Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រុមហ៊ុននិងសង្គមស៊ីវិលចិនចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជន១៨២៤គ្រួសារ នៅឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង

ស្វាយរៀង៖ ព្រឹកថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីចែកចង្ក្រានព្រៃមាន់ខ្មែរសន្សំសំចៃថាមពលចំនួន១៨២៤ជូនដល់ប្រជាជន១៨២៤គ្រួសាររស់នៅឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមរយៈលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់លោក BAO JI អគ្គនាយកក្រុមហ៊ុនGuangzhou Iceberg Environmental Consulting Services Co., Ltd. និងលោក WANG KE ប្រធានក្រុមប្រឹក្សាភិបាលអង្គការមូលនិធិPEACE LANDដែលបានផ្តល់អំណោយ១៨២៤ចង្ក្រានសម្រាប់ត្រៀមចូលទៅកាន់ផ្ទះបាយរបស់ប្រជាជននៅឃុំគគីរសោមនាថ្ងៃនេះមិនត្រឹមតែបានចូលរួមលើកសម្រស់ផ្ទះបាយនិងទឹកចិត្តរីករាយរបស់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ការលើកកម្ពស់សុខភាពតាមរយៈការបំភាយកាបូនតិចដោយការកាត់បន្ថយការបំពុលដោយផ្សែងនិងការប្រើប្រាស់អុសកាន់តែតិច។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជា មុនីឫទ្ធិ ក៏បានឧទ្ទេសនាមជូនលោកជំទាវរដ្ឋមន្ត្រីនិងអង្គពិធីទាំងមូលពីសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន និងពីវិធីសាស្រ្តថែទាំចង្ក្រានដើម្បីចូលរួមក្នុងសហគមន៍រួមជីវិតរវាងមនុស្សនិងធម្មជាតិថែមទៀតផង។

ក្រោយពីស្តាប់យ៉ាងយកចិត្តទុកដាក់ពីវិធីប្រើប្រាស់ចង្ក្រានដោយកាត់បន្ថយការប្រើប្រាស់អុស លោក គឹម ឃិន មេឃុំគគីរសោមបានថ្លែងអំណរគុណដល់ក្រុមហ៊ុននិងសង្គមស៊ីវិលចិនដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងបានធ្វើទំនើបកម្មសម្ភារៈទំនើបដើម្បីបំពេញបាននូវតម្រូវការជាក់ស្តែងរបស់សាលាឃុំក្នុងការបម្រើសេវាសាធារណៈកាន់តែប្រសើរដល់ប្រជាជននៅមូលដ្ឋានថែមទៀតផង។

អង្គពិធីទាំងមូលបានថ្លែងអំណរគុណដល់មិត្តចិន ហើយជាពិសេសក៏បានចូលរួមចំណែកក្នុងការអបអរសាទរសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន និងអបអរសាទរចំពោះមគ្គុទេសក៍ភាពរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងការដឹកនាំប្រទេសចិនតាមលំអានទំនើបកម្មសង្គមនិយមតាមបែបផែនចិនផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook