Connect with us

កងកម្លាំងប្រដាប់អាវុធ

គណៈប្រតិភូសមាជិកអាយប៉ា ប្រទេសសង្កេតការណ៍និងភ្ញៀវម្ចាស់ផ្ទះបានអញ្ជើញមកដល់កម្ពុជា ជាបន្តបន្ទាប់ ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣

ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងចាប់ដំណើរការពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

គិតមកដល់ល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះ គណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា នៃបណ្តាប្រទេសសមាជិកអាយប៉ា ប្រទេសសង្កេតការណ៍ និងភ្ញៀវម្ចាស់ផ្ទះ ដែលគ្រោងនឹងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣នេះ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបណ្តើរៗហើយ។ ក្រៅពីគណៈប្រតិភូ ក៏មាន ប្រទេសសង្កេតការណ៍ ភ្ញៀវរបស់ម្ចាស់ផ្ទះ និងអង្គការជាដៃគូរបស់អាយប៉ា ក៏បានអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលនេះដែរ។

នៅវេលាម៉ោង២០:០០នាទី ល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះដែរ គណៈប្រតិភូអាយប៉ាទាំងអស់ ក៏ត្រូវចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីពិភាក្សា និងអនុម័ត លើរបៀបវារៈ និងសកម្មភាពមហាសន្និបាតអាយប៉ាលើកទី៤៣ ព្រមទាំងកិច្ចការងារមួយចំនួនទៀត។

ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ជាផ្លូវការ នឹងប្រារព្ធធ្វើនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:៤៥នាទី ដោយមានព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនគណៈប្រតិភូទាំងអស់ និងមានការថ្លែងសុន្ទរកថាស្វាគមន៍ដោយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សុន្ទរកថាគន្លឹះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសុន្ទរកថាបើកមហាសន្និបាត ដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន អាយប៉ា លើកទី៤៣។

បន្ទាប់ពីពិធីបើកមហាសន្និបាត គណៈប្រតិភូអាយប៉ា និងគណៈប្រតិភូប្រទេសសង្កេតការណ៍ទាំងអស់ ក៏នឹងមានកិច្ចប្រជុំពាក់ព័ន្ធជាបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាថ្ងៃចុងបញ្ចប់នៃមហាសន្និបាតអាយប៉ា លើកទី៤៣៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook