សិស្ស និង យុវជនត្រូវដឹង ។

លោក យស ថានិន្ទ បានបន្ដថា កម្មវិធីនេះ ធ្វើឡើងគឺដើម្បីចង់ផ្តល់ជាការអប់រំ បទពិសោធន៍ទៅឱ្យ សិស្ស និស្សិត និងយុវជនកម្ពុជាយើង មានឱកាសចូលរួមប្រកួតកម្មវិធីតស៊ូមតិ ដែលអាចឱ្យអ្នកចូលរួមហ៊ានឡើង និយាយជាសាធារណៈ ក្នុងការតស៊ូមតិ។ ទន្ទឹមនេះអ្នកចូលរួមនឹងទទួលបានការអប់រំបន្ថែម ទាក់ទងកិច្ចការដែលត្រូវអនុវត្តន៍ដោយខ្លួនឯងផ្ទាល់ ហើយជាឱកាសសម្រាប់ការសិក្សាបន្ថែម ពីការតស៊ូមតិ និងការនិយាយជាសាធារណៈ ។
លោកនាយក បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលបានគាំទ្រ និងផ្តល់ថវិកា ដល់កម្មវិធី ហើយថវិកាទាំងនេះ ក្រុមការងារនឹងយកទៅសិក្សាបន្ថែម តើអាចជួយអ្វីបាន ដល់កូនក្មេង ពិសេសកូនសិស្សតាមបណ្តាខេត្ត ដែលត្រូវការជួយគាំទ្រ និងឧបត្តម្ភ សម្រាប់ដំណើរការសិក្សារៀនសូត្រ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook