Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រទេសនេប៉ាល់ អាស៊ែបៃហ្សង់ និងសហរដ្ឋអាមេរិកក្លាយជាសភាសង្កេតការណ៍របស់អាយប៉ាហើយ

សម័យប្រជុំពេញអង្គលើកទី២ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន លើកទី៤៣បានអនុម័តប្រគល់ទង់កិត្តិយសជាសភាសង្កេតការណ៍ដល់សភានៃប្រទេសជាដៃគូដល់សភាប្រទេស នេប៉ាល់ អាស៊ែបៃហ្សង់ និងសភាសហរដ្ឋអាមេរិក ដែលបានក្លាយជាសភាសង្កេតការណ៍របស់អាយប៉ា ចាប់តាំងពីមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នេះតទៅ ។

គួររម្លឹកថា មុនពេលចូលជាអ្នកសង្កេតការណ៍ពេញសិទ្ធិរបស់អាយប៉ានេះ សភាប្រទេសនេប៉ាល់ អាស៊ែបៃហ្សង់ និងសហរដ្ឋអាមេរិក គ្រាន់តែជាភ្ញៀវកិត្តិយសរបស់អាយប៉ាប៉ុណ្ណោះ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអង្គប្រជុំ បានមានប្រសាសន៍លើកឡើងពីសារសំខាន់និងតួនាទីនៃស្ថាប័នសភា នៃរដ្ឋជាសមាជិកអាស៊ាន និងប្រទេសសង្កេតការណ៍ដៃគូពាក់ព័ន្ធ ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅរក្សាស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩។

ជាមួយគ្នានោះ ឯកឧត្តម ឃុត ច័ន្ទដារ៉ា អ្នកនាំពាក្យមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ បានឱ្យដឹងដែរថា ការទទួលបានទង់កិត្តិយសជាសភាសង្កេតការណ៍របស់អាយប៉ារបស់សភាប្រទេសទាំងបីនេះ គឹកើតចេញពីការខិតខំរបស់សភាកម្ពុជា និងអ្នកពាក់ព័ន្ធ ព្រោះសភាប្រទេសទាំងបីនេះបានដាក់ពាក្យស្នើសុំជាច្រើនលើកច្រើនសារ រួចមកហើយតែមិនបានជោគជ័យ ។

«គាត់បានដាក់ពាក្យយូហើយតែមកទើបតែទទួលបានជោគជ័យនៅព្រះរាជាណាចក្រកម្ពុជាយើងនេះទេ នេះជាលទ្ធផលគួរជាទីមោទនៈមួយរបស់កម្ពុជាដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ដែលបានលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការរៀបចំបានឯកភាពគ្នាសម្រចឱ្យសភាសង្កេតការណ៍ចំនួន៣ប្រទេសនៅព្រឹកមិញនេះ»។

យោងតាមឯកសាររបស់អាយប៉ាបានឱ្យដឹងថា គិតមកដល់ពេលនេះ សភានៃប្រទេសសង្កេតការណ៍របស់អាយប៉ា មានសរុប១៦ប្រទេស ដែលមានដូចជា៖ សភាអូស្រ្តាលី សភាបេឡារូស សភាកាណាដា សភាសហភាពអឺរ៉ុប សភាឥណ្ឌា សភាជប៉ុន សភាកូរ៉េខាងត្បូង សភាម៉ារ៉ុក សភាន័រវ៉េ សភាប៉ាគីស្ថាន សភារុស្ស៊ី សភាទីម័រលេស្តេ សភាអ៊ុយក្រែន សភាសហរដ្ឋអាមេរិក សភាអាហ្សែបៃហ្សង់ សភានេប៉ាល់ ខណៈសភានៃប្រទេសហ្សកហ្ស៊ី នឹងផ្តល់ជាសមាជិកសង្កេតការណ៍ពេញសិទ្ធិ ក្នុងកិច្ចប្រជុំអាយប៉ា លើកទី៤៤ នៅប្រទេសឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា អន្តរសភាអាស៊ាន ហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព។ អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook