(ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ចំនួន៣.៥លានដុល្លារអាមេរិក ដល់ក្រុមហ៊ុនឯកជន សម្រាប់ការប្រកួតប្រជែងក្នុងវិស័យកសិកម្ម នៅប្រទេសកម្ពុជា។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) បានរៀបចំបង្កើតការប្រកួតប្រជែងថ្មីមួយ សម្រាប់វិស័យឯកជន ក្នុងភាពជាដៃគូក្នុងផ្នែកកសិកម្ម ទាក់ទងនឹងបញ្ហាប្រឈមសំខាន់ៗ នៅក្នុងវិស័យកសិកម្ម របស់ប្រទេសកម្ពុជា។ បន្ថែមពីនោះទៀត ក៏ដូចជា ការប្រើប្រាស់ប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ក្នុងឃ្លាំង និងផ្នែកភស្តុភារ។
លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាដៃគូយូរអង្វែង របស់ប្រទេសកម្ពុជា និងវិស័យកសិកម្ម ក្នុងប្រទេសនេះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានបន្ដថា ការប្រកួតប្រជែងនេះ មានបំណងជំរុញឲ្យក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ រកដំណោះស្រាយថ្មីៗ ដើម្បីបង្កើនសមត្ថភាព ប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ «ដោយពង្រីកទីផ្សារ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ ហើយនិងជំរុញការវិនិយោគ និងការចូលរួមរបស់វិស័យឯកជន នៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ក្នុងវិស័យកសិកម្ម»។ នេះជាការបញ្ជាក់បន្ថែម របស់លោក W.Patrick Murphy ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ការប្រកួតប្រជែងនេះ បើកនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នឹងផ្តល់ជំនួយក្នុងទឹកប្រាក់ ចំនួន៣.៥លានដុល្លារ ដល់ក្រុមហ៊ុនឯកជន។
ក្រុមហ៊ុននានា ក៏តម្រូវឲ្យផ្តល់នូវដៃគូហិរញ្ញប្បទានមួយទល់នឹងមួយ ហើយធ្វើការជាមួយវិស័យឯកជន ដើម្បីឆ្លើយតបទៅ នឹងសេចក្តីត្រូវការបន្ទាន់បំផុត ក្នុងការងារទាក់ទង នឹងប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ក្នុងឃ្លាំង និងផ្នែកភស្តុភារ នៅក្នុងវិស័យកសិកម្ម។ ការប្រកួតនេះ មានបំណងជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់ប្រទេសកម្ពុជា ឲ្យសម្រេចជោគជ័យ លើអាទិភាពជាយុទ្ធសាស្រ្ត ក្នុងផែនការអភិវឌ្ឍ ក្នុងវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ របស់ខ្លួន ជាមួយនិងដំណោះស្រាយផ្អែកតាមទីផ្សារ។