Connect with us

ព័ត៌មានជាតិ

កម្ពុជាស្នើឲ្យអាល្លឺម៉ង់បន្តគាំទ្រដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង នគបាល នៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ÷កម្ពុជាបានស្នើឲ្យអាល្លឺម៉ង់បន្តគាំទ្រ ដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងនគបាលនៅកម្ពុជាបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាស្ថិរភាព និងសុខដុមនីយកម្មនៅថ្នាក់មូលដ្ឋាន។

ក្នុងជំនួបសម្តែងការគួរសម ជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រទេសអាល្លឺម៉ង់ ឱ្យ ជួយបន្តគាំទ្រដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជាបន្ថែមទៀត។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ សម្តេចបានទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ដែលនៅពេលនោះសម្ដេចបានយល់អំពីប្រវត្តិនៃការគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់។

សម្តេចក្រឡាហោម មានប្រសាសន៍ថា ដើម្បីរក្សាស្ថិរភាព និងសុខដុមនីយកម្មនៅថ្នាក់មូលដ្ឋាន សម្រាប់ រយៈពេលយូរអង្វែង គឺមិនអាចប្រមូលផ្ដុំបន្តរក្សាអំណាចទាំងអស់នៅតែថ្នាក់កណ្ដាលនោះទេ ជម្រើសល្អ បំផុត គឺផ្ដល់ភាពជាម្ចាស់ឱ្យប្រជាពលរដ្ឋ ដើម្បីអនុញ្ញាតឲ្យពួកគាត់ចូលរួម ក្នុងការអភិវឌ្ឍ ប្រកបដោយ ចីរភាពនៅថ្នាក់មូលដ្ឋាន។

សម្តេចក្រឡាហោម បានរំលឹកផងដែរថា ក្រៅពីប្រទេសអាល្លឺម៉ង់ សម្តេចក៏បានអញ្ជើញទៅបំពេញ ទស្សនកិច្ចសិក្សានៅប្រទេសមួយចំនួនផ្សេងទៀតផងដែរ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងប្រទេសបារាំង ប៉ុន្តែសម្តេច បានរកឃើញថាប្រទេសអាល្លឺម៉ង់ គឺជាប្រទេសដែលមានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិល្អជាងគេ ហើយចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាបានធ្វើការជាមួយអាល្លឺម៉ង់ ដើម្បីយកគំរូល្អៗសម្រាប់កែច្នៃ និងប្រើប្រាស់សម្រាប់ ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ ប្រទេសកម្ពុជា។

សម្តេចបានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាកំពុងដាក់ឲ្យអនុវត្តនូវកម្មវិធី ជាតិដំណាក់កាលទីពីរ សម្រាប់ពីឆ្នាំ ២០២១-២០៣០ ដែលក្នុងកម្មវិធីជាតិនេះ នឹងមានការបន្តការបែងចែកអំណាច និងធនធានទៅដល់ថ្នាក់ ក្រោមជាតិ ដើម្បីអនុញ្ញាតឲ្យថ្នាក់ក្រោមជាតិកាន់តែមានគណនេយ្យភាពបន្ថែមទៀតចំពោះ ប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋាន។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអាល្លឺម៉ង់ លើវិស័យនគរបាល សម្ដេចក្រឡាហោម បានលើកឡើងថា កម្ពុជាសព្វថ្ងៃត្រូវការធនធានមនុស្សជាចាំបាច់ ដើម្បីរក្សាសន្តិសុខឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។

សម្ដេចក៏បានបញ្ជាក់ដែរអំពីការអញ្ជើញឯកឧត្តមអតីតឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ទៅបំពេញទស្សនកិច្ច នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាការិយាល័យច្រកចេញចូលតែមួយនៅក្នុងខេត្តកណ្ដាលផងដែរ ហើយនៅពេលនោះអតីតឯកឧត្តមឯកអគ្គរដ្ឋទូតចាស់ បានសម្ដែងនូវការពេញចិត្ត យ៉ាងខ្លាំងចំពោះ សមិទ្ធផលដែលកម្ពុជាសម្រេចបាន។

សម្ដេចក្រឡាហោម បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីថា កម្ពុជាចង់ឱ្យមន្ត្រីនគរបាល មានស្តង់ដារ សមត្ថភាពខ្ពស់ដូចទៅនឹងមន្ត្រីនគរបាលអន្តរជាតិផងដែរ ក្នុងន័យនេះសម្ដេចក្រឡាហោម បានស្នើឲ្យ ប្រទេសអាល្លឺម៉ង់ពិនិត្យឡើងវិញ នូវលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនគរបាលនេះ ជាមួយប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការគាំទ្រ និងរីករាយ ចំពោះការលើកឡើងនិងការស្នើសុំ របស់សម្ដេច ក្រឡាហោម លើប្រព័ន្ធកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងការងារនេះ ហើយឯកឧត្ដមសង្ឃឹម ថា នឹងបន្តកិច្ចការងារនេះជាមួយប្រទេសកម្ពុជាជាបន្តទៀត។

ឯកឧត្ដមក៏បានជ្រាបផងដែរថា ការងារកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅកម្ពុជា បានប្រព្រឹត្តទៅ ដោយជោគជ័យជាទីគាប់ចិត្ត ពិសេសការបង្ខិតសេវាសាធារណៈ ឲ្យបានទៅកៀកនឹងប្រជាពលរដ្ឋ នៅតាម មូលដ្ឋាន។ ឯកឧត្តមក៏បានដឹងថា សម្ដេចក្រឡាហោម ក៏បានជួបពិភាក្សាជាមួយអតីតឯកអគ្គរដ្ឋទូត សហព័ន្ធអាល្លឺម៉ង់ អំពីលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យនគរបាលផងដែរ។

ពាក់ព័ន្ធវិស័យនគរបាល ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងតែសិក្សា លើចំណុចកិច្ចសហប្រតិ បត្តិការផ្សេងៗជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា លើការងារលើកកម្ពស់សមត្ថភាពរបស់មន្ត្រីនគរបាល ដោយឯកឧត្តមបានចាត់ទុកថាការងារនេះមានសារៈសំខាន់ ដោយសារមន្ត្រីនគរបាលគឺជាអ្នកដែលធ្វើការ ផ្ទាល់ យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយទាមទារឱ្យមាននូវវិជ្ជាជីវៈខ្ពស់ និងមានសុជីវធម៌ល្អ។

ដោយឡែកពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យនគរបាល ឯកឧត្ដមបានលើកឡើងថា វាគឺជាការងារ មួយដ៏សំខាន់ ដោយសារមន្ត្រី នគរបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយឯកឧត្ដម បានជម្រាបជូនសម្ដេចក្រឡាហោមថា ប្រទេសអាល្លឺម៉ង់ កំពុងត្រៀមរៀបចំ ក្រុមនាំមុខ ដើម្បីចុះមកធ្វើការ សិក្សាជាមួយបណ្ឌិត្យសភានគរបាលកម្ពុជាដើម្បីឈានទៅរកការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ ជាមួយប្រទេសកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook