រយៈពេល៤ឆ្នាំ ដែលកម្មវិធីអាស្ប៉ាយបានអនុវត្តនៅក្នុងខេត្តបន្ទាយមានជ័យ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់កសិករឱ្យអនុវត្តកសិកម្មល្អ បែបទំនើប ធន់នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយភាពក្រីក្រ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាតាមរយៈទូរស័ព្ទនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះថា អាស្ប៉ាយគឺជាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុ កម្មវិធីនេះបានចាប់ផ្តើមអនុវត្តនៅក្នុងខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ២០១៩ មក ដោយផ្តោតសំខាន់ទៅលើបច្ចេកទេសកសិកម្មបែបទំនើប ធ្វើយ៉ាងណាឱ្យកសិករចេះដាំដុះដំណាំ និងចិញ្ចឹមសត្វប្រកបដោយភាពល្អប្រសើរ ។

លោកបន្តថាក្នុងរយៈ ពេល៤ឆ្នាំមកនេះ កម្មវិធីអាស្ប៉ាយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការងារកសិកម្មនៅក្នុងមូលដ្ឋាននេះ ដោយបានចងក្រងបង្កើតជាបណ្តុំអាជីវកម្មកសិកម្ម បានចំនួន១០១ បណ្តុំ មានសមាជិកប្រមាណជាង ២៥០០នាក់ និងបានផ្តល់រោងសំណាញ់ចំនួន៤៦ខ្នង ។
លោកបន្តថា បន្ទាប់ពីការចងក្រងបង្កើតជាបណ្តុំអាជីវកម្មបានហើយ នឹងមានការបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្មដែលធន់ និងការប្រែប្រួលអាកាសធាតុ ផ្តល់សម្ភារកសិកម្ម ការជួយស្វែងរកទីផ្សារនៅពេលកសិករប្រមូលផលបាន និងការកសាងកន្លែងប្រមូលផ្តុំបន្លែសម្រាប់កសិករជាដើម។

ចំពោះអាស្ប៉ាយនេះសំខាន់យើងបញ្ចូលបច្ចេកទេសថ្មីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ទោះខែណាក៏យើងអាចដាក់បាន ហើយបច្ចេកទេសថ្មីនេះ ផ្ទៃដីតូចតែទទួលបានទិន្នផលខ្ពស់ ដូចជាយើងប្រើប្រព័ន្ធទ្រីបសម្រាប់ស្រោចស្រពជាដើម កាត់បន្ថយការប្រើប្រាស់ទឹក និងប្រេងជាដើម។
សូមបញ្ជាក់ថា កម្មវិធីអាស្ប៉ាយ គឺជាគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

កម្មវិធីនេះ ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៥មក គឺក្នុងគោលបំណងដើម្បីរួមចំណែកកាត់ បន្ថយភាពក្រីក្រ និងបង្កើនភាពធន់របស់កសិករដែលមានទំហំផលិត កម្មតូច និងការប្រែប្រួលអាកាស ធាតុ។ អាស្ប៉ាយ ក៏មានគោលដៅបង្កើតឱ្យមានគំរូសេវាកម្មកសិកម្ម ដែលមានប្រសិទ្ធភាព សម្រាប់គាំទ្រកសិករដែលមានទំហំផលិតកម្មតូច ឱ្យទទួលបានប្រាក់ចំណេញល្អប្រសើរ ហើយគំរូសេវាកម្មកសិកម្ម ត្រូវបានយកទៅពិចារណា ក្នុងការរៀបចំគោលនយោបាយ៕