Connect with us

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុនប្រេនធំៗ មិនសូវចង់មកវិនិយោគក្នុងប្រទេសកម្ពុជា ដោយសារតែកំណើនរោងចក្រថាមពលធ្យូងថ្ម

ភ្នំពេញ៖ ក្រុមហ៊ុនប្រេនធំៗមួយចំនួនដូចជា H&M, Adidas, Puma, Gap, Nike ជាដើម បានសម្ដែងទុទិដ្ឋិនិយម មិនសូវចង់មកបន្តវិនិយោគនៅកម្ពុជា ដោយព្រួយបារម្ភពីការកើនឡើងនៃឧស្ម័នបំពុលបរិស្ថាន ដែលបង្កចេញពីកំណើនរោងថាមពលធ្យូងថ្មនៅកម្ពុជា។ នេះយោងតាមសារព័ត៌មាន Nikkei Review Asia កាលពីថ្ងៃ ១២ សីហានេះ។

ក្រុមវិនិយោគធំៗទាំងនេះបានផ្ញើរលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជាថា គោលការណ៍បង្កើនការផលិតថាមពលធ្យូងថ្ម ជាជាងថាមពលកកើតឡើងវិញដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់របស់កម្ពុជា គឺផ្ទុយនឹងគោលការណ៍របស់ក្រុមហ៊ុន ដែលបាននឹងកំពុងតែកាត់បន្ថយនៃឧស្ម័នបំពុលបរិស្ថាន។ ហើយការសម្រេចចិត្តជ្រើសយកថាមពលធ្យូងថ្ម ហាក់ដូចជាផ្ទុយពីនិន្នាការពិភពលោក ដែលធ្វើឱ្យកម្ពុជាមិនសូវទាក់ទាញការវិនិយោគ។

ប្រភពដដែលនេះក៏បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាបច្ចុប្បន្នមានរោងចក្រធ្យូងថ្មយ៉ាងហោចចំនួន ៤ ដែលគ្រោងនឹងដាក់ដំណើរការនៅឆ្នាំ ២០២៤ ខាងមុខនេះ។ ហើយក្នុងចំណោមថាមពលអគ្គិសនីសរុបនៅកម្ពុជា ៥០% គឺបានមកពីវារីអគ្គីសនី ដែលកំពុងផលប៉ះពាល់ដល់បរិស្ថាន ហើយមានត្រឹម ២% ប៉ុណ្ណោះដែលជាថាមពលស្អាតបានមកពីពន្លឺព្រះអាទិត្យ។ ទាំងនេះ គឺជាកត្តាព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ឯកឧត្តម វ៉ិចទ័រ ហ្សូណា បានឱ្យដឹងថា៖ «យើងត្រូវចេះថ្លឹងថ្លែង រវាងផលប៉ះពាល់បរិស្ថាន និងស្ថិរភាពថាមពលនៅក្នុងប្រទេស។ យើងមិនត្រូវមើលតែម្ខាងៗនោះទេ បើយើងមិនផលិតថាមពល ហើយចាំទិញថាមពលពីគេ តើយើងមានសន្តិសុខ និងស្ថិរភាព ឬទេ?»

«ឧទាហរណ៍ថា គេចង់បានថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ បាន! តែអាហ្នឹងមានតែពេលថ្ងៃ យប់អត់មាន អញ្ចឹងស្ថិរភាពនៅឯណា? ដូច្នេះ ដើម្បីឱ្យមានសន្តិសុខ និងស្ថិរភាព គឺយើងត្រូវធ្វើពិពិធកម្មប្រភពថាមពលទាំងអស់ ពោលគឺត្រូវមានថាមពលចំរុះ» ឯកឧត្តម បានបន្ត។

អ្នកនាំពាក្យរូបនេះ ក៏បានបន្ថែមទៀតថា៖ «សន្តិសុខ ស្ថិរភាព និងគុណភាពថាមពល គឺជារឿងមួយសំខាន់ ប៉ុន្តែយើងក៏គិតគូរពីបរិស្ថានដែរ។ ការអនុវត្តគម្រោងនីមួយៗនៅកម្ពុជា គឺត្រូវឆ្លងក្រសួងបរិស្ថាន។ ប្រសិនបើក្រសួងបរិស្ថានអនុម័ត មានន័យថា ស្ដង់ដារអាចទទួលយកបាន»។

ប្រភពដដែលនេះ បានឱ្យដឹងថា សម្រាប់ខែវស្សា កម្ពុជាទាញយកថាមពលពីវារីអគ្គីសនី រួមទាំងថាមពលសូឡាបានដល់ ៨០% ចំណែកឯ ថាមពលធ្យូងថ្មគឺនៅក្នុងរង្វង់ ១២% ប៉ុណ្ណោះ។

Click to comment

Leave a Reply

Your email address will not be published.

Facebook