Connect with us

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុនហ្វេសប៊ុក បិទមិនឲ្យយោធាមីយ៉ាន់ម៉ា ប្រើបណ្តាញសង្គមរបស់ខ្លួនទាំង ហ្វេសប៊ុក និង Instagram

បរទេស៖ ក្រុមហ៊ុនហ្វេសប៊ុកនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា ខ្លួនបានហាមឃាត់យោធាមីយ៉ាន់ម៉ាមិនឲ្យប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនទាំង ហ្វេសប៊ុក និង Instagram ហើយនឹងមានប្រសិទ្ធិភាពភ្លាមៗបន្ទាប់ពីការប្រកាស ខណៈដែលមហាបាតុកម្មជាច្រើនសប្តាហ៍នៅតែបន្តកើតមាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីរដ្ឋប្រហារយោធាបានដណ្តើមអំណាចពីទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ។

ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា៖«ព្រឹត្តិការណ៍នានាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ រួមទាំងអំពើហិង្សាដ៏សាហាវ បានជំរុញឱ្យមានការហាមឃាត់នេះ។ យើងជឿជាក់ថាហានិភ័យនៃការអនុញ្ញាតឱ្យកងទ័ព Tatmadaw (កងទ័ពមីយ៉ាន់ម៉ា) ប្រើប្រាស់នៅលើបណ្តាញសង្គមហ្វេសប៊ុក និង Instagram គឺច្រើនលើស​លុប»។

គួររំលឹកផងដែរថា ពួកកងទ័ពបានដណ្តើមអំណាចពីមេដឹកនាំប្រទេសនៅដើមខែនេះ បន្ទាប់ពីបានចោទប្រកាន់អំពីការក្លែងបន្លំនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលកាលនោះគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី គឺជាអ្នកឈ្នះសំឡេងភាគច្រើន។ ពួកកងទ័ពបានចាប់ខ្លួនលោកស្រី និងសមាជិករបស់បក្សជាច្រើនទៀត ហើយយ៉ាងហោចណាស់អ្នកតវ៉ា ៣នាក់ និងប៉ូលីសម្នាក់ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សាអំឡុងពេលមានការប្រមូលផ្ដុំរបស់អ្នកតវ៉ា។

ហ្វេសប៊ុកបានបន្ដថា ខ្លួនក៏នឹងហាមឃាត់រាល់ «អង្គភាពពាណិជ្ជកម្មដែលជាប់ទាក់ទងនឹង Tatmadaw » ពីការផ្សាយពាណិជ្ជកម្មនៅលើវេទិការបស់ខ្លួនផងដែរ។ សេចក្តីថ្លែងការណ៍បាននិយាយថា ការសម្រេចចិត្តហាមឃាត់កងទ័ពមីយ៉ាន់ម៉ាគឺដោយសារតែការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងហានិភ័យនៃអំពើហិង្សាដែលផ្តើមចេញពីយោធានាពេលអនាគត ក៏ដូចជាប្រវត្តិសាស្រ្តរបស់កងទ័ពម្តងហើយម្តងទៀតក្នុងការរំលោភលើច្បាប់ហ្វេសប៊ុក​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook