Connect with us

ព័ត៌មានជាតិ

នៅខែតុលាខាងមុខនេះ ក្រុមហ៊ុនវៀតណាម នឹងចូលមកខួងអណ្ដូងប្រេងនៅកម្ពុជាចំនួន៥អណ្ដូង ឲ្យក្រុមហ៊ុន KrisEnergy

ភ្នំពេញ៖ នៅខែតុលាខាងមុខនេះ ក្រុមហ៊ុនខួងអណ្ដូងប្រេងរបស់វៀតណាម PetroVietnam Drilling & Well Service Corporation (PV Drilling) នឹងចាប់ផ្ដើមអនុវត្តកិច្ចសន្យាខួងអណ្ដូងប្រេងចំនួន៥ អណ្ដូងសម្រាប់ក្រុមហ៊ុនKrisEnergy នៅក្នុងដែនសមុទ្រកម្ពុជាសម្រាប់រយៈពេល ៣ខែ។ នេះបើតាមសេចក្ដីរាយការណ៍មួយដោយសារព័ត៌មាន Vietnamplus។

ការបញ្ជាក់ពីពេល​វេលា​ចូល​មក​ខួង​អណ្ដូងប្រេង​នៅកម្ពុជា​របស់​​ក្រុមហ៊ុន​វៀតណាមនេះ គឺធ្វើឡើង​បន្ទាប់ពី​ កាលពី​ចុង​ខែ​សីហានេះ ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុន​រុករកប្រេង និងឧស្ម័ន​នៅកម្ពុជា បានប្រកាសថា ខ្លួនបាន​សាងសង់​រួចរាល់ហើយ នូវផ្លាតហ្វមក្បាល​អណ្ដូង​ផលិតកម្ម ឬហៅថា Mini-Platform សម្រាប់ការ​អភិវឌ្ឍ​អណ្ដូង​ប្រេងកាត​ក្នុងប្លុក A ដែលស្ថិតក្នុងដែន​សមុទ្រកម្ពុជា ហើយក្បាល​អណ្ដូង​ផលិតកម្មនេះ ក៏កំពុងត្រូវ​បានបញ្ជូន​មកកាន់ដែន​សមុទ្រកម្ពុជា ដែលស្ថិតនៅ​ក្នុងឈូង​សមុទ្រថៃ ដើម្បីធ្វើការ​តម្លើង​ផងដែរ។

ក្រុមហ៊ុនខួង​អណ្ដូងប្រេង​របស់វៀតណាម​PV Drillingនេះ បានបន្ថែមទៀតថា ចាប់តាំងពីខែ​សីហា​ឆ្នាំ២០២០ ចំនួន​នៃការ​ដេញថ្លៃ​ខួង​យកប្រេង​សម្រាប់​ឆ្នាំនេះ ទាំងនៅ​វៀតណាម និង​តំបន់​អាស៊ី​អាគ្នេយ៍ផង គឺមានការ​ចំនួន​តិចតួចណាស់។ ជាមួយគ្នានេះ ក្រុមហ៊ុន​ខួងអណ្ដូងប្រេង​របស់វៀតណាមមួយនេះ ក៏​ជួបប្រទេស​នូវ​បញ្ហា​ផងដែរ ដោយសារតែ​មានការ​បញ្ឈប់ប្រតិបត្តិការ​មុន​កិច្ចសន្យា​​នៅ​ប្រទេសម៉ាឡេស៊ី តាំងពីខែ​មិថុនាមក។

ដូច្នេះ ហើយ​ក្រុមហ៊ុន​ខួងអណ្ដូងប្រេង​​របស់វៀតណាម នឹង​ពិនិត្យ​មើល​ស្ថានភាព​តម្រូវការ​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ដើម្បី​ស្វែងរក​កិច្ច​សន្យា​ខួង​អណ្ដូង​ប្រេង​ថ្មីៗ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​អាជីវកម្ម​របស់ខ្លួន​នៅឆ្នាំនេះ។

ក្រុមហ៊ុនខួង​អណ្ដូងប្រេង PV Drilling របស់វៀតណាម​ត្រូវបាន​រាយការណ៍ថា ទទួលបាន​កំណើន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​៦៤% សម្រាប់​រយៈពេល ៦ខែ​ដំបូង​នៅឆ្នាំ២០២០នេះ ដោយ​មាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណជាង ១៣៧ លាន​ដុល្លារអាមេរិក ខណៈដែល​ប្រាក់ចំណេញ​ក្រោយបង់ពន្ធរួច មាន​ដល់ទៅជាង ៣លាន​៦សែន​ដុល្លារអាមេរិក ខ្ពស់ជាង​កាលពី​៦ខែ​ឆ្នាំមុន​ប្រមាណជិត​១លាន​ដុល្លារអាមេរិក៕

Click to comment

Leave a Reply

Your email address will not be published.

Facebook