Connect with us

កងកម្លាំងប្រដាប់អាវុធ

បទយកការណ៍៖សិប្បកម្មសេរ៉ាមិចមួយកន្លែងក្នុងខេត្ត សៀមរាប កំពុងផលិតកែច្នៃវត្ថុប្រើប្រាស់ពីដីឥដ្ឋនិងបន្តបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ

កុលាលភាជន៍ គឺជាការសូនរូបដែលធ្វើឡើងអំពីដី មានដូចជា៖ ចាន ពែង ប៉ាន់តែ ក្អម ថូផ្កា និងរបស់តាំងលម្អនៅតាមគេហដ្ឋានផ្សេងៗ។ កុលាលភាជន៍ គឺជាសិល្បៈប្រពៃណី ដែលមានវ័យចំណាស់ដ៏យូរលង់ណាស់មកហើយ។ រហូតមកដល់បច្ចុប្បន្ននេះ ការសិក្សាពីកុលាលភាជន៍ គឺមានសារសំខាន់ណាស់ ដើម្បីដឹងពីការរស់នៅរបស់មនុស្សសម័យបុរាណ ហើយត្រូវបានចាត់ទុកថា ជាវត្ថុដ៏មានតម្លៃមួយ ក្នុងការសិក្សាស្រាវជ្រាវពីអតីតកាល។

សិប្បកម្មសេរ៉ាមិច មួយកន្លែងនៅក្នុងខេត្តសៀម រាប កំពុងផលិតកែច្នៃវត្ថុប្រើប្រាស់ ពីដីឥដ្ឋ និងបន្តបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ កុលាលភាគជន៍មានសារសំខាន់ខ្លាំងណាស់ ដើម្បីឱ្យអ្នកសិក្សាស្រាវជ្រាវ អាចដឹងអំពីជីវភាពរស់នៅទូទៅ របស់មនុស្សនាសម័យបុរាណ។ កុលាលភាជន៍ ដែលបានរកឃើញទាំងអស់ ត្រូវបានថែរក្សាទុក ដើម្បីជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ។ ដើម្បីរួមចំណែកបន្តថែរក្សា មរតកដូនតា ដែលបានបន្សល់ទុកសម្រាប់កូនខ្មែរ អស់រយៈកាលដ៏យូរលង់ណាស់មកហើយនោះ បច្ចុប្បន្ននេះ មានសិប្បកម្មផលិតកែច្នៃវត្ថុប្រើប្រាស់ ពីគ្រឿងស្មូនឆ្នាំងមួយចំនួន បាននិងកំពុងសិក្សា និងខិតខំកែច្នៃ ឧបករណ៍ប្រើប្រាស់ផ្សេងៗពីគ្រឿងស្មូនឆ្នាំងទាំងនេះ។

ជាក់ស្តែងលោកសុន សីហៈ ម្ចាស់សិប្បកម្មមរតកសេរ៉ាមិច មានទីតាំងក្នុងក្រុងសៀមរាប បានឱ្យដឹងថា៖ លោកបានសិក្សាស្វែងយល់ការផលិតកុលាលភាជន៍តាំងពីឆ្នាំ២០០៣មក ខណៈដែលគ្រួសាររបស់លោកជាច្រើនជំនាន់មកហើយ បានប្រកបអាជីវកម្មផលិតកែច្នៃកុលាលភាជន៍នេះនៅក្នុងខេត្តកំពង់ឆ្នាំង។ លោកបន្តថា៖ក្រោយពេលពិនិត្យឃើញថា ខេត្តសៀមរាប មានទីតាំងឡពីសម័យបុរាណជាច្រើន ដូច្នេះចាប់ពីឆ្នាំ២០១៥ លោកក៏បានសម្រេចចិត្តដំណើរការអាជីវកម្មផលិតកុលាលភាជន៍លើទឹកដីខេត្តសៀមរាប។

«សិប្បកម្មមួយនេះគឺខ្ញុំបានសិក្សាមើលថា វាជាអាជីវកម្មប្រវត្តិសាស្រ្តមួយ ដែលមានតាំងពីសម័យបុរេប្រវត្តិមក រហូតមកដល់ឥឡូវវារាប់ពាន់ឆ្នាំដែរហើយ ។អ៊ីចឹងយើងឃើញមានឡបុរាណ ដូចជាឡតានី ឡសសីរ និងឡអន្លង់ធំនៅភ្នំគូលែន។អ៊ីចឹងខ្ញុំបានសិក្សាគិតមើលថា ឥឡូវនេះនៅខេត្តសៀមរាបអត់មានអ្នកបន្តអាជីពហ្នឹង មានតែកំពង់ឆ្នាំង ប៉ុន្តែឡបុរាណជាច្រើនមាននៅទឹកដីខេត្តសៀមរាប អ៊ីចឹងដើម្បីថែរក្សាកេរដំណែលវប្បធម៌ដូនតាខ្ញុំក៏សម្រេចចិត្តរើសទីតាំងនៅខេត្តសៀមរាប ដើម្បីថែរក្សាប្រពៃណីមួយនេះ ឱ្យបន្តដល់កូនខ្មែរជំនាន់ក្រោយៗទៀត» ។

លោកបានបន្តទៀតថា៖ ដំណើរការផលិតកុលាលភាជន៍របស់សិប្បកម្មលោកមានភាពខុសប្លែកជាងមុនបន្តិច ។ទាំងនេះអាស្រ័យដោយលោកសង្កេតឃើញថា កុលាលភាជន៍ពីសម័យបុរាណ មានស្រទាប់រលោងស្អាត ដូច្នេះទើបលោកបានកែច្នៃកុលាលភាជន៍ដែលផលិតនេះឱ្យមានស្រទាប់រលោង ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់។ លោកថា៖ បច្ចុប្បន្នសិប្បកម្មលោក មានលទ្ធភាពផលិតកុលាលភាជន៍ សម្រាប់លក់ជូនភ្ញៀវ មិនក្រោម២០០ប្រភេទឡើយ។

«វាខុសគ្នាជាមួយខាងកំពង់ឆ្នាំងបន្តិចណា ដោយសារអីជាលក្ខណៈសិប្បកម្មប្រពៃណី អ៊ីចឹងយើងមើលឃើញថាភាជន៍នៅឡបុរាណ នៅសារមន្ទីរអីច្រើនជំនាន់មុនមក មានស្រទាប់រលោង អ៊ីចឹងបានខ្ញុំផ្លាស់ប្តូរថា ដើម្បីកែច្នៃឱ្យរបស់ហ្នឹងអាចប្រើប្រាស់បានទូទៅ គឺយើងត្រូវប្រើឱ្យមានស្រទាប់រលោង ដូចរបស់បុរាណពីមុនមក ដូចសម័យសតវត្យទី៩ ទី១០ សតវត្យទី១ ទី២អ៊ីចឹងមក។ អ៊ីចឹងខ្ញុំក៏ចាប់ផ្តើមធ្វើកែច្នៃ មានរបស់ប្រើប្រាស់ច្រើន ដូចជាចាន កែវ ថូផ្កា រូបប៉ាន់តែ រូបសំណាកព្រះពុទ្ធ។ និយាយទៅយើងធ្វើបានច្រើន រូបសត្វ មានឆ្នាំទាំង១២ មានកែវឆ្លាក់ឈ្មោះ ហើយតាមសណ្ឋាគារនិងភោជនីយដ្ឋាន គាត់កម្ម៉ង់លក្ខណៈប្រើប្រាស់ឆ្លាក់ជាLogoឱ្យគាត់បាន » ។

លោកសុន សីហៈ បានបន្ថែមទៀតថា៖ ទម្រំាអាចផលិតចេញជារូបរាងវត្ថុប្រើប្រាស់ពីកុលាលភាជន៍បានមួយៗ មិនងាយស្រួលឡើយ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ដោយចំណាយពេលច្រើនសប្តាហ៍ទើបអាចឱ្យកុលាលភាជន៍ផលិតបានរឹងមាំល្អ។

ជាពិសេសការជ្រើសរើសប្រភេទដីឥដ្ឋ មកប្រើប្រាស់ ត្រូវយកដីមកពីតំបន់ខ្លះនៃស្រុកបន្ទាយស្រី និងយកដី មកពីខេត្តកំពង់ឆ្នាំងតែប៉ុណ្ណោះ។ លោកសុន សីហៈ ក៏កំពុងសិក្សាបន្ត ដើម្បីស្វែងរកដី ពីតំបន់ផ្សេងៗទៀត ដែលអាចមកផលិតជាកុលាលភាជន៍បាន។សំឡេង៣«យើងត្រូវយកដីមកត្រាំទឹក ហើយកូររែងវាយកគ្រួសយកថ្មអីចេញ។ អ៊ីចឹងទៅបានយើងយកកកូរផុកដែលយើងត្រងដូចច្រោះម្សៅចឹង ហើយយើងយកមកហាលឱ្យវាស្រក់ទឹកអស់ ដើម្បីដីហ្នឹងល្មមយកមកអាចធ្វើជារូបរាងវត្ថុបានហ្នឹង។

បន្ទាប់ពីហាលដីហើយ យើងយកមកលុញយកមកប៉ន់វាឱយណែនចូលគ្នា ដើម្បីឱ្យដីហ្នឹងល្អហើយ យើងយកទៅធ្វើរូបរាង ហើយបន្ទាប់ធ្វើរូបរាងចេញហើយ យើងយកទៅឆាបសម្អាត ឆ្លាក់ក្បាច់បន្តបន្ទាប់គ្នាទៅ បានយើងហាលសំដិលទុករយៈពេលតូច អាចមួយសប្តាហ៍ បើធំ២ទៅ៣សប្តាហ៍បានយើងអាចយកទៅដុតបាន។

ហើយយើងដុតធ្វើដំណាក់កាល២ដង។ យើងដុតលើកទី១ចំណាយពេល៩ទៅ១០ម៉ោង កម្តៅ៩០០អង្សា បានយើងយកចេញមកខាត់សម្អាតយើងជ្រលក់ពណ៌ដុតលើកទី២ទៀត ចំណាយពេល១៦ម៉ោង កម្តៅ១៣០០អង្សា អាហ្នឹងអាចរឹងមាំអាចដាក់ទឹកក្តៅទឹកត្រជាក់បាន អត់ប្រែប្តូរពណ៌ទេ ដោយសារពណ៌ទាំងអស់យើងដុត អ៊ីចឹងជាកុលាលភាជន៍មួយរឹងមាំ» ។

ម្ចាស់សិប្បកម្មផលិតកុលាលភាជន៍រូបនេះបានឱ្យដឹងទៀតថា៖ វត្ថុឬរបស់ប្រើប្រាស់ដែលផលិតពីកុលាលភាជន៍ មិនត្រឹមតែមានគុណភាពល្អ ស្រស់ស្អាត ជាប់បានយូរអង្វែង អាចដាក់ម្ហូបអាហារក្តៅនិងត្រជាក់បានជាច្រើនម៉ោងប៉ុណ្ណោះទេ ថែមទាំងមិនប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ ព្រោះវត្ថុធាតុដើម ត្រូវយកមកពីក្នុងតំបន់ដីដែលល្អក្នុងប្រទេស ។

«របស់ដែលយើងធ្វើនៅទីនេះគឺវត្ថុធាតុដើមនៅក្នុងស្រុក យើងផ្តល់កំដៅខ្ពស់ទៅអត់មានផលប៉ះពាល់សុខភាព មិនមានជាតិគីមីអីទេ ព្រោះយើងប្រើរបស់ធម្មជាតិ ចំពោះគុណភាពវាធន់ កំដៅរបស់ធ្វើពីដីឥដ្ឋប៉ុន្តែដីឥដ្ឋធម្មតាដែលយើងច្នៃឱ្យមានគុណភាពខ្ពស់ វាមិនរឹងដូចជាថ្ម ប៉ុន្តែដីខ្លះក៏ធ្លាក់ទៅបែក។ ហើយបើជាឈើក៏នៅតែបែកដែរ ប៉ុន្តែអានេះវាស្វិតវារឹងជាងមុន យើងអាចប្រើដាក់ទឹកក្តៅទឹកត្រជាក់ និងម្ហូបអាហារបានដោយវាធន់ជាង មុន » ។

លោកសុន សីហៈ ម្ចាស់សិប្បកម្មមរតកសេរ៉ាមិចក្រុងសៀមរាប បានបន្តទៀតថា៖ ក្នុងអំឡុងពេលកូវីដ-១៩ មានការធ្លាក់ចុះភ្ញៀវបរទេសក៏ពិតមែន ប៉ុន្តែអតិថិជនក្នុងស្រុក ហាក់ងាកមកគំាទ្រ ផលិតផលដែលផលិតដោយស្នាដៃកូនខ្មែរ ធ្វើឱ្យដំណើរការលក់កុលាលភាជន៍ មិនមានផលប៉ះពាល់ឡើយ។ តែបច្ចុប្បន្ននេះ ដោយសារកំណើនភ្ញៀវទេសចរ ហាក់មានសន្ទុះកើនឡើង អត្រាលក់ចេញកុលាលភាជន៍ក៏មមាញឹកជាខ្លាំង។ លោកឱ្យដឹងទៀតថា៖ កុលាលភាជន៍ដែលផលិតបាន ទោះបីចំណាយពេលយូរ តែការលក់ចេញមានតម្លៃសមរម្យសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយផលិតផលខ្លះមានតម្លៃចាប់ពី១ដុល្លាររហូតដល់១០០ដុល្លារជាដើម ទៅតាមទំហំតូចឬធំ ឬតាមការកម្ម៉ង់របស់អតិថិជន។

«ពីមុនយើងអត់បានចាប់អារម្មណ៍ប៉ុន្តែនៅក្នុងអំឡុងជំងឺកូវីដ ឃើញភ្ញៀវខ្មែរយើងមានការគាំទ្រច្រើន ដោយគាត់ភាគច្រើនគាត់មានបេះដូងជាតិនិយម គាត់ផ្លាស់ប្តូរជួយផលិតផលក្នុងស្រុកយើង។ អ៊ីចឹងយើងបានដឹងមួយហើយ ដោយពីមុនយើងអត់បានចាប់អារម្មណ៍ យើងមើលរំលង មកដល់ពេលនេះយើងស្ងាត់កូវីដ យើងមានភ្ញៀវទេសចរ របស់យើងមកវិញ ។អ៊ីចឹងយើងលក់បានទាំងភ្ញៀវទេសចរ បរទេសទាំងភ្ញៀវខ្មែរយើង ហើយអ្នកដែលកម្ម៉ង់យើងទៅលក់បន្ត កាលជំងឺកូវីដគាត់អត់បានបើកទេ តែឥឡូវគាត់បានបើកវិញ យើងក៏មានការរវល់ច្រើន» ។

លោកបន្តថា៖ ក្រៅពីការចូលរួមចំណែកលើកកម្ពស់គុណតម្លៃកុលាលភាជន៍ដល់ជនរួមជាតិ និងអន្តរជាតិបានស្គាល់ហើយនោះ សិប្បកម្មរបស់លោកក៏មានបើកវគ្គបណ្តុះ បណ្តាលរយៈពេលខ្លី សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ បានចូលមកទស្សនានិងសិក្សាស្វែងយល់ អំពីដំណើរការផលិតកុលាលភាជន៍ខ្មែរផងដែរ។

«យើងមានវគ្គសិក្សាខ្លីរយៈពេលពីរម៉ោង ទាំងបរទេសនិងខ្មែរយើង គាត់អាចមករៀនធ្វើលេងបាន គាត់មានកូនតូចមនុស្សចាស់ គាត់ចង់មកសាកល្បងធ្វើដើម្បីចង់ដឹងថា កុលាលភាជន៍ធ្វើបែបម៉េច។យើងមានបង្រៀន ហើយមានវគ្គកម្មសិក្សា របស់សិស្សានុសិស្សផ្សេងៗ ធ្លាប់បានទទួលពួកគាត់គឺយើងមានការនិយាយប្រវត្តិសាស្រ្តប្រាប់គាត់អំពីកុលាលភាជន៍ មានប្រភពមកពីណាដើមកំណើតមកពីណា យើងក៏មានវគ្គបែបហ្នឹងដែរសម្រាប់ពួកគាត់ ។ហើយបងប្អូនប្រជាពលរដ្ឋខ្មែរយើងមកចឹងទៅគាត់អាចធ្វើលេងបាន គាត់នឹងទទួលបានវត្ថុអនុស្សាវរីយ៍មួយត្រឡប់ទៅវិញ ដើម្បីគាត់ធ្វើទៅដឹងថាចំណុចណាលំបាកចំណុចណាងាយស្រួល » ។

ជួបជាមួយអ្នកស្រីភារិទ្ធ ជាបុគ្គលិកបម្រើការងារនៅក្នុងសិប្បកម្មរមតកសេរ៉ាមិច មានទីលំនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបបានឱ្យដឹងថា៖ អ្នកស្រីបានចេះជំនាញផលិតកុលាលភាជន៍ជាច្រើនឆ្នាំមកហើយ ការហាត់រៀនកែច្នៃវត្ថុទាំងនេះ មិនងាយស្រួលឡើយ ត្រូវយកចិត្តទុកដាក់ខ្លាំង ជាពិសេសត្រូវមានទឹកចិត្តស្រឡាញ់វត្ថុសិល្បៈទាំងនេះផងដែរ។អ្នកស្រីបន្តថា៖ ទោះបីរៀនជំនាញមកជាច្រើនឆ្នាំក្តី តែដំណើរការផលិតកុលាលភាជន៍ នៅតែជួបបញ្ហាប្រឈមទាំងការឆ្លាក់រូប ការដុត និងការបែកបាក់នៃវត្ថុទាំងនោះជាដើម។

«ពេលធ្វើយើងមើលទៅដូចជាលឿនទេ តែទម្រាំយើងឆាបយកជើងវា និងបានវាស្ងួតយើងយកទៅបិទដៃ យើងឆ្លាក់យើងអីហ្នឹងយូរ មិនឃើញតែលឿនៗទេ យើងឆាបយកជើងបិទដៃអីយូរ ហើយយើងដុតយើងទុករយៈពេលមួយ១សប្តាហ៍ ។មានជួនខ្លះកើត ជួនខ្លះក៏បែក វាខ្យល់ខ្លាំងពេកទៅធ្វើឱ្យប្រេះដៃ ប្រេះបាតវាហ្នឹង មិនមែនថា យើងធ្វើហើយឈើឬក៏ថ្មអី តែយើងធ្វើហើយៗនោះអត់ទេ។ តែធ្វើហើយទុកអត់ស្រួលបែក ពេលដុតក៏បែកខ្លះដែរ ពេលខ្លះភ្ញៀវគាត់កម្ម៉ង់យើងដោយសារមានបែកខ្លះអ៊ីចឹងទៅ » ។

សិប្បកម្មមរតកសេរ៉ាមិច មានទីតាំងស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្ននៅក្នុងសិប្បកម្មមួយនេះ ក្រៅពីការដាក់តាំងបង្ហាញផលិតផលកែច្នៃពីកុលាលភាជន៍ជាច្រើនរាប់រយមុខហើយនោះ មួយផ្នែកទៀតក៏មានការតាំងបង្ហាញផលិតផលខ្មែរជាច្រើន ដែលភាគច្រើនៃផលិតផលទាំងនោះគឺផលិតដោយដៃផ្ទាល់ ឬការច្នៃប្រឌិតនានា ដូចជា៖ របស់ប្រើប្រាស់ផលិតពីដើមត្នោត ចម្លាក់ពីកំទេចអាចម៍រណារ គ្រឿងស្ពាន់ រូបចម្លាក់ រូបបដិមា កន្សែង សម្លៀកបំពាក់ និងវត្ថុជាច្រើនមុខទៀត។សូមជម្រាបផងដែរថា៖ កុលាលភាជន៍ គឺជាវត្ថុសិល្បៈ បុរាណមានដូចជា ភាជន៍ដី ចាន ឆ្នាំងឬក្អម ដែលធ្វើដោយដីឥដ្ឋ ដុតក្នុងសីតុណ្ហភាពខ្ពស់ សម្រាប់ដាក់ភោជនាហារបរិភោគ សម្ភារប្រើប្រាស់ និងតាំងលម្អគេហដ្ឋានជាដើម។

គ្រឿងស្មូនឆ្នាំង ក្អម ដែលភាសាបាលីហៅថា គ្រឿងកុលាលភាជន៍ គឺជាសិប្បកម្មប្រពៃណី ដែលបានបន្សល់ទុកពីបរមបុរាណរហូតមកដល់សព្វថ្ងៃនេះ នឹងត្រូវបានបន្តថែរក្សាដោយកូនខ្មែរជំនាន់ក្រោយ។ ការផលិតកុលាលភាជន៍ជាលក្ខណៈប្រពៃណីបច្ចុប្បន្ននេះ នៅតែឃើញមាននៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពត តាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែងជាដើម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook