Connect with us

ព័ត៌មានជាតិ

តុលាការផន្តាទោស សម រង្ស៊ី ដាក់ពន្ធនាគារ ២៥ឆ្នាំ និងបក្ខពួកផ្តន្ទាទោសពី ២០ឆ្នាំ ទៅ ២២ឆ្នាំ

(ភ្នំពេញ) ៖ មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ត្រូវបានតុលាការបានប្រកាសសាលក្រមផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ ចំណែកបក្ខពួកចំនួន ៨នាក់ទៀត ត្រូវបានផ្តន្ទាទោសពី ២០ឆ្នាំ ទៅ ២២ឆ្នាំ។ ការប្រកាសសាលក្រមផ្តន្ទាទោសនេះ បានធ្វចើឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដោយលោក ឌុច សុខសារិទ្ធ ប្រធានក្រុមប្រឹក្សាជំនះជម្រះ និងលោក សេង ហៀង តំណាងអយ្យការ។

មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ ឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈផែនការនៃការវិលត្រលប់មកកម្ពុជាវិញរបស់សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា តុលាការបានប្រកាសសាលក្រមផ្តន្ទាទោស សម រង្ស៉ី ជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោត។ ចំណែកលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ផ្តន្ទាទោសដាក់ពន្ធនាគារ ២២ឆ្នាំ។ រីឯលោក ហូរ វ៉ាន លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក នុត រំដួល និងលោកស្រី ជូឡុង សូមួរ៉ា ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។

យោងតាមមាត្រា ៤៥១ ៖ បទឧបឃាត គឺជាការប្រព្រឹត្តអំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា ឬនាំឲ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។ បទឧបឃាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ តុលាការបានចេញដីកាឲ្យចាប់ខ្លួន សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង ចំនួន៨រូបផ្សេងទៀត។ ដីកាចាប់ខ្លួននេះ ធ្វើឡើងក្រោមបទចោទ «ឧបឃាត» ឬ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» តាមរយៈផែនការនៃការវិលត្រលប់មកកម្ពុជាវិញរបស់ សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ មនុស្សទាំង៩នាក់នេះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៦៥៣៦ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ពីបទ «ឧបឃាត» តាមមាត្រា ២៧ និងមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ជាបទចោទពាក់ព័ន្ធនឹងអង្គហេតុនៃ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រលប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី» ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook