ប្រទេសជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ កាលពីសប្ដាហ៍មុន បានតែងតាំងរដ្ឋមន្ត្រីម្នាក់ឱ្យទទួលបន្ទុកភាពឯកាដើម្បីដោះស្រាយបញ្ហាប្រជាជនមានបញ្ហាផ្លូវចិត្ត។ ការតែងតាំងនេះ ធ្វើឡើងខណៈអត្រាអ្នកធ្វើអត្តឃាតនៅជប៉ុនបានកើនឡើងខ្ពស់អំឡុងវិបត្តិជំងឺកូវីដ-១៩ ។
លោក តេស៊ូស៊ិ សាកាម៉ូតុ (Tetsushi Sakamoto) រដ្ឋមន្ត្រីជំរុញកិច្ចការតំបន់ ត្រូវបាននាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ ប្រគល់តួនាទីបន្ថែមជារដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាឯកានៅថ្ងៃទី១២ ខែកុម្ភៈ។ លោក សាកាម៉ូតុ ត្រូវដោះស្រាយបញ្ហាផ្លូវចិត្តក្នុងចំណោមប្រជាជនជប៉ុន ខណៈបញ្ហានេះមានសភាពកាន់តែធ្ងន់ធ្ងរជាលំដាប់ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ការតែងតាំងបានធ្វើឡើងជាការឆ្លើយតបនឹងការកើនឡើងចំនួនអ្នកធ្វើអត្តឃាតនៅជប៉ុន។ ក្នុងរបាយការណ៍ចេញផ្សាយថ្មីៗនេះ អត្រាធ្វើអត្តឃាតបានកើនឡើងក្នុងអំឡុងឆ្នាំ២០២០ ក្រោយបានធ្លាក់ចុះបន្តបន្ទាប់នៅមួយទសវត្សរ៍ចុងក្រោយ។ អត្រាអ្នកធ្វើអត្តឃាតភាគច្រើនជាស្ត្រី និងក្មេងជំទង់។ បើតាមទិន្នន័យថ្មី ចំនួនស្ត្រីដែលធ្វើអត្តឃាតកើនឡើង១៤,៥ភាគរយដែលស្មើនឹង៦៩៧៦នាក់។ នេះជាទិន្នន័យខ្ពស់ជាងគេបង្អស់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
«ស្ត្រីដែលរងគ្រោះដោយសារភាពឯកោមានច្រើនជាងបុរស ព្រមទាំងមានអត្រាធ្វើអត្តឃាត កើនឡើងជាលំដាប់ផងដែរ។ ខ្ញុំសង្ឃឹមថា លោកនឹងយល់ពីបញ្ហានេះ ហើយចាត់វិធានការដោះស្រាយយ៉ាងឆាប់រហ័ស»។ លោក ស៊ូហ្កា ប្រាប់លោក សាកាម៉ូតុ បែបនេះក្នុងកិច្ចប្រជុំមួយ។ នាយករដ្ឋមន្ត្រីជប៉ុន ក៏មានគម្រោងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅចុងខែកុម្ភៈនេះ ដើម្បីស្តាប់អ្នកជំនាញ និងចូលរួមពិភាក្សាពីវិធានការក្នុងគោលដៅដោះស្រាយបញ្ហាឯកោ និងព្យាយាមនៅដាច់ពីគេរបស់ប្រជាជនក៏ដូចជាការរក្សាចំណងទាក់ទងរវាងមនុស្សក្នុងសង្គម។
បើតាមទីភ្នាក់ងារសារពត៌មាន Reuters ស្ត្រីនៅក្នុងប្រទេសជប៉ុនមានទំនោរធ្វើការ ជាអ្នកបម្រើសេវាកម្មផ្សេងៗ និងនៅតាមផ្នែកលក់ជាដើម។ ហេតុនេះ ពួកគេងាយនឹងបាត់បង់ការងារក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ពួកគេជាធម្មតាត្រូវទទួលបន្ទុកមើលថែផ្ទះសម្បែង និង កូនៗថែមទៀត។ វិបត្តិសេដ្ឋកិច្ច និងការរស់នៅក្នុងបរិបទសង្គមនាសម័យកូវីដ-១៩ ជាបញ្ហាមួយក្នុងចំណោមបញ្ហាដទៃទៀតដែលជះឥទ្ធិពលដល់ការសម្រេចចិត្តធ្វើអត្តឃាតរបស់ប្រជាជនជប៉ុន។
ឆ្នាំ២០០៣ ជាពេលដែលករណីអត្តឃាតនៅក្នុងប្រទេសជប៉ុនបានកើនឡើងខ្លាំងដល់ជាង ៣ម៉ឺនករណី។ ចាប់ពីពេលនោះ រដ្ឋាភិបាលជប៉ុន ក៏ចាប់ផ្ដើមយកកចិត្តទុកដាក់បង្កើតជាកម្មវិធីអប់រំ និងឱ្យដំបូន្មានផ្សេងដល់ប្រជាជន។ ក្រោយមក តួលេខនេះ ក៏ថយចុះមកនៅប្រមាណ២ម៉ឺនករណីប៉ុណ្ណោះក្នុងឆ្នាំ ២០១៩ មុនពេលជំងឺកូវីដ-១៩ ផ្ទុះឡើង៕