Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រសួងអប់រំ ត្រៀមមន្ត្រីជាង ២ពាន់នាក់ ចូលរួមសង្កេត ការណ៍ប្រឡងបាក់ឌុប

ក្រសួងអប់រំ បានត្រៀមមន្ត្រីជាង ២ពាន់នាក់ ចូលរួមសង្កេតការណ៍ប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២ ដើម្បីធ្វើឱ្យការប្រឡងទទួលបានលទ្ធផលល្អ តាមទិសស្លោក អ្នកចេះគឺជាប់។

នៅក្នុងសន្និសីទសារព័ត៌ មានស្ដីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២២ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដើម្បីជួយសម្រួល ដល់ដំណើរការប្រឡង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងអប់រំ បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយដាក់មន្ត្រីប្រមាណ ២ ពាន់នាក់ចូលរួមសង្កេតការណ៍ប្រឡង ដើម្បីទទួលបានលទ្ធផលល្អ តាមទិសស្លោក អ្នកចេះគឺជាប់។

ឯកឧត្តម បានមានប្រសាសន៍បន្ដថា ការប្រឡងគឺមិនមែនជាការដាក់ ទណ្ឌកម្មទេ ប៉ុន្តែដើម្បីជួយលើកកម្ពស់ឱ្យចំណេះដឹងសិស្សានុសិស្ស ដើម្បីទទួលបានធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដសម្រាប់បម្រើកិច្ចអភិវឌ្ឍន៍ជាតិ។

«ក្នុងដំណើរការប្រឡងនេះ ក្រសួងបានរៀបចំគណៈកម្មការមេប្រយោគ និងគណៈកម្មការអប្បមាទ ព្រមទាំងគណៈកម្មការផ្សេងៗទៀត ដែលប្រើប្រាស់បុគ្គលិកអប់រំ ចំនួនជាង៧ ម៉ឺន ៧ពាន់នាក់ ដោយដំណាក់កាលសំណេរជិត១ម៉ឺន៧ពាន់នាក់ ដំណាក់កាលកំណែជិត១ម៉ឺននាក់។

យន្តការក្នុងការរៀបចំការប្រលងគឺយើងរៀបចំព្រឹត្តិការណ៍ដូចសព្វដង ដើម្បីជួយត្រួតពិនិត្យមើលដំណើរការសំណេរ គឺយើងនឹងប្រើប្រាស់ជំនួយការអប្បមាទ ២ពាន់ ៧ រយនាក់ ។

ហើយម្យ៉ាងវិញ ទៀត មានការសហការជា មួយនឹងអង្គភាពប្រឆាំងអំពើ ពុករលួយដែលនឹងចូលរួមនៅគ្រប់ដំណាក់ការទាំងអស់នៃការប្រឡង គឺដំណាក់ការសំណេរ ដំណាក់ការកំណែ ដំណាក់ការបូកស្រង់ពិន្ទុតាមកុំព្យូទ័រ ក៏ដូចជាការប្រកាសលទ្ធផលក្រោយពីការប្រលងនិងការវាយតម្លៃ។ អង្គភាពប្រឆាំងអំពើពុករលួយនិងរៀបចំចូលរួមប្រមាណប្រហែលជា ២ពាន់នាក់ ដើម្បីចូលរួមអង្កេតការណ៍នៅក្នុងការប្រឡងទុតិយភូមិនេះ»។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចូលរួមប្រឡងជាង ១២ម៉ឺននាក់ ដែលមានបេក្ខនារីជិត ៧ម៉ឺននាក់ មាន ២២១ មណ្ឌលប្រឡង ស្មើនឹង ៥ ១៧៤ បន្ទប់នៅទូទាំងប្រទេស។ ការប្រកាសលទ្ធផល គ្រោងនឹងប្រកាស
នៅថ្ងៃទី ២៧ ខែធ្នូ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយនៅថ្ងៃទី ២៨ ខែធ្នូ សម្រាប់ខេត្តផ្សេងៗទៀត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook