Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រធានអាយប៉ាលើកទី៤៣ ចាត់ទុកសមាជិកនៃ WAIPA ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ាលើកទី៤៣បានបញ្ជាក់ថា ក្រុមសមាជិកនៃសភាស្ត្រីអន្តរសភាអាស៊ាន ហៅកាត់ វ៉ាយប៉ា WAIPA ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់ជាតិ តំបន់ និងអន្តរជាតិ ។

នៅក្នុងមហាសន្និបាតអាយប៉ាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្តូរវេនអន្តរសភាលើកទី៤៣ បានមាន ប្រសាសន៍ថា ក្រុមសមាជិកនៃសភាស្ត្រីអន្តរសភាអាស៊ាន ហៅកាត់ វ៉ាយប៉ា ជាផ្នែកមួយដ៏សំខាន់នៃមហាសន្និបាតអាយប៉ា ដែលបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តី ក្នុងការជំរុញឱ្យអាស៊ានផ្តោតទៅលើប្រជាជន ដែលក្នុងនោះ ស្ត្រីត្រូវបានផ្ដល់ភាពអង់អាច ឱ្យក្លាយជាផ្នែកមួយក្នុងដំណើរការនៃការសម្រេចចិត្ត ដើម្បីស្វែងរកដំណោះ ស្រាយចំពោះបញ្ហាប្រឈមរបស់ជាតិ តំបន់ និងអន្តរជាតិ ដែលកាន់តែមានភាពស្មុគស្មាញ។

លោកជំទាវ សាប្រ៊ីណា កាហ្វ៉ារ៉ូវ៉ា (Sabrina Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងនាមជាប្រទេសអ្នក សង្កេតការណ៍សម្រាប់កិច្ចប្រជុំនេះបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់អំពីភាពចាំបាច់របស់ស្រ្តី ក្នុងការចូលរួមនៅគ្រប់វិស័យដើម្បីធានាដល់ស្ថិរភាព និងសង្គមដ៏រឹងមាំ និងការឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពទី៥ SDG5។

លោកជំទាវក៏បានសង្កត់ធ្ងន់ទៅលើការពង្រឹងការអប់រំនិងធានានូវឱកាសស្មើគ្នាក្នុងការអប់រំដែលប្រាកដប្រជានឹងលុបបំបាត់ឧបសគ្គដល់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។
នៅក្នុងអំឡុងនៃកិច្ចប្រជុំអាយប៉ាលើកទី៤២នេះ ក្រុមសមាជិកនៃសភាស្ត្រីអន្តរសភាអាស៊ាន ហៅកាត់ វ៉ាយប៉ា បានឯកភាពគ្នាជាឯកឆន្ទលើសេចក្ដីសម្រចចំនួនបី បន្ទាប់ពីធ្វើការពិនិត្យ និងពិភាក្សា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា(AIPA) លើកទី៤៣។

សេចក្ដីសម្រេចចំនួនបីនេះ រួមមាន៖ទី១ ស្ដីពី របាយការណ៍គណៈកម្មការសម្របសម្រួលសភាស្ត្រីអាយប៉ា, ទី២ គឺសេចក្ដីសម្រេចស្ដីពី សមាសភាព យេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី ការស្ដារឡើងវិញក្រោយជំងឺកូវីដ១៩ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់, និងទី៣ សេចក្ដីសម្រេចការលើកកម្ពស់តួនាទីរបស់តំណាងរាស្ត្រជាស្ត្រី ក្នុងការនាំមកនូវស្ថិរភាព របស់ស្ត្រី និងសន្តិភាពសន្តិសុខ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook