រដ្ឋបាលរាជធានីភំ្នពេញ បានឲ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលរាជធានីភំ្នពេញ គ្រោងនឹងស្ថាបនាស្ពានបេតុងមួយខ្សែបន្ថែម ឆ្លងកាត់ទន្លេបាសាក់ ដើម្បីធ្វើឱ្យលំហូរចរាចរណ៍ក្នុងតំបន់នេះល្អប្រសើរ។នេះបើតាមការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ការលើកឡើងនេះ នាឪកាសលោក បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងដាក់សាឡាងឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រ ដើម្បីរំដោះការកកស្ទះ ដែលសព្វថ្ងៃនេះកំពុងតែជួបនឹងបញ្ហាការកកស្ទះចរាចរណ៍ ខ្លាំងត្រង់ចំនុចស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ ) នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
នាឪកាសនោះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ដើម្បីរំដោះបញ្ហាកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំដាក់ឲ្យមានសាឡាងឆ្លងយានយន្តជាបណ្ដោះអាសន្នចេញពីកោះនរា ទៅកោះពេជ្រ ហើយក៏គ្រោងសាងសង់ស្ពាន១ទៀត នៅចំណុកព្រែកប្រា ឆ្ពោះទៅផ្លូវជាតិលេខ២ផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១ សាលារាជធានីបានគិតគូរជាមួយខាងក្រុមហ៊ុន OCIC ដើម្បីខ្ចីដីកោះនរា ដាក់សាឡាង ឆ្លងទៅកោះពេជ្រ។ បន្ថែមលើនេះទៀតរដ្ឋបាលរាជធានីក៏គ្រោងនឹងសាងសង់ស្ពាន១ទៀត នៅភាគខាងត្បូង ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ផង និងផ្លូវជាតិលេខ២ផង»។
គម្រោងសាងសង់ស្ពាននៅតំបន់ព្រែកប្រា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងទឹកដីខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ។ ស្ពាននេះនឹងដើរតួនាទីយ៉ាងសំខាន់ជួយសម្រួលដល់ការឆ្លងកាត់នៅតំបន់ច្បារអំពៅ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ៕