វេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ រៀបចំឡើងក្នុងគោលបំណងបន្តជំរុញបង្កើតឱកាសធុរៈកិច្ច និងវិនិយោគពីប្រទេសជប៉ុន មកប្រទេសកម្ពុជាស្តីពីនគរូបនីយកម្ម ដោយផ្តោតលើការអភិវឌ្ឍទីក្រុងឆ្លាតវៃ។

តាមរយៈវេទិការនេះ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ បានឲ្យដឹងដូច្នេះថា៖ រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងមានតួនាទីគន្លឹះក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម អភិវឌ្ឍទីផ្សារការងារ លើកស្ទួយសហគ្រាសធុនតូច-មធ្យម លើកកម្ពស់ប្រសិទ្ធភាពធុរកិច្ច ពង្រីកភាពជាដៃគូរវាងវិស័យរដ្ឋនិងវិស័យឯកជន និងពង្រឹងការប្រកួតប្រជែងក្នុងបរិការណ៍នៃ “បដិវត្តន៍ឧស្សាហកម្មទី ៤”។

ហេតុនេះ លោកបាន វាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិការដ្ឋ-ឯកជនលើកទី២ នេះ ដែលបានបង្ហាញនូវការបន្តជឿជាក់របស់អ្នកវិនិយោគជប៉ុនលើសក្តានុពលសេដ្ឋកិច្ចកម្ពុជា។ វេទិកានេះនឹងកាន់តែពង្រឹងបាននូវសាមគ្គីភាពនិងមិត្តភាពនៃប្រជាជាតិយើងទាំងពីរកម្ពុជា-ជប៉ុន។
លោក AKABA Kazuyoshi រដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេស ជប៉ុន បានលើកឡើងថា ដើម្បីចូលរួមចំណែកអភិវឌ្ឍទីក្រុងនិងដោះស្រាយបញ្ហាទីក្រុងនៃប្រទេសកម្ពុជាឱ្យបានល្អប្រសើរ ប្រទេសជប៉ុនសង្ឃឹមថានឹងអាចចែករំលែកបទពិសោធន៍លើផ្នែកជំនួយរៀបចំអភិវឌ្ឍច្បាប់ផង និងផ្នែកជំនួយបច្ចេកទេសផងដែរ៕
