Connect with us

ព័ត៌មានជាតិ

ក្រុមអ្នកវិទ្យាសាស្ត្រប្រទះឃើញសត្វរំពេទន្លេ សរុបចំនួន ៦៨ ក្បាល ពេលចាប់ផ្តើមសិក្សាចំនួនសត្វបក្សី នៅតាមតំបន់ទន្លេមេគង្គរវាងខេត្តក្រចេះ ស្ទឹងត្រែង

(ក្រចេះ)៖ ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញសត្វរំពេ ទន្លេសរុបចំនួន ៦៨ ក្បាល ក្នុងអំឡុងពេលចាប់ផ្តើមសិក្សាចំនួនសត្វបក្សីនៅតាមតំបន់ទន្លេមេគង្គរវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ បានបន្តថា សត្វរំពេទន្លេទាំងនេះកំពុងប្រើប្រាស់ថ្មប៉ប្រះទឹកជាទ្រនំដើម្បីចាប់ត្រី ខណៈដែលសត្វរំពេខ្លះទៀតកំពុងតែហើរក្រឡឹងចុះឡើងតាមឆ្នេរខ្សាច់ដែលជាទីជម្រកធម្មជាតិរបស់ពួកវា ដើម្បីបន្តពូជ។ ខណៈពេលនេះ រដូវបន្តពូជរបស់សត្វរំពេទន្លេបានចាប់ផ្តើមហើយ។

បើតាមលោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះ ប្រចាំតំបន់ទន្លេមេគង្គនៃអង្គការ WWF បានថ្លែងថា៖ “សត្វរំពេទន្លេជាប្រភេទបក្សីមានមាឌមធ្យម មានកន្ទុយចំពាម ក្បាលខ្មៅ ពោះស ហើយភាគច្រើនត្រូវបានគេប្រទះឃើញក្នុងរដូវកាលបន្តពូជរបស់ពួកវា ដែលចាប់ផ្តើមពីខែមករាដល់ខែឧសភា។” លោកបានបន្ថែមទៀតថា៖ “ចំនួនសត្វរំពេទន្លេដែលបានប្រទះឃើញពេលនេះមានចំនួនច្រើនជាងចំនួនដែលបានប្រទះឃើញកាលពីឆ្នាំមុន ដែលពេលនោះឃើញសត្វរំពេទន្លេមានតែ ៦៤ក្បាល ប៉ុណ្ណោះ។”

ចំនួនបក្សីនេះមានកំណើនទ្វេដងក្នុងរយៈពេលប្រាំឆ្នាំ ដែលកើនពី ៣១ ក្បាល ក្នុងឆ្នាំ២០១៦ ដល់ ៦៨ ក្បាល ក្នុងដើមឆ្នាំ២០២១។

សត្វរំពេទន្លេជាប្រភេទបក្សីមួយដ៏កម្របំផុតក្នុងចំណោមប្រភេទបក្សីកម្រក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងប្រទេសកម្ពុជា សត្វរំពេ ទន្លេបានធ្លាក់ចុះ ៨០% ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ដែលមានចំនួនប៉ាន់ប្រមាណសរុបទូទាំងប្រទេសចន្លោះពី ៥៤ ដល់ ៦២ ក្បាលប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨។ បក្សីនេះស្ថិតក្នុងបញ្ជីក្រហមនៃប្រភេទសត្វ “ងាយរងគ្រោះ”៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook