Connect with us

កងកម្លាំងប្រដាប់អាវុធ

សភាឥណ្ឌូណេស៊ីស្នើដាក់របៀបវារៈបន្ទាន់ឱ្យអាយប៉ាជួយជំរុញ ការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ តំណាងសភាឥណ្ឌូណេស៊ី បានស្នើឱ្យមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ហៅកាត់ថា AIPA ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃ២០ដល់ថ្ងៃទី២៥ ជួយជំរុញ ការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសនេះបានវិលទៅរកស្ថានភាពដើមវិញ ។

ថ្លែងក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃទី២០ខែវិច្ឆិកា ឯកឧត្តម ឃុន ចាន់ដារ៉ា អ្នកនាំពាក្យនៃមហាសន្និបាតអាយប៉ាលើកទី៤៣ បានមានប្រសាសន៍ថា ក្រៅពីរបៀបវារៈដែលបានគ្រោងទុក អាយប៉ាលើក ទី៤៣នេះ ក៏មានរបៀបវារៈថ្មីបន្ទាន់មួយទៀតស្នើដោយសភាឥណ្ឌូនេ ស៊ី ពាក់ព័ន្ធទៅនឹងការជួយបន្តជំរុញដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

ឯកឧត្តម ឃុន ចាន់ដារ៉ា បានបញ្ជាក់ថា តំណាងសភាឥណ្ឌូនេស៊ីមានបំណងធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ានដាក់ចេញកន្លងមកនេះ ត្រូវបានអនុវត្ត សម្រេចបាននូវលទ្ធផលនិងផ្លែផ្កា។
ឯកឧត្តមបន្តថា បន្ទាប់ពីកិច្ចពិភាក្សានៅក្នុងគណៈកម្មការប្រតិបត្តិរួចទៅឃើញថា វាពាក់ព័ន្ធនឹងបទបញ្ជាផ្ទៃក្នុងរបស់អាយប៉ា ក៏ដូចជានីតិវិធីក្នុងការរៀបចំដូច្នេះហើយរបៀបវារៈបន្ទាន់នេះបានសម្រេចថា យកទៅជជែកគ្នានៅក្នុងគណៈកម្មាធិការនយោបាយរបស់មហាសន្និបាតអាយប៉ានៅថ្ងៃទី២២ ខែវិច្ឆិកានេះ។

សំឡេង៖ «ឃើញថា ជារបៀបវារៈបន្ទាន់ ហើយក្រោមការដឹកនាំរបស់សម្តេចពញាចក្រីហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ាលើកទី៤៣ និងជាប្រធានដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិកាលពីល្ងាចនេះ ជាក់ស្តែងដោយមានការគាំទ្រនេះហើយបានជាយើងសម្រេចថា យករបៀបវារៈដែលស្នើដោយឥណ្ឌូនេស៊ីនេះទៅពិភាក្សានៅគណៈកម្មការនយោបាយ ដែលនេះបញ្ជាក់ថា មានការគាំទ្រពីអាយប៉ាមួយជំហានហើយ»។

គួររម្លឹកថា កន្លងមកនេះប្រធានអាស៊ានបានចេញសេចក្តីថ្លែងការណ៍តម្រូវឱ្យប្រទេសមីយ៉ាន់ម៉ាត្រូវគោរពគោលការណ៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមមាន៖ ១. ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ឱ្យដល់កម្រិតខ្ពស់បំផុត, ២. ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន, ៣. ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន, ៤. អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA របស់អាស៊ាន, ៥. ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

ទោះជាយ៉ាងណាក្តី កាលពីពេលថ្មីនេះ មានការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ាវិញហើយ ដែលការវិវត្តន៍នេះត្រូវបានស្វាគមន៍ និងគាំទ្រពីប្រធានអាស៊ាន ដែលនេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ននិងការវិវត្តន៍ជាវិជ្ជមានស្របតាមស្មារតីនិងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចដែលសម្រេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាននៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២១។

សូមបញ្ជាក់ថាបញ្ហាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមបន្ទាប់ពីខែកុម្ភៈឆ្នាំ២០២១ ពេលដែលយោធារបស់ប្រទេសនេះ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយលោកស្រី Aung Sann Suu Kyi។ មនុស្សប្រហែល១.៤០០នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ ហើយប្រហែល១ម៉ឺន១ពាន់នាក់ទៀតត្រូវបានចាប់ខ្លួនក្នុង រយៈពេល១១ខែចុងក្រោយនេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook