Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូកលើកទី៩ នៅសណ្ឋាគារសុខាខេត្តសៀមរាប

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហរ​ ។សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូកលើកទី៩ នៅសណ្ឋាគារសុខាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេចបានលើកឡើងថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ស្របពេលដែលកំពុងមានការ កើនឡើងនៃភាពមិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស ភាពស្មុគស្មាញ និងភាពមិនប្រក្រតីនៃសន្តិសុខសកល និងបរិស្ថានសេដ្ឋកិច្ច ។

ការប្រកួតប្រជែងយ៉ាងស្រួចស្រាវ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩, វិបត្តិស្បៀងអាហារ, ថាមពល និងការធ្លាក់ចុះនៃសេដ្ឋ កិច្ចពិភពលោក និងសង្គ្រាម បានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ។ ទន្ទឹមនេះ បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏កាន់តែបង្ហាញច្បាស់ ទាំងទំហំ និងភាពញឹកញាប់។សម្តេចបានបញ្ជាក់បន្ថែមទៀតថា ពិតណាស់ ពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេលដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក។ បន្ថែមលើនេះ ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាក។

«នៅក្នុងបរិបទនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និងការកសាងសមត្ថភាព»។ នេះបើតាមសម្តេចតេជោ។

សម្តេចបានបញ្ជាក់បន្តថា ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក ការយល់ពីគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ដើម្បីសន្តិភាព និងវិបុលភាព (M៤P២) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។

សម្តេចថ្លែងទៀតថា៖ ក្នុងឋានៈជារដ្ឋតូចមួយ កម្ពុជាគាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះយន្តការពហុភាគីនិយម ប្រកបដោយបរិយាប័ន និងបើកចំហ ក៏ដូចជាចំពោះការពង្រឹងយន្តការដឹកនាំដោយអាស៊ាន ឬសណ្តាប់ធ្នាប់តំបន់ ដែលដឹកនាំដោយអាស៊ាន និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ ។ សម្តេចជឿជាក់ថា សមាជិកអាស៊ានដទៃទៀត ក៏មានទស្សនៈដូច គ្នានៅលើចំណុចនេះដែរ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook