Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រធានរដ្ឋសភាម៉ារ៉ុក អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសភាកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ទទួលបានជោគជ័យ និងសមិទ្ធផលសំខាន់ៗ

ភ្នំពេញ៖ ឯកឧត្តម Rachid Talbi EL Alami ដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា បានចូលជួបសវនការជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភាម៉ារ៉ុក បានសំដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសភាកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ហើយទទួលបានជោគជ័យ និងសមិទ្ធផលសំខាន់ៗ។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ម៉ារ៉ុកគឺជាប្រទេសសង្កេតការណ៍យ៉ាងសកម្មរបស់អាយប៉ា។ ការអញ្ជើញចូលរួមមហាសន្និបាតរបស់គណៈប្រតិភូ បានបង្ហាញឲ្យឃើញច្បាស់ពីការគាំទ្រតួនាទីរបស់សភាកម្ពុជាជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន”។

ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសំដែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តមប្រធានរដ្ឋសភាម៉ារ៉ុក ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នាពេលនេះ។ ដំណើរទស្សនកិច្ច និងការចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ របស់គណៈប្រតិភូនៅពេលនេះ ពិតជាបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស សភា និងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តមប្រធានរដ្ឋសភាម៉ារ៉ុកបានគូសបញ្ជាក់ថា សភានៃប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកលើរាល់បញ្ហាពហុភាគី ទាំងក្នុងតំបន់ និងពិភពលោក។ នាពេលអនាគត ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ក្នុងនោះ ប្រទេសទាំងពីរអាចបង្កើតឱ្យមានស្ថានតំណាងព្រះរាជាណាចក្រម៉ារ៉ុកប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រម៉ារ៉ុក៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook