រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដថែរក្សាសុខភាពនិងធ្វើអនាម័យឱ្យបានល្អ ដើម្បីចៀសផុតពីជំងឺទាំងពួង។ ការផ្ដាំផ្ញើនេះ បានធ្វើឡើងនៅក្នុងឱកាសឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានដឹកនាំក្រុមគ្រូពេទ្យ ធ្វើការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅក្នុងឃុំព្រែកតានង់ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ បើយើងមិនថែរក្សាបានល្អនោះទេ មេរោគនឹងចូលក្នុងខ្លួន បង្កជាជំងឺផ្សេងៗ។ ជាមួយនេះត្រូវអប់រំក្មេងៗឱ្យលាងដៃ បានស្អាតមុនញាំ នំ ចំណី និងអាហារផ្សេងៗ ពិសេសរក្សាអនាម័យសុខភាព មាត់ធ្មេញ ដោយត្រូវធ្វើការដុសសម្អាតជាប្រចាំ បើមិនបានដុសសម្អាតទេ គួរបៀមទឹកអំបិល ព្រោះវាមានសារប្រយោជន៍សម្រាប់សុខភាព មាត់ធ្មេញ បើយើងមានសុខភាពល្អហើយ គឺអាចបំពេញការងារ និងប្រកបរបររកសុី បានដោយរលូន ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលចុះមកនាពេលនេះ មិនមែនជំនួស ពេទ្យបង្អែកស្រុក និងឃុំនោះទេ គ្រាន់តែចុះមកជួយពិនិត្យព្យាបាល និងផ្តល់ថ្នាំជូន តែបើសិនជាបងប្អូន មានជំងឺធ្ងន់មិនអាចធ្វើដំណើរទៅមន្ទីរខេត្តបានទេ គឺត្រូវទាក់ទងអាជ្ញាធរ ដែនដី ដើម្បីឱ្យពេទ្យបង្អែកស្រុកកោះសូទិន ដែលមាន ឡានពេទ្យប្រចាំការចំនួន ២ គ្រឿង អាចដឹកទៅកាន់មន្ទីរពេទ្យបាន ហើយក្រុមការងារឃុំក៏ជួយជាថវិកាខ្លះៗ ដើម្បីព្យាបាលជំងឺផងដែរ ។

ឯកឧត្តម សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា ក្នុងរយ:ពេលកន្លងមកនេះ ក្រុមគ្រូពេទ្យបានចុះជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ។ សកម្មភាពការងារមនុស្សធម៌នាឱកាសនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសណាក់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ លើបញ្ហាសុខទុក្ខ សុខុមាលភាពរបស់ បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ ទាំងអស់ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ឯកឧត្តម បានបន្តថា សម្រាប់កម្មវិធីនៃការផ្តល់សេវា នាឱកាសនេះ រួមមាន ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ ពិនិត្យជំងឺធ្មេញ ពិសេសដកធ្មេញ វាស់ភ្នែក ផ្តល់ជូនវ៉ែនតា ម្ញូប មើលជិត និងមើលឆ្ងាយ ដល់ចាស់ៗ ថែមទៀតផងដែរ៕
