(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ផែនការនៅឆ្នាំ២០៣០ ដើម្បីកាត់បន្ថយអ្នកស្លាប់ និងរបួសដោយ សារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឱ្យបាន៥០% ស្របតាមគោលនយោ បាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) លោកស្រី មឹន មាណវី បានលើកឡើងថា ចំពោះផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាផែនការសកម្មភាពរយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ និងជាផែនការជាតិ បន្តពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១ ។
ការលើកឡើងខាងលើនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃចន្ទ ដែលមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំខាងលើនេះ។
លោកស្រីរដ្ឋលេខាធិការបន្ថែមថា សម្រាប់ផែនការជាតិទសវត្សរ៍សុត្ថភាពចរាចណ៍ផ្លូវគោក គឺបង្កើតឡើងដើម្បីកាត់បន្ថយអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដោយកំណត់ធ្វើឱ្យបាន៥០% ត្រឹមឆ្នាំ២០៣០។
លោកស្រីបញ្ជាក់ថា៖ «កាត់បន្ថយអ្នកស្លាប់ និងអ្នករបួសចំនួន៥០% ត្រឹមឆ្នាំ២០២៣ គឺផ្ដោតលើគោលដៅសំខាន់ៗរួមមាន ទី១ កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមកត្តាហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និង ទី២ បង្កើនប្រសិទ្ធភាពការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយផ្អែកលើសរសរស្ដម្ភចំនួន៦»។
លោកស្រីបញ្ជាក់ថា សម្រាប់ផែនការខាងលើនេះ គឺបានរួមចំណែកសម្រេចជោគជ័យនូវយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល និងស្របតាមគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ លោកស្រីថ្លែងថា ផែនការជាតិខាងលើនេះ ក៏ត្រូវបានសម្របសម្រួលទៅតាមផែនការសកម្មភាពអង្គការសហប្រជាជាតិ (UN) ផ្អែកតាមច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងស្របតាមការវិវត្តន៍ជឿនលឿនរបស់ជាតិលើគ្រប់វិស័យ។
លោកបន្តស្រីថា វិស័យដែលពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោក គឺមានដូចជាអត្រាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើនយានយន្ត ការអភវិឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បទពិសោធល្អៗនៃវិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា។
លោកស្រី មឹន មាណវី បានបញ្ជាក់អំពីសរសរស្ដម្ភទាំង៦ ដូច្នេះថាទី១ពង្រឹង យន្តការគ្រប់គ្រង និងដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកទី២ ពង្រឹង ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ទី៣ពង្រឹងការអប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទី៤ ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់ ទី៥ ពង្រឹងប្រសិទ្ធភាពនៃសេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ និងទី៦ ពង្រឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ត ។
ជាមួយគ្នានេះ លោក ស ខេង បានអនុញ្ញាតឱ្យក្រុមការងារពិនិត្យលទ្ធភាពស្នើសុំរដ្ឋាភិបាល ដើម្បីកំណត់ឆ្នាំផលិតរថយន្ដ ដែលត្រូវនាំចូលមកប្រទេសកម្ពុជា ដើម្បីកាត់បន្ថយអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបន្តជំរុញឱ្យបង្កើតនូវការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវបន្ថែមទៀតផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ការកំណត់ឆ្នាំរថយន្ដដែលត្រូវនាំចូលកម្ពុជានេះ គឺដើម្បីកាត់បន្ថយរថយន្ដជជុះដែលគ្មានគុណភាព និងមានហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ ជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឱ្យសម្រេចតាមផែនការកំណត់។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ផែនការកាត់បន្ថយអ្នកស្លាប់ និងរបួស៥០% នៅឆ្នាំ២០៣០ ខាងមុខនេះ គឺចាប់ផ្ដើមសិក្សាពីការកំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក ដែលឈានទៅផ្លាស់ប្តូរផ្លាកលេខឡាន ដែលគ្មាន QR Code ពង្រឹងនិតិវីធីនៃការប្រឡងយកបណ្ណបើកបរ ជាពិសេស ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងបញ្ចូលការងារ កញ្ចប់ថវិកាទាក់ទងនឹងបរិក្ខារសុវត្ថិភាពចរាចរណ៍ និងបរិក្ខារត្រូវបំពាក់តាមថ្នល់ ក្នុងការលើកគម្រោងថវិកា ដើម្បីជួសជុលស្ថាបនាផ្លូវថ្នល់នាពេលអនាគត។
លោក តី វិសាល អគ្គនាយករងនៃនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងសរុប ១ ៦០៩ លើក ដែលបណ្តាលឱ្យស្លាប់ ៩៤២នាក់ និងរបួស ២ ២៣៥នាក់ (ធ្ងន់ ១ ៤២៩ នាក់)។ មូលហេតុដែលបង្កគ្រោះថ្នាក់រួមមានល្មើសល្បឿន៣៨% បើកបរមិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១១% បត់១០% ស្រវឹង៣% កត្តាយាន២% និងងងុយ១%។
លោកបញ្ជាក់ថា៖ «ក្នុងចំណោមអ្នកស្លាប់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន៨១% គឺមាន៧៥៩នាក់ ក្នុងចំណោម៩៤២នាក់ អ្នកមិនពាក់មួកសុវត្ថិភាពចំនួន៧៤% មានចំនួន ៥៥៨នាក់ ក្នុងចំណោម៧៥៩នាក់»។
លោកថ្លែងថា ខេត្តដែលគ្រោះថ្នាក់ច្រើនជាងគេ គឺនៅភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។
លោកបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ បានកើន ៣៤៨លើក ស្មើ២៨% ចំនួនអ្នកស្លាប់កើន ២៣៣នាក់ ស្មើ៣៣% និងចំនួនអ្នករបួសកើន ៤៤៣នាក់ ស្មើ២៥%។
លោកបន្ថែមថា បើប្រៀបធៀបស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២២ ទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ថយ ៥៦២លើក ស្មើ២៦% ចំនួនអ្នកស្លាប់ថយ៩១ នាក់ ស្មើ៩% និងចំនួនអ្នករបួសថយ ៩៩២នាក់ ស្មើ៣១% ៕