Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាឲ្យសមត្ថកិច្ច ដកបម្រាមបិទការដឹកទំនិញ ចេញទៅក្រៅប្រទេស

(ភ្នំពេញ)៖ ថ្លែងតាមរយៈសារជាសម្លេង នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យសមត្ថកិច្ចនៅតាមបណ្តោយព្រំដែន ដកបទ​បម្រាមការបិទប្រជាជនកម្ពុជា មិនឲ្យដឹកទំនិញចេញទៅប្រទេសជិតខាង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមកអាជ្ញាធរបានពង្រឹងការធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែន ដើម្បីជៀសវាងការហូរចូលនៃជំងឺពីក្រៅប្រទេសចូលមកក្នុងប្រទេស។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា​ចំពោះការដឹក​ទំនិញ​ចេញចូល ​នៅតែធ្វើឡើងជាធម្មតា។

គួរបញ្ជាក់ផងដែរថា ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងក្រោយពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់ចេញបទបញ្ជាទៅតាមខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសច្រកព្រំដែនប៉ៃលិន ថាមិនឲ្យបងប្អូនប្រជាករសិករដឹកកសិផល ទៅព្រំដែនថៃដូចពីមុនទេ ដោយចាប់អនុវត្តចាប់ពីថ្ងៃស្អែកនេះ ខណៈដែល​រថយន្តថៃបែរជាចូលមកក្នុងប្រទេសរបស់កម្ពុជាបាន។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានណែនាំឲ្យសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្ម​តាមព្រំដែននៅតែធ្វើឡើងធម្មតា ដើម្បីឲ្យប្រជាជននៅតែអាច​បន្តរកស៊ីជាមួយប្រទេសជិតខាងបាន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook