Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្ដេចក្រឡាហោម ស ខេង អះអាងថា ការជ្រើសតាំងឯកឧត្តម ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ដោយផ្អែកលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍បំពេញការងារ

ពោធិ៍សាត់÷សម្ដេចក្រឡា ហោម ស ខេង អះអាងថា ការជ្រើសតាំងឯកឧត្តម ខូយ រីដាជាអភិបាលខេត្តពោធិ៍សាត់ ដោយផ្អែកលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍បំពេញការងារ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា ដោយផ្អែកលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍បំពេញការ ងារកន្លងមក រាជរដ្ឋាភិបាលបានលើកសំណើ ទូលថ្វាយ ព្រះមហាក្សត្រ ស្នើសុំតែង តាំងឯកឧត្តម ខូយ រីដា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ឱ្យមកកាន់តំណែងជាអភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ជាវ តាយ ដែលមានបញ្ហាសុខភាព និងបានស្នើសុំតែងតាំងឯកឧត្តម ជាវ តាយ ជារដ្ឋលេខាធិការក្រសួងមហា ផ្ទៃ ដោយផ្អែកលើគុណ សម្បត្តិ លក្ខណៈសម្បត្តិក្នុងការបម្រើជាតិ និងប្រជាជនរបស់ឯកឧត្តម។

សម្ដេចក្រឡាហោមសង្ឃឹមថា ឯកឧត្តមអភិបាលខេត្តថ្មី នឹងខិតខំកសាងសមិទ្ធផលថ្មីៗ និងពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។សម្ដេចក្រឡាហោម បានមាន ប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ឯកឧត្តម ជាវ តាយ ដែលក្នុងរយៈពេលបំពេញការងារកន្លងមក បានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងក្នុងគណៈអភិបាលខេត្តពោធិ៍សាត់ និងបានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ខូយ រីដា ដែលមានបទ ពិសោធន៍ការងារ ធ្លាប់កាន់មុខតំណែងជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ ជាអភិបាលរងខេត្តពោធិ៍សាត់ និងបាត់ដំបង មុនទទួលមុខតំណែងជាអភិបាលខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា អភិបាលថ្មីនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថាការទទួលបានមុខតំណែងជាអភិបាលខេត្តនេះ ជាកិត្តិយសដ៏ធំធេង និងថ្លៃថ្លាបំផុតក្នុងអាជីពជាអ្នករាជការ និងជាវិញ្ញាសាថ្មីមួយរបស់ឯកឧត្តម ក្នុងការបំពេញតួនាទី និងភារកិច្ចរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិ ក្នុងពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តម បានប្ដេជ្ញាចិត្តខិតខំអនុវត្តតាមរដ្ឋធម្មនុញ្ញ គោល ការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោរពគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃឱ្យមានប្រសិទ្ធ ភាពខ្ពស់ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់សាធារណៈ ផល ប្រយោជន៍ជាតិ និងថែរក្សាសន្តិភាព ពង្រឹងថែរក្សាស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងសហការជាមួយភាគីពាក់ព័ន្ធ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook