Connect with us

កងកម្លាំងប្រដាប់អាវុធ

ភូមិចំនួន៥ នៅតាខ្មៅ ត្រូវកាត់ចូលភ្នំពេញ

រាជធានីភ្នំពេញ៖ ភូមិចំនួន៥ រួមមាន ភូមិស្ទឹងជ្រៅនិងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន ភូមិព្រែកអញ្ចាញនៃសង្កាត់ឫស្សី ភូមិព្រែកឡុងនៃសង្កាត់តាក្តុល និង ភូមិបត្តាជីនៃសង្កាត់ព្រែកហូរ ដែលស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានកាត់ចូលទៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំពិធីផ្ទេរសិទ្ធិគ្រប់គ្រងភូមិទាំង៥នេះ ទៅឲ្យរដ្ឋបាលសង្កាត់ជើងឯកជាផ្លូវការ កាលពីនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

កាលពីអំឡុងខែតុលា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលកាលនោះ សម្តេច ទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី សុំឲ្យចេញព្រះរាជក្រឹត្យកាត់ភូមិទាំង៥ ក្នុងក្រុងតាខ្មៅ ឲ្យស្ថិតក្រោមការគ្រប់គ្រងតែមួយរបស់រដ្ឋបាលសង្កាត់ជើងឯក។ បើតាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ភូមិទាំង៥នេះ មានទំហំជិត៣០៣ហិកតា មានលំនៅឋាន១៣៤ខ្នង ហើយមានប្រជាជន១៧៧គ្រួសារ ស្មើនឹង៧៥៣នាក់។ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សម្តេចប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យយល់ព្រមតាមសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី។

ប្រមុខរដ្ឋាភិបាល បញ្ជាក់ក្នុងសំណើ ដែលផ្ញើជូនសម្តេចប្រមុខរដ្ឋស្តីទីថា រដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខេត្តកណ្តាល បានធ្វើលិខិតទៅក្រសួងមហាផ្ទៃ ស្តីពីការសុំកាត់ភូមិទាំង៥ ឲ្យចូលទៅក្នុងទឹកដីរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការអនុវត្តគម្រោងប្លង់មេសម្រាប់អភិវឌ្ឍទីក្រុងរបបបឹងទំពុននិងបឹងជើងឯក ក៏ដូចជាជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និង ការងារសង្គមផ្សេងៗ។

លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលចូលរួមធ្វើជាអធិបតីក្នុងពិធីផ្ទេរសិទ្ធិគ្រប់គ្រងខាងលើ បានលើកឡើងថា ការកែសម្រួលព្រំប្រទល់រដ្ឋបាល ដោយកាត់ភូមិទាំង៥ ទៅឲ្យសង្កាត់ជើងឯក គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ហើយក៏ដើម្បីឲ្យការអភិវឌ្ឍតំបន់នេះប្រកបដោយសោភណ្ឌភាព និងរបៀបរៀបរយ។ ប្រសាសន៍របស់លោក ត្រូវបានស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ។

ក្រៅពីនេះ ប្រមុខរដ្ឋាភិបាល ក៏បានស្នើឲ្យកាត់ផ្ទៃដីទំហំជាង២,៥ហិកតា ដែលជាចំណែកដីវត្តបទុមសាគរ ហៅវត្តទួលតាក្របៅ ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រមុខរដ្ឋាភិបាល ជម្រាបសម្តេចប្រមុខរដ្ឋស្តីទីទៀតថា ការសុំកាត់ផ្ទៃដីដែលជាចំណែកនៃដីវត្តបទុមសាគរនេះ ជាសំណើរបស់រដ្ឋបាលខេត្តកណ្តាល ដើម្បីឲ្យផ្ទៃដីវត្តទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលតែមួយ និងងាយស្រួលក្នុងការចុះបញ្ជីវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនវត្ត។

សំណើរបស់ប្រមុខរដ្ឋាភិបាល ដែលសុំឲ្យកាត់ចំណែកដីទំហំជាង២,៥ហិកតាពីវត្តបទុមសាគរ ទៅឲ្យរដ្ឋបាលសង្កាត់ដើមមៀន ក៏ត្រូវបានសម្តេចប្រមុខរដ្ឋស្តីទី យល់ព្រមដែរ តាមរយៈព្រះរាជក្រឹត្យតែមួយ ដែលចេញកាលពីទី២២ ខែតុលា ឆ្នាំ២០២០។ ពិធីផ្ទេរកម្មសិទ្ធិគ្រប់គ្រងចំណែកដីវត្តបទុមសាគរ ទៅឲ្យរដ្ឋបាលដើមមៀន ត្រូវបានធ្វើឡើងជាមួយគ្នា ក្នុងពិធីផ្ទេរសិទ្ធិគ្រប់គ្រងភូមិទាំង៥ ទៅឲ្យសង្កាត់ជើងឯក៕

Click to comment

Leave a Reply

Your email address will not be published.

Facebook