បរទេស៖ យ៉ាងហោចណាស់មានកម្មករសំណង់ចំណាកស្រុកចំនួន៦៥០០នាក់ហើយបានស្លាប់ ចាប់តាំងពីប្រទេសកាតាផ្តើមសាងសង់កីឡដ្ឋានដើម្បីត្រៀមរៀបចំកីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់កាសែត The Guardian។
កាតាបានចាប់ផ្តើមស្ថាបនាកីឡដ្ឋានថ្មីចំនួន៧ភ្លាមៗបន្ទាប់ពីពួកគេឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup កាលពីខែធ្នូ ឆ្នាំ ២០១០។ មិនតែប៉ុណ្ណោះប្រទេសនេះ ក៏បានសាងសង់អាកាសយានដ្ឋាន និងសណ្ឋាគាររាប់សិបកន្លែងនៅលើទីក្រុងថ្មីក្នុងនាមជាប្រទេសមជ្ឈិមបូព៌ាដំបូងបំផុតដែលទទួលភារកិច្ចរៀបចំកីឡាដ៏មានប្រជាប្រិយមួយនេះ។
អ្វីដែលនឹកស្មានមិនដល់ ការសាងសង់កីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេបានធ្វើឱ្យពលករចំណាកស្រុកដែលទៅធ្វើជាកម្មករសំណង់នៅទីនោះស្លាប់ដល់ទៅរាប់ពាន់នាក់។ ម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២ មួយនេះ បានជួលកម្មករពីក្រៅប្រទេស ដែលរួមានឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដែស និងស្រីលង្កា។
នារយៈពេល ១០ ឆ្នាំមកនេះចំណោមកម្មករមកពីប្រទេសទាំង៥ខាងលើ ហោចណាស់ចំនួន៦៥០០នាក់បានបាត់បង់ជីវិតអំឡុងពេលបំពេញការងារ ដែលនេះមានន័យថា ជាមធ្យមកម្មករ ១២ នាក់បានស្លាប់ជារៀងរាល់សប្តាហ៍។
កាសែត The Guardian បានសរសេររៀបរាប់ថា៖ «ចំនួនអ្នកស្លាប់សរុបគឺខ្ពស់គួរឱ្យកត់សម្គាល់ ខណៈតួលេខនេះមិនរាប់បញ្ចូលការស្លាប់របស់កម្មករចំណាក់ស្រុកពីប្រទេសមួយចំនួនដែលបញ្ជូនពលករច្រើនទៅកាតា រួមទាំងហ្វីលីពីន និងកេនយ៉ា។ ហើយចំនួននេះ ក៏មិនទាន់រាប់បញ្ចូលករណីស្លាប់ដែលកើឡើងនៅប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ ២០២០ នេះផង»។
កាសែតដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះ បន្ថែមថាពលករឥណ្ឌាស្លាប់ច្រើនជាងគេដល់៨០ភាគរយឯណោះ។ មូលហេតុដែលបណ្តាលឱ្យកម្មករស្លាប់ច្រើនសន្ធឹកដូច្នេះបណ្តាលមកពីសីតុណ្ហភាពរដូវក្តៅខ្លាំងនៅប្រទេសកាតា ដែលឡើងដល់១២០អង្សា (ជាង៤៥អង្សាសេ) និងជាមធ្យម ១១៣ អង្សា (លេី៤០អង្សាសេ) រយៈពេលច្រើនខែ។ ក្រៅពីនោះមានគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៅកន្លែងធ្វើការ និងការធ្វើអត្តឃាត ក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតនៃការស្លាប់នេះដែរ៕