បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបានព្រមានដល់រដ្ឋបាលសហរដ្ឋអាមេរិក “កុំប្រលែងជាមួយភ្លើង” បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងបុគ្គលនិងអង្គភាពរបស់រុស្ស៊ី ជុំវិញការចោទប្រកាន់បំពុលអ្នករិះគន់វិមានក្រឹមឡាំងលោក Alexei Navalny ។

នៅក្នុងសេចក្តីថ្លែងការណ៍អនឡាញមួយ ក្រសួងការបរទេសបានហៅទណ្ឌកម្មរបស់សហរដ្ឋអាមេរិកថាជា “ការវាយប្រហារបង្ករឿងប្រឆាំងរុស្ស៊ី” ក្រោមហេតុផលមិនសមហេតុផល។
សេចក្តីថ្លែងការណ៍នោះនិយាយថា “ជាប់ទាក់ទងនឹងបញ្ហាផ្ទៃក្នុងរបស់ខ្លួន សេតវិមានកំពុងព្យាយាមបណ្ដុះរូបភាពសត្រូវខាងក្រៅ។ យើងបានធ្វើអត្ថាធិប្បាយម្តងហើយម្តងទៀតលើគោលនយោបាយអាមេរិកនេះ ដែលមិនមានហេតុផលនិងអត្ថន័យទាល់តែសោះ ហើយរឹតតែធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅៗ” ក្រសួងបាននិយាយថា ប្រទេសរុស្ស៊ីនឹងសងសឹកដោយឈរលើគោលការណ៍បដិភាព និងបន្តការពារផលប្រយោជន៍ជាតិរបស់ខ្លួន។
ស្របពេលជាមួយគ្នានោះ ក្រសួងបានស្នើឲ្យសហរដ្ឋអាមេរិក គោរពកាតព្វកិច្ចរបស់ខ្លួននិងបំផ្លាញអាវុធគីមីដែលរុស្ស៊ីមិនមាន ចាប់តាំងពីឆ្នាំ២០១៧មក។ សេចក្តីថ្លែងការណ៍អះអាងថា សហរដ្ឋអាមេរិកលែងមានឥទ្ធិពលបង្រៀនអ្នកដទៃហើយ ចាប់តាំងពីខ្លួនក្លាយជាអ្នករំលោភបំពានលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងអន្តរជាតិនានា ក្នុងវិស័យត្រួតពិនិត្យអាវុធនិងការមិនរីកសាយភាយអាវុធ ៕