រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យគុណភាពនៃការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ កាលពីព្រឹកថ្ងៃទី១៩ ខែ កុម្ភ: ឆ្នាំ២០២១។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ ដើម្បីស្វែងរកដំណោះស្រាយដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន ។

គម្រោងផ្លូវនេះមានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់ អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជា ហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២។
សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ២ និង២២ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចបាន២៧,១០%ហើយ៕
