Connect with us

ព័ត៌មានជាតិ

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបន្តពង្រីកកិច្ចសហការជាមួយដៃគូអន្តរជាតិដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ

ក្នុងឆ្នាំ២០២២នេះ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបន្តពង្រីកកិច្ចសហការរបស់ខ្លួនជាមួយដៃគូបានយ៉ាងច្រើនបន្ថែមទៀត ដើម្បីបម្រើតម្រូវការចំាបាច់របស់ប្រជាជននៅទីប្រជុំជននិងតាមជនបទ ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា ។

លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា CWA បានមានប្រសាសន៍ក្នុងសន្និសីទនិងពិព័រណ៍ទឹកកម្ពុជាលើកទី៤ ថា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានធ្វើជាដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ដោយសារប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត ត្រូវមានសមាគមជារនាំង និងជាមជ្ឈមណ្ឌលភ្ជាប់រវាងប្រតិបត្តិករទៅនឹងដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាល ។ សមាគមគឺជាអ្នកនាំពាក្យ និងជាអ្នកការពារផលប្រយោជន៍ឱ្យប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតជាសមាជិករបស់ខ្លួន ។

លោកបានបន្តថា សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជន គឺជាដៃគូមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលជាសេវាសារធារណៈចាំបាច់មួយក្នុងការទ្រទ្រង់សុខុមាលភាព និងជីវភាពរបស់ប្រជាជនខ្មែរ ។

លោកបានបន្ថែមទៀតថា នៅក្នុងឆ្នាំនេះ សមាគមបានបន្តចុះអនុស្សរណៈយោគយល់គ្នា ជាមួយដៃគូពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ដឹកនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) ដែលបានកំណត់ «ប្រជាពលរដ្ឋនៅទីប្រជុំជន ១០០% ទទួលបានសេវាទឹក

ស្អាតប្រើប្រាស់នៅឆ្នាំ២០២៥» និង «ត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្ម និងសមធម៌នូវទឹកបរិភោគសម្រាប់ប្រជាជនទាំងអស់» ព្រមទាំងធានាបាននូវលក្ខខណ្ឌ៤យ៉ាង គឺ៖ ទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ តាមរយៈការអភិវឌ្ឍន៍ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងពង្រឹងគុណភាពការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ។

« ឆ្នាំនេះ ជាឆ្នាំដែលខ្ញុំមានមោទនភាពយ៉ាងខ្លាំង លើការពង្រឹងភាពជាដៃគូដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២២ បន្ថែមទៅលើកិច្ចសហការដែលសមាគមបានចាប់ដៃគូជាមួយក្រុមហ៊ុនដែលមានស្រាប់ សមាគមបានពង្រីកកិច្ច សហការរបស់ខ្លួនមួយចំនួនបន្ថែមទៀត គឺ៖ ១.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

២.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយសមាគមទឹកអូស្រា្តលី ៣.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយសមាគមទឹកជប៉ុន ៤.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជា និង ៥.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយក្រុមហ៊ុន ភ្នំពេញប្លាស្ទិក ប្រូដាក់ ដែលនេះគូសបង្ហាញពីការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ » ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា មានសមាជិកសរុបចំនួន ៣១៧ ដែលក្នុងនោះមាន ២៨៤ ជាអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុង២៣ ខេត្ត-ក្រុង ។ ក្នុងនោះ សមាគម សន្យានឹងស្វែងរកឱកាសក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការបន្ថែមទៀត ដើម្បីការរីកចម្រើននិងផ្តល់ប្រយោជន៍ ដល់សមាជិក សមាគមឱ្យបានកាន់តែប្រសើរឡើង ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook