Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោក បៃឌិន ៖ អាមេរិក នឹងមិនរអាក្នុងការប្រើប្រាស់ទ័ពដើម្បីការពារសម្ពន្ធមិត្តឡើយ

អាមេរិក៖ ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី១០ ខែកុម្ភៈ បានអះអាងថា អាមេរិកនឹងមិនញញើតឡើយក្នុងការប្រើប្រាស់ទ័ព ដើម្បីការពារប្រជាពលរដ្ឋខ្លួន ក៏ដូចជាក្រុមសម្ពន្ធមិត្តផងដែរ។ ប៉ុន្តែលោក បៃឌិន ក៏សង្កត់ធ្ងន់ថា ការទូត ជាវិធីសាស្រ្តចម្បងមុនឈានដល់ការប្រើប្រាស់កម្លាំង។

«ក្នុងនាមជា អគ្គមេបញ្ជាការរបស់អ្នក ខ្ញុំមិនដែលរារែកក្នុងការប្រើប្រាស់កងទ័ព ដើម្បីការពារផលប្រយោជន៍សំខាន់របស់ប្រជាពលរដ្ឋអាមេរិក ក៏ដូចជា សម្ពន្ធមិត្តរបស់យើងជុំវិញពិភពលោកនៅពេលចាំបាច់នោះឡើយ។» នេះជាការអះអាងរបស់លោក ចូ បៃឌិន នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រសួងការពារជាតិ។

ប្រធានាធិបតីរូបនេះក៏បានបន្ថែមទៀតថា បេសកកម្មសំខាន់បំផុត របស់ក្រសួងការពារជាតិ គឺ ការទប់ស្កាត់ការឈ្លានពានរបស់សត្រូវ ហើយបើចាំបាច់គឺត្រូវតែប្រយុទ្ធដើម្បីជ័យជម្នះនិងរក្សាសុវត្ថិភាពសម្រាប់អាមេរិក។ ប៉ុន្តែលោកក៏បានបន្ថែមថា ការប្រើកម្លាំងទ័ព ត្រូវតែជាជម្រើសចុងក្រោយបង្អស់ មិនមែនទីមួយឡើយ។

ជាមួយនឹងសារបែបនេះ លោក បៃឌិន បញ្ជាក់ថា អាមេរិកនៅតែប្រកាន់ខ្ជាប់នយោបាយការទូតជារឿងសំខាន់ក្នុងទំនាក់ទំនងរបស់ខ្លួន។ អំឡុងទស្សនកិច្ចនៅក្រសួងការបរទេសនៅពេលថ្មីៗនេះ ប្រមុខរដ្ឋអាមេរិក បានលើកឡើងពីការស្វែងរកចំណុចរួមតាមផ្លូវការទូតក្នុងការដោះស្រាយបញ្ហានានា។

ដំណើរទស្សនកិច្ចរបស់លោក បៃឌិន ទៅកាន់មន្ទីរបញ្ចកោណក៏បានធ្វើឡើងនៅពេលដែលអាមេរិកកំពុងត្រួតពិនិត្យសភាពការណ៍ទាំងក្នុង និងក្រៅប្រទេសដែលអាចឈានដល់ការប្រែប្រួលចំនួនយោធាអាមេរិកនៅបរទេស ពិសេសនៅតំបន់អាស៊ី។ ទាក់ទងរឿងនេះ លោកនិយាយថា យោធាអាមេរិកក៏មានក្រុមការងារដើម្បីវាយតម្លៃការប្រឈមមុខជាមួយចិនផងដែរ។

កូរ៉េខាងត្បូង និងជប៉ុន គឺជាទីតាំងឈរជើងសំខាន់របស់កងទ័ពអាមេរិកនៅអាស៊ី ដែលកៀកទឹកដីចិន។ នៅកូរ៉េខាងត្បូង អាមេរិកមានកងទ័ពប្រមណ២៨០០០នាក់ និងនៅជប៉ុនមានយោធាអាមេរិកប្រមាណ៥ម៉ឺននាក់ផងដែរ​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook