ប្រទេសជប៉ុន៖ លោកស្រី Makiko Yamada មន្ត្រីផ្នែកទំនាក់ទំនងរបស់រដ្ឋាភិបាលជប៉ុន បានលាលែងពីតំណែង បន្ទាប់ពីរងការរិះគន់ និងការមិនពេញចិត្តពីសាធារណជន ជុំវិញការបរិភោគអាហារជាមួយកូននាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ ដែលធ្វើការនៅក្រុមហ៊ុនឯកជន។ រឿងរ៉ាវទទួលទានអាហារថ្លៃៗនេះ កើតនៅក្នុងឆ្នាំ២០១៩ មកម្ល៉េះ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការហិរញ្ញវត្ថុ នៃសភាតំណាង ក្នុងថ្ងៃទី១ ខែមីនា លោក Katsunobu Kato ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថាយ៉ាងច្បាស់ៗថា រដ្ឋាភិបាល បានទទួលលិខិតលាលែងពីលោកស្រី Makiko Yamada លេខាធិការទំនាក់ទំនងសាធារណៈនៃគណៈរដ្ឋមន្ត្រី និងជាអ្នករៀបចំសន្និសីទសារព័ត៌មានឱ្យលោកនាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ ។ លោក Kato និយាយថា លោកស្រី Yamada លាលែងព្រោះសុខភាពមិនល្អ មិនអាចបំពេញកាតព្វកិច្ចបន្តទៀតបាន។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo ពេលនេះ លោកស្រីYamada កំពុងសម្រាកនៅមន្ទីរពេទ្យ។ គេមិនបានដឹងឡើយពីមូលហេតុមន្ត្រីជាន់ខ្ពស់ជប៉ុនរូបនេះចូលសម្រាកនៅមន្ទីរពេទ្យឡើយ។ ការសម្រាកនៅមន្ទីរពេទ្យ ធ្វើឡើង ស្របពេលលោកស្រី ត្រូវបង្ហាញមុខនៅក្នុងសភានៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីឆ្លើយសំណួរ ជុំវិញការបរិភាគអាហារពេលល្ងាចជាមួយកូននាយករដ្ឋមន្ត្រី ស៊ូហ្កា។
នៅដើមខែកុម្ភៈកន្លងទៅ ទស្សនាវដ្តីក្នុងស្រុក Shukan Bunshun បានចុះផ្សាយពីការបរិភោគអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋាន ក្នុងទីក្រុងតូក្យូរវាងមន្ត្រីទំនាក់ទំនង និងកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ឈ្មោះ Seigo Suga កាលពីឆ្នាំ២០១៩។ កាលនោះ លោក Seigo ដែលជាមន្ត្រីនៅក្រុមហ៊ុនឯកជនមួយ ក៏បានប្រគល់អំណោយទៅឱ្យលោកស្រី Yamada ដែលពេលនោះ ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងទំនាក់ទំនង និងមហាផ្ទៃនៅឡើយ។
បញ្ហានេះ បានធ្វើឱ្យប្រជាជនជប៉ុន រិះគន់ និងមិនពេញចិត្តយ៉ាងខ្លាំង។ នៅក្នុងច្បាប់សីលធម៌មន្ត្រីស៊ីវិលរបស់ជប៉ុន មន្ត្រីរដ្ឋាភិបាល មិនអាចទទួលអំណោយ ឬការផ្គាប់ចិត្តពីក្រុមហ៊ុនឯកជនណាមួយឡើយ ដើម្បីបញ្ចៀសការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ឬអំពើពុករលួយ។
សូមបញ្ជាក់ថា កន្លងមក លោកស្រី Yamada ក៏បានកាត់ប្រាក់បៀវត្សរបស់ខ្លួន ៦០ភាគរយ រយៈពេល ១ខែ ដែលមានចំនួនជាង ៦០០ដុល្លារផងដែរ ដើម្បីផ្តល់សំណងដល់អាហារពេលល្ងាចនោះ។ ប៉ុន្តែសមាជិកសភាបក្សប្រឆាំង នៅតែជំរុញឱ្យលោកស្រីលាលែងចេញពីតំណែង៕