Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន​បន្ត​វែកមុខ​ឈ្មួញកណ្ដាល​ដែល​ញុះញង់​ឲ្យ​ពលរដ្ឋ​កាប់​ឈើ​លក់

ខេត្តក្រចេះ​៖ ក្នុង​ឆ្នាំ​២០២០ ក្រសួងបរិស្ថាន បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ជាង ៨០០០​ករណី នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងនោះ​មាន​បទល្មើស ការ​លួច​កាប់​ឈើ​, ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ និង ការ​បរបាញ់​សត្វព្រៃ​។ បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានលើកឡើង​ក្នុង​កម្មវិធី​បោះជំរំ​លើក​ទី​៣ ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ នៅ​ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ​២០២១ ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិឯកជន ជា​បទល្មើស​ទី​ពីរ ក្នុង​តំបន់​ការពារ​។​

ការទន្ទ្រាន​ដីព្រៃ​ជា​កម្មសិទ្ធិឯកជន បាន​ក្លាយជា​បទល្មើស​ក​ម្រិ​តទី​ពីរ បន្ទាប់ពី​ការ​លួច​កាប់​ឈើ​ដែលជា​បទល្មើស​កម្រិត​ទី​មួយ ក្នុង​ដែន​ការពារ​។ ការកាប់​គាស់​ដីព្រៃ​ជា​កម្មសិទ្ធិឯកជន ភាគច្រើន​កើតចេញពី​ប្រជាជន​ចំណូល​ថ្មី និង​ការទន្ទ្រាន​ដី​ដើម្បី​លក់​ឲ្យ​ឈ្មួញកណ្ដាល​។​

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែង​ដូច្នេះ​ថា​៖ « បទល្មើស​ទន្ទ្រានព្រៃ ជា​បទល្មើស​កម្រិត​ទី​ពីរ បន្ទាប់ពី​បទល្មើស​កាប់​ឈើ ក្នុង​តំបន់​ការពារ​។ អ្នក​ទន្ទ្រានព្រៃ មិនមែនជា​ប្រជាជន​ក្នុង​តំបន់​ទេ ក៏ប៉ុន្តែ​ជា​ប្រជាជន​ដែល​ធ្វើដំណើរ​ពី​ខេត្ត​ផ្សេងៗ ដើម្បី​មក​ទន្ទ្រាន​កាន់កាប់​តំបន់​ហ្នឹង​។ តំបន់​មួយចំនួន ពេល​ប្រជាជន​ក្នុង​តំបន់​ឃើញ អ្នក​ចំណូលស្រុក​អាច​ទន្ទ្រាន​បាន អ៊ីចឹង​គាត់​(​ប្រជាជន​ក្នុង​តំបន់​) ទន្ទ្រាន​ដែរ ប៉ុន្តែ​ពួកគាត់​ទាំងពីរ សុទ្ធតែ​ប្រឈម​ចំពោះមុខ​ច្បាប់​»​។​

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ ក៏បាន​គូសបញ្ជាក់ថា ក្រសួងបរិស្ថាន​កំពុង​ស្រាវជ្រាវ ដល់​ឈ្មួញកណ្ដាល ដែលមាន​ជា​លក្ខណ​ជា​បណ្ដាញ បាន​ញុះញង់​ឲ្យ​ប្រជាជន​ក្នុង​តំបន់​ទន្ទ្រាន​ដីព្រៃ ដើម្បី​លក់​ឲ្យ​ខ្លួន​។

«​គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ ជួញដូរ​ដី​ក្នុង​តំបន់ការពារធម្មជាតិ​បានទេ​។ ក្រសួងបរិស្ថាន ក៏​មិន​ទទួលស្គាល់​ការកាន់កាប់​ដី ក្នុង​តំបន់​ការពារ​ដោយ​ខុសច្បាប់​នោះដែរ​»​។ នេះ​បើតាម​ការ​សង្កត់ធ្ងន់រ​ប​ស់លោក នេត្រ ភក្ត្រា​។

​លោក នេត្រ ភក្ត្រា បាន​បន្ថែមទៀតថា ដើម្បី​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ ក្រសួងបរិស្ថាន​បាន​បញ្ជ្រាប​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ការពារ ការបង្កើត​មុខរបរ​ថ្មី និង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជាជន​ក្នុង​តំបន់ ដែល​សហការ​ជាមួយ​ឧ​ទ្យា​នុ​រក្ស និង​ក្រសួងបរិស្ថាន ក្នុងការ​ដើរល្បាត​ព្រៃ​។ ការបង្កើតឱ្យមាន​ទេសចរណ៍​ក្នុង​តំបន់ការពារធម្មជាតិ ក៏​ជាការ​បង្កើត​មុខរបរ​ដល់​ប្រជា​សហគមន៍​ផងដែរ​។ នេះ​ជាការ​បន្ថែម​របស់លោក នេត្រ ភក្ត្រា​។

សូម​ជម្រាប​ផងដែរ​ថា ក្នុង​ឆ្នាំ​២០២០ ក្រសួងបរិស្ថាន បាន​បង្ក្រាប​បទល្មើស​ទូ​ទាំង​ប្រទេស បាន​ចំនួន​៨,៩១៧ ករណី នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន​៦៨​កន្លែង​នៅ​ប្រទេស​កម្ពុជា​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook