Connect with us

កងកម្លាំងប្រដាប់អាវុធ

បទយកការណ៍៖ ប្រាក់សោធននិវត្តន៍របស់បុគ្គលិក កម្មករនិយោជិតបានចាប់ផ្តើមអនុវត្តន៍នៅខែតុលា ២០២២

ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ។ ប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជន ត្រូវបានចាប់ផ្តើមអនុវត្តន៍ចាប់ពីខែតុលាឆ្នាំ២០២២។

ប្រាក់សោធននិវត្តន៍ ក្នុងរយៈពេល៥ឆ្នាំដំបូង គឺ ភាគីកម្មករ- និយោជិត ត្រូវបង់ជាប្រចាំខែចំនួន២%នៃប្រាក់ខែគោល៣០០ដុល្លារសហរដ្ឋអាមេរិក ខណៈដែលភាគីនិយោជកឬថៅកែ ក៏តម្រូវឱ្យបង់វិភាគទាន២%ទៀតជាប្រចាំខែ។តើការអនុវត្តគោលនយោបាយនេះ មានចំណុចល្អ និងផលប៉ះពាល់អ្វីខ្លះ?ហើយអ្វីទៅជាប្រាក់សោធននិវត្តន៍?
កាលពីមុនយើងធ្លាប់បានឮហើយថា ប្រាក់សោធននិវត្តន៍ គឺមានសម្រាប់តែមន្ត្រីរាជការតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះរាជរដ្ឋាភិបាលក៏បានសម្រេចឱ្យបុគ្គលិក កម្មករនិយោជិត ទទួលបានប្រាក់សោធននិវត្តន៍ដែរ នៅពេលដល់អាយុដែលត្រូវចូលនិវត្តន៍។

ប្រាក់សោធននិវត្តន៍ គឺជាប្រាក់ដែលនិយោជករបស់អ្នករក្សាទុកនៅក្នុងជីវិតការងាររបស់លោកអ្នក សម្រាប់ឱ្យរស់នៅបាន នៅពេលលោកអ្នកចូលនិវត្តន៍ពីការងារ។ប្រាក់សោធននិវត្តន៍គឺមានសារសំខាន់សម្រាប់យើង ពីព្រោះយើងសន្សំបានកាន់តែច្រើន យើងនឹងមានប្រាក់កាន់តែច្រើនសម្រាប់ការចូលនិវត្តន៍របស់យើង។លោកលៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើងសង្គមយើងថា៖ រាជរដ្ឋាភិបាលដែលបានដាក់ចេញគោលនយោបាយផ្នែកប្រាក់សោធននេះ គឺមានសារសំខាន់សម្រាប់ការពារបងប្អូនជាសមាជិកប.ស.ស ដែលជាកម្មករនិយោជិត សម្រាប់ធានានូវសន្តិសុខប្រាក់ចំណូលនៅពេលដែលពួកគាត់ ចូលនិវត្តន៍។

«សន្តិសុខប្រាក់ចំណូល គឺមានន័យថា ដល់ពេលចាស់ជរាទៅយើងមិនចាំបាច់ពឹងកូន ឬសាច់ញាតិទាំងស្រុងទេ គឺយើងមានលទ្ធភាពដោយខ្លួនឯង ពេលចាស់ជរាយើងមានប្រាក់ចំណូល ។ ទី២ដល់ពេលយើងចូលនិវត្តន៍ យើងទទួលបានការគាំពារផ្នែកសុខភាព។ គោលការណ៍សន្តិសុខសង្គម គឺអ្នកអត់ឈឺជួយអ្នកឈឺ អ្នកមានចំណូលខ្ពស់ជួយអ្នកមានចំណូលទាប យើងសន្សំទុកដល់ពេលចូល និវត្តន៍។សន្តិសុខសង្គម អ្នកបង់វិភាគទានប៉ុន្មាន គឺទទួលបានសេវាថែទាំវេជ្ជសាស្ត្រស្មើភាពគ្នា»។

ប្រាក់សោធននិវត្តន៍ បានចាប់ផ្តើមអនុវត្តន៍ ចាប់ពីខែ តុលាឆ្នាំ២០២២។ប្រាក់សោធននិវត្តន៍ គឺ ភាគីនិយោជិតត្រូវបង់ជាប្រចាំខែចំនួន២%នៃប្រាក់ខែខ្ពស់បំផុត៣០០ដុល្លារសហរដ្ខអាមេរិក ខណៈដែលភាគីថៅកែក្រុមហ៊ុន ក៏តម្រូវឱ្យបង់វិភាគទាន២%ជាប្រចាំខែដែរ។លោកឡាត់ ម៉ារ៉ា អនុប្រធាននាយកដ្ឋានបញ្ជិកា និងវិភាគទាន នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្ថែមដូច្នេះថា៖
«ចឹងការបង់វិភាគទាន យើងចាប់ផ្ដើមពីថ្ងៃទី១ដល់ថ្ងៃទី១៥ខែវិច្ឆិកា ។ចឹងខែ១១ យើងកំពុង ប្រមូលប្រាក់វិភាគទាន។ បានន័យថាការបង់វិភាគទានយើងកំណត់យកចាប់ពីខែ១០ ប៉ុន្តែការប្រមូលយើងចាប់ផ្ដើមពីថ្ងៃទី១ដល់ថ្ងៃទី១៥ បានន័យថាសហគ្រាស និយោជក គាត់ចាប់ផ្ដើមបង់វិភាគទានមក ប.ស.ស ហើយការបង់នេះសង្កេតមើលទៅអត់មានបញ្ហាអ្វីនោះទេ»។

រីឯលោក តោ តារារិទ្ធ មន្ត្រីផ្នែកច្បាប់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាក៏បានលើកឡើងដែរថា៖ ចំពោះរឿងការបង់ប្រាក់សោធននិវត្តន៍នេះ ខាងសមាគម ក៏បានសហការជាមួយ ប.ស.ស ចុះទៅពន្យល់ដល់កម្មករនិយោជិត នៅតាមរោងចក្រឱ្យពួកគាត់បានយល់ពីអត្ថប្រយោជន៍នៃប្រាក់សោធននិវត្តន៍។
សំឡេងទី៣«ក្នុងនាមឱ្យសមាគម តំណាងឱ្យនិយោជក ធ្វើការផ្សព្វផ្សាយដល់កម្មករនិយោជិតនិងនិយោជក មានកាតព្វកិច្ចគ្រប់គ្នាក្នុងការអនុវត្តរបបសន្តិសុខសង្គមនេះ។ពាក់ព័ន្ធនឹងនីតិវិធី យើងបានពន្យល់ ពួកគាត់ឱ្យបានយល់ ទី១ ការបង់ ហើយទទួលបានលទ្ធផលបែបណា ហើយយើងក៏បានសហការជាមួយ ប.ស.ស ចុះទៅផ្សព្វផ្សាយផ្ទាល់ដល់រោងចក្រ»។

លោកលៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម បានមានប្រសាសន៍ថា៖
ទាក់ទងទៅនឹងនិយោជិតដែលបម្រើឱ្យវិស័យឯកជន មិនមានច្បាប់កំណត់អាយុចូលនិវត្តន៍ ដូច មន្ត្រីរាជការនោះទេ ប៉ុន្តែច្បាប់របបសន្តិសុខសង្គម បានកំណត់ថា ពេលណា បុគ្គលិក និយោជិត គាត់ដល់អាយុ៦០ឆ្នាំ គឺពួកគាត់មានសិទ្ធិទាមទារស្នើសុំប្រាក់ចូលនិវត្តន៍ ។

«ច្បាប់អត់កំណត់អាយុធ្វើការងារទេ ឱ្យតែគាត់មានលទ្ធភាពធ្វើការ មែនទែនច្បាប់របបសន្តិសុខសង្គមបានលើកទឹកចិត្តទៀត យើងមានសោធនអយ្យការបញ្ញត្តិ មានន័យថាយើងបន្ថែមអតីតការងារ ដល់អ្នកដែលពេលដែលយើងអនុវត្តន៍របបផ្នែកសោធន គាត់មានអាយុលើស៥០ឆ្នាំ ព្រោះពាក់ព័ន្ធអតីតភាព នេះទាក់ទងទៅនឹងអត្រាសោធន ដែលត្រូវគណនាលុយចូលនិវត្តន៍ជូនសមាជិក នេះជាយន្តការមួយ ដើម្បីលើកទឹកចិត្តដល់អ្នកដែលមានវ័យកាន់តែចាស់»។

លោកលៀង ពន្លក បានលើកឡើងទៀតថា៖ ការបង់វិភាគទានគឺជាកាតព្វកិច្ចរួមគ្នា ទាំងនិយោជិត និងនិយោជក ដែលត្រូវបង់ជារៀងរាល់ខែ មករបបសន្តិសុខសង្គម ដោយច្បាប់បានកំណត់ចាប់ផ្ដើម អនុវត្តន៍ជាផ្លូវការពីខែតុលា ឆ្នាំ២០២២នេះតទៅ។

«កាតព្វកិច្ចនៃការបង់វិភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ គឺជាកាតព្វកិច្ច រួមគ្នារវាងជិត និងនិយោជក ក្នុងនោះអត្រាវិភាគទាន៤% នៃប្រាក់ឈ្នួល។ កាលដែលនិយោជិតគាត់ធ្វើការឱ្យសហគ្រាសនិយោជកត្រូវមានកាតព្វកិច្ចប្រមូលវិភាគទាន និងបង់វិភាគទាន ។ ប្រមូលបានន័យថាកាត់វិភាគទានពីកម្មករនិយោជិត របស់គាត់ ហើយបង់វិភាគទានចំណែករបស់និយោជិត និងចំណែកនិយោជក បង់មក ប.ស.ស រួមគ្នា ដែលធ្វើឡើងជាប្រចាំ »។

ចំពោះប្រាក់ចូលនិវត្តន៍របស់បុគ្គលិកកម្មករនិយោជិត ដែលទទួលបាននៅពេលដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ គឺពួកគាត់អាចទទួលបានទៅតាមប្រាក់ដែលគាត់បានបង់ និងរយៈពេលនៃការបង់។លោកឡាត់ ម៉ារ៉ា បានបញ្ជាក់អំពីវិធីគិតដើម្បីអាចដឹងថា យើងអាចទទួលបានប្រាក់សោធននិវត្តន៍ ចំនួន ប៉ុន្មានក្នុង១ខែថា៖
«បើប្រាក់ខែគាត់លើសពី១.២០០.០០០៛ គាត់បានបង់លើសពី២០ឆ្នាំយើងយក១លាន២សែន បូកបញ្ចូលគ្នា១២០ខែ ចែកនឹង១២០ក៏នៅតែ១លាន២សែនដដែល។ចឹងបានយើងតម្លៃ១លាន២សែន គុណនឹងអត្រាឆ្នាំដែលគាត់បានបង់ គឺអត្រា២០ឆ្នាំស្មើនឹង៣២,៥០% ។ចឹងយើងយកតម្លៃ៣២,៥០%គុណ នឹង១លាន២សែន ឃើញទឹកលុយដែលគាត់បានទទួលសោធនប្រចាំខែ ហើយវាមានការកើនឡើងតាមប្រាក់ឈ្នួលដែលយើងបានទទួល»។

តាមគោលការណ៍ដែលតម្រូវ បុគ្គលិកកម្មករនិយោជិត ដែលអាច ទទួលបានប្រាក់ចូលនិវត្តន៍ លុះត្រាតែមានអាយុយ៉ាងតិច៦០ឆ្នាំ និងតម្រូវឱ្យបង់វិភាគទានយ៉ាងហោចណាស់១២ខែ។ ប្រសិនបើករណីបង់ មិនបាន១២ខែ នោះរបបសន្តិសុខសង្គម នឹងទូទាត់ជូនវិញតែម្តងប៉ុណ្ណោះ។រីឯបុគ្គលិកនិងកម្មករនិយោជិត ដែលអនុវត្តន៍តាមលក្ខខណ្ឌតម្រូវត្រឹមត្រូវ នោះពួកគេនឹងអាចទទួលបានប្រាក់ចូលនិវត្តន៍ក្នុងមួយខែចំនួន២ដង ពេលពួកគាត់ចូលនិវត្តន៍។ ហើយទន្ទឹមនេះអ្នកទាំងនោះ ក៏អាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តនៅមន្ទីរពេទ្យ ដែលជាដៃគូរបស់បេឡាជាតិរបបសន្តិសុខសង្គម។

ប្រាក់សោធននិវត្តន៍មានសារសំខាន់ ពីព្រោះអ្នកសន្សំបានច្រើន អ្នកនឹងទទួលបានប្រាក់កាន់តែច្រើន នៅពេលចូលនិវត្តន៍។ សូមរំលឹកដែរថាប្រព័ន្ធសន្តិសុខសង្គមផ្នែកប្រាក់សោធននិវត្តន៍ គឺជាជំហានទី៣ បន្ទាប់ពីកម្ពុជា បានអនុវត្តប្រព័ន្ធសន្តិសុខសង្គម លើផ្នែកថែទាំសុខភាព និងហានិភ័យការងារ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook