Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនការសកម្មភាពជាតិ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣

ខេត្តកណ្តាល៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០២១-២០២៣ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយឱ្យបានកាន់តែខ្ពស់។

ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣ ត្រូវផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមអធិបភាពលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធនានា និងមន្ត្រីជំនាញបច្ចេកទេស នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាច្រើនរូបទៀត។

គ្រោះមហន្តរាយ គឺជាបញ្ហាមួយដែលពិភពលោកកំពុងយកចិត្តទុកដាក់ខ្ពស់ ព្រោះបានបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយផលប៉ះពាល់បង្កពីគ្រោះមហន្តរាយនេះផងដែរ។

ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ និងផ្តល់នូវទិសដៅយុទ្ធសាស្ត្រសម្រាប់សកម្មភាពដែលបានគ្រោងទុករយៈពេល៥ឆ្នាំ ២០១៩-២០២៣ ដើម្បីកាត់បន្ថយកម្រិតរងគ្រោះ និងភាពងាយរងគ្រោះទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់ កើតចេញពីគ្រោះមហន្តរាយ។

ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣ បង្ហាញឱ្យឃើញនូវការបង្កើនការទទួលខុសត្រូវនៅគ្រប់កម្រិតដោយផ្តើមពិនិត្យដោះស្រាយហានិភ័យគ្រោះមហន្តរាយទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុមាន៖ គ្រោះរាំងស្ងួត កង្វះខាតទឹក ភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ទឹកជំនន់ ជំនន់ទឹកភ្លៀង បាក់ច្រាំងទន្លេស្ទឹង ជំងឺឆ្លងជំងឺរាតត្បាត។ល។

ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣ គឺជាការបន្តអនុវត្តទស្សនៈវិស័យ «កសាងសហគមន៍ប្រកបដោយសុវត្ថិភាព និងភាពធន់ ដើម្បីការអភិវឌ្ឍជាតិដោយចីរភាព»។ លោកបន្តថា ទស្សនៈវិស័យនេះឆ្លុះបញ្ចាំងពីគោលបំណងរួមក្នុងការកសាងវប្បធម៌លើកកម្ពស់ភាពធន់នៅកម្ពុជា ដែលតម្រូវឱ្យមានការលើកកម្ពស់ ការយល់ដឹង និងយល់ច្បាស់ពីការគំរាមកំហែងដែលបង្កពីមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ និងមនុស្សទៅលើភាពងាយរងគ្រោះ ដើម្បីពង្រឹងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយដែលក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើសមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងក្របខ័ណ្ឌច្បាប់គោលនយោបាយផែនការ និងក្នុងកម្មវិធីបរិបទនៃការអភិវឌ្ឍដោយចីរភាព។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកក្នុងពិធីនោះថា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាការងារប្រទាក់ក្រឡាដែលមិនអាចស្ថាប័នណាមួយអនុវត្តឯកឯងបានឡើយ គឺត្រូវមានការសម្របសម្រួលឱ្យបានល្អ មានកិច្ចខិតខំប្រឹងប្រែងគ្រប់វិស័យ អនុវត្តរួមគ្នាដោយក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

ទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ដូច្នេះ «ការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ចាំបាច់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជនត្រូវយកតួនាទី និងការទទួលខុសត្រូវរៀងៗខ្លួន ចូលរួមកាត់បន្ថយហានិភ័យ ដើម្បីការកសាងភាពធន់នៅគ្រប់វិស័យទាំងអស់នៃសង្គម និងផ្តល់លទ្ធភាពឱ្យសហគមន៍ និងប្រទេសរបស់យើងអាចទប់ទល់នឹងផលប៉ះពាល់ដែលបង្កឡើងដោយសារគ្រោះមហន្តរាយពីមុខសញ្ញាគ្រោះថ្នាក់នានាដោយធម្មជាតិ និងមនុស្ស និងជួយដល់ការស្តារឡើងវិញក្រោយពេលមានគ្រោះមហន្តរាយនោះផងដែរ»

ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣ មានចំណុចជាយុទ្ធសាស្ត្រសំខាន់ចំនួន៤រួមមាន៖ ការយល់ដឹងអំពីហានិភ័យគ្រោះមហន្តរាយ, ពង្រឹងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយ, ការវិនិយោគលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយសម្រាប់ភាពធន់ និងការលើកកម្ពស់ការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ ការឆ្លើយតបក្នុងការស្តារឡើងវិញ និងការស្ថាបនាឡើងវិញឱ្យប្រសើរជាងមុន។

ក្នុងឱកាសនេះ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី, លោកទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវគ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល បន្តផ្តល់កិច្ចសហប្រតិបត្តិការអនុវត្តសកម្មភាព ដែលបានកំណត់ក្នុងផែនការសកម្មភាពជាតិសម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣ ឱ្យបានសកម្ម និងជោគជ័យ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ កាកបាទក្រហមកម្ពុជា កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលរាជធានី ខេត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមឆ្លើយតបគ្រោះមហន្តរាយមានប្រសិទ្ធភាពខ្ពស់នាពេលកន្លងមក៕

Click to comment

Leave a Reply

Your email address will not be published.

Facebook