Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន មិន​អនុញ្ញាតឱ្យ​បណ្ដាញ​សមាគមន៍​ព្រៃ​ឡង់ ធ្វើ​ពិធី​បំបួស​ដើមឈើ នៅ​ចុងខែ​កុម្ភៈ​ឡើយ

ក្រសួងបរិស្ថាន មិន​អនុញ្ញាតឱ្យ​បណ្ដាញ​សមាគមន៍​ព្រៃ​ឡង់ ធ្វើ​ពិធីបុណ្យ​ព្រៃ​ឡង់ និង​បំបួស​ដើមឈើ នា​ថ្ងៃទី​២៥-២៦ ខែកុម្ភៈ​ឡើយ ។ ការបដិសេធ​នេះ ធ្វើឡើង​ក្រោយពី​បណ្ដាញ​សមាគមន៍​ព្រៃ​ឡង់ ដាក់សំណើ​សុំ​ធ្វើ​ពិធី​បំបួស​ព្រៃឈើ​នេះ នៅ​ចំណុច​តំបន់ភ្នំ​ជី ស្ថិតនៅ​ក្នុងភូមិ​ក្រាំង ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់ បាន​មូលមតិ​គ្នា​ធ្វើបុណ្យ​ព្រៃ​ឡង់ និង​បំបួស​ដើមឈើ​នេះ ក្នុង​គោលបំណង​ឧទ្ទិស និង​រំឭក​គុណ​ដល់​ព្រៃឈើ និង​បួងសួង​សុំឱ្យ​ព្រៃ​ឡង់​នៅ​គង់វង្ស ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​រស់នៅ​ពឹង​អាស្រ័យ​នឹង​ព្រៃឈើ​។

​បើតាម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ការធ្វើ​ពិធីបុណ្យ​នេះ គឺជា​ការផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​ដល់​ប្រជា​សហគមន៍ និង​សាធារណជន​ទូទៅ​ឱ្យបាន​ដឹងថា ព្រៃ​ឡង់​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ជា​ព្រៃ​ការពារ ដែនជម្រកសត្វព្រៃ​។ បណ្តាញ​សហគមន៍​ព្រៃ​ឡង់ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«(​ការធ្វើ​ពិធីបុណ្យ​ព្រៃ​ឡង់​នេះ​) បង្ហាញ​នូវ​សក្កា​នុព​ល​ព្រៃ​ឡង់ ដល់​សាធារណជន​ទូទៅ ដើម្បី​ចូលរួម​ជាមួយ​សហគម​ន៍​ព្រៃ​ឡង់ និង​ពង្រឹង​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បុព្វហេតុ​ការពារ​ធនធានធម្មជាតិ និង​ជីវចម្រុះ​ក្នុង​តំបន់​ព្រៃ​ឡង់​»​។

​បណ្ដាញ​សមាគមន៍​ព្រៃ​ឡង់​ទាំងនោះ មកពី​ខេត្ត​ចំនួន​៤ រួមមាន កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ ។ ពួកគេ គ្រោង​ធ្វើ​ពិធីបុណ្យ​ព្រៃ​ឡង់ និង​បំបួស​ព្រៃឈើ នៅ​ចំណុច​តំបន់ភ្នំ​ជី ស្ថិតនៅ​ក្នុងភូមិ​ក្រាំង ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។​

​ទាក់​ទង់​នឹង​កម្ម​វី​ធី​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ក្រសួង​មិន​គាំទ្រ​ឱ្យមាន​ការរៀបចំ​ពិធីបុណ្យ​ព្រៃ​ឡង់​នេះឡើយ ។​« យើង​មិនមាន​ភាពចាំបាច់ ត្រូវ​ចូលរួម​កម្មវិធី​នេះ​ទេ ហើយ​ក្រសួង​ក៏​មិន​អនុញ្ញាតឱ្យ​សហគមន៍​ទៅធ្វើ​ពិធី​ក្នុង​តំបន់​ការពារ​និង​អភិរក្ស​ដែរ »​។ នេះ​ជាការ​បញ្ជាក់​របស់លោក នេត្រ ភក្ត្រា ដែល​បាន​បន្ថែមថា ក្រសួង​ក៏បាន​ធ្វើ​ពិធី​បំបួស​ព្រៃឈើ​នេះ ដោយមាន​អ្នកចូលរួម​ជាង​៣០០​នាក់ កាលពី​ថ្ងៃទី​១៤-១៥ កុម្ភៈ​មកហើយ​។​

​បើ​ក្រសួង​មិន​អនុញ្ញាត ក៏​គ្មាន​បញ្ហា​អ្វី​ដែរ​។ លោក ពេជ្រ សា​រិ​ក ទទួលបន្ទុក​អ្នកសម្របសម្រួល ក្នុង​កម្មវិធី​បុណ្យ​នេះ បាន​បញ្ជាក់ថា បណ្ដាញ​សមាគមន៍​នៅតែ​ធ្វើ​ពិធីបុណ្យ​ព្រៃ​ឡង់​ដដែល ដោយ​គ្រាន់តែ​ប្រារព្ធ​នៅតាម​ភូមិ​ក្នុង​ខេត្ត​ទាំង​បួន​វិញ​។​

« បើ​ក្រសួង​មិន​អនុ​ញ្ញា​ត្តិ​ឱ្យធ្វើ​ក្នុង​តំបន់​អភិរក្ស ក៏​ពួកយើង​អាច​ប្រារព្ធ កម្ម​វី​ធី​នេះ​នៅតាម​ព្រៃ​ជាប់​ភូមិ​ក៏បាន ព្រោះនេះ​ជា​បុណ្យ​បែប​ប្រពៃណី​របស់​ជនជាតិដើម ភាគតិច​កួយ ពួកយើង​មិន​បំភ្លេច និង​បោះបង់​ទេ »​។ នេះ​ជាស​ម្តី​របស់លោក ពេ​ជ្យ សា​រិ​ក ។

​សូមបញ្ជាក់ថា ព្រៃ​ឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០ ម៉ឺន​ហិកតា ដោយ​គ្រប់​ដណ្តប់​ខេត្ត​ចំនួន​៤ គឺ​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ស្ទឹងត្រែង និង​ត្រូវបាន​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល ដោយ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការបង្កើត​តំបន់​ព្រៃ​ការពារ​និង​អភិរក្ស​ជីវចម្រុះ​«​ព្រៃ​ឡង់ »​នៅ​ឆ្នាំ​២០១១ ដោយមាន ៩ មាត្រា​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook