Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ចុះត្រួតពិនិត្យទីតាំងនាវាចំណាស់ ដែលលិចមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងទន្លេខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទៅកាន់ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាទីដែលនាវាមួយគ្រឿងលិច នៅក្នុងទន្លេកាលពីសម័យសង្គ្រាម ដោយមានផ្ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន។

នាវាម៉ារីន លិចនៅក្នុងទន្លេមេគង្គ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន អាចមានទំហំគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ៤០ ទៅ៥០តោន ខណៈបេសកកម្មរុករករយៈពេលជាង ៤ខែមកនេះ ត្រូវកម្លាំងជំនាញប្រមូល និងស្រង់មកលើគោកបានជាង៨តោន។

គ្រាប់យុទ្ធភណ្ឌ និងគ្រោងឆ្អឹងមនុស្សនោះ គឺត្រូវបានអ្នកជំនាញសិក្សាថា សល់តាំងពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ រវាងកងទ័ពសេនាប្រមុខលន់នល់ ជាមួយនឹងកងទ័ពរំដោះកម្ពុជាប្រជាធិបតេយ្យ។

ពាក់ព័ន្ធនឹងការងារបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ តែងដឹកនាំកម្លាំងជំនាញ ចុះត្រួតពិនិត្យដល់ទីតាំងដោយផ្ទាល់ និងបានលើកទឹកចិត្តដល់ក្រុមការងារជំនាញ បន្តកិច្ចខិតខំប្រឹងលើការងារបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកនេះ ឱ្យកាន់តែឆាប់រហ័ស ទៅតាមផែនការដែលបានកំណត់។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (NPMEC) បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះថា កម្លាំងជំនាញប្រមូលបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណ១០តោន ខណៈកម្លាំងជំនាញកំពុងបើកប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានបន្តថា កិច្ចប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ គឺកម្លាំងជំនាញរបស់លោកបានចាប់ផ្តើមឡើងតាមពីកំលុងដើមខែតុលា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែជួបបញ្ហាខ្យល់ព្យុះ ទឹកជំនន់ ទើបធ្វើឱ្យកិច្ចប្រតិបត្តិការនេះ បានផ្អាក់ជាង ៣សប្តាហ៍។ ចំពោះប្រតិបត្តិការនេះ កម្លាំងជំនាញទើបនឹងចាប់ផ្តើមសម្រុកយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវា និងជុំវិញនាវា ក្នុងកំលុងដើមខែធ្នូ ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានបន្តថា កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងតាមការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាឱ្យកងកម្លាំងរបស់មជ្ឈមណ្ឌលជាតិ ចុះមកសិក្សាស្រាវជ្រាវ នៅក្នុងតំបន់ខាងលើនេះ។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានគូសបញ្ជាក់ថា ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ក្នុងទំហំ ១៥០០ម៉ែត្រ ស្មើនឹង ១៥០ហិកតា គឺត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលា ឆ្នាំ២០២០ និងបន្តរុករកទៀត រហូតដល់ខែឧសភា ឆ្នាំ២០២១ ដែលមានរយៈពេល៤ខែមកហើយ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា សម្រាប់ក្នុងរង្វង់ប្រតិបត្តិការ រុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្លាំងជំនាញ របស់លោកបានប្រមូលគ្រាប់យុទ្ធភណ្ឌ ប្រមាណ២៥ភាគរយ ដូច្នេះ ក្នុងនាមជាមេបញ្ជាការដឹកនាំបេសកម្មនេះ នឹងបន្តខិតខំប្រឹងប្រែងលើកិច្ចការងារនេះបន្ថែមទៀត។ ប្រសិនបើគ្មានឧបសគ្គអ្វី មករារាំងនោះទេ បេសកកម្មរុករក និងស្តារនាវានេះនឹងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១៕

Click to comment

Leave a Reply

Your email address will not be published.

Facebook