Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្មលើកទស្សនទានថា មិនបង្ខំក្នុងការផលិតច្រើន តែផលិតល្មម ហើយចំណេញច្រើន យកផលចំណេញជាគោល

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកទស្សនទានថា មិនបង្ខំក្នុងការផលិតច្រើន តែផលិតល្មម ហើយចំណេញច្រើន យកផលចំណេញជាគោល ដើម្បីលើកកម្ពស់និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍លើកបង្ហាញពីទស្សនទានក្នុងវិស័យកសិកម្មដោយក្នុងនោះឯកឧត្តមបានបញ្ជាក់ពីទស្សនទានលើការគាំទ្រផលិតផលកសិកម្មក្នុងស្រុក ដោយធានាតម្លៃមិនឱ្យកើនឡើងឬធ្លាក់ចុះ។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ទស្សនទានរបស់ក្រសួងកសិកម្មគឺត្រូវបែងចែកភោគផលស្មើៗគ្នាទាំងអ្នកទទួលទាន អ្នកផលិតនិងអ្នកចែកចាយ។ បន្ថែមពីនោះទៀត ធានាបានស្ថិរភាពថ្លៃផលិតផលគឺដើម្បីកុំឱ្យប៉ះពាល់ទាំងអ្នកផលិតនិងអ្នកទទួលទាន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកពីទស្សនវិស័យលើខ្សែចង្វាក់ការនាំចេញផលិតផលកសិកម្មកម្ពុជា ដោយជំរុញលើការផលិតផលិតផលណាដែលមានគុណភាពខ្ពស់ មានតម្លៃបន្ថែមខ្ពស់ដល់កសិករផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា ការផលិតទ្រង់ទ្រាយធំមានតម្លៃថោក មិនមែនជាសក្ដានុពលរបស់កម្ពុជានោះទេ។ បន្ថែមពីនោះ ដើម្បីប្រកួតប្រជែងប្រទេសផ្សេងៗ កម្ពុជាត្រូវជំរុញផលិតផលិតផលជាគន្លឹះឬផលិតផលប្រណិត។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា កម្ពុជាត្រូវលើកយកបទពិសោធន៍ជោគជ័យលើម្រេចកំពត ដើម្បីយកទៅអនុវត្តទៅលើផលិតផលផ្សេងៗទៀត ដែលមានសក្ដានុពលរបស់កម្ពុជា។

« ទស្សនទានមើលឃើញថា មិនចាំបាច់ផលិតអង្ករបែបនេះ ក្នុងចំនួនច្រើនហើយតម្លៃថោក ដើម្បីទៅប្រកួតជាមួយគេទេ យើងស្រមៃឃើញថា លក់ឱ្យបានច្រើនជាងគេ ព្រោះជាអង្ករដែលល្អជាងគេ។ ទៅថ្ងៃមុខយើងមិនបង្ខំក្នុងការផលិតច្រើន តែផលិតល្មមតែចំណេញច្រើន យកផលចំណេញជាគោល។ អ៊ីចឹងទីផ្សារក្នុងស្រុកយើងរក្សាថ្លៃ ទីផ្សារក្រៅស្រុកយើងព្យាយាមលើកតម្លៃ ហើយការលើកតម្លៃនេះគឺមានលទ្ធភាពក្នុងការធ្វើច្រើន»។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញ និងបន្តអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ផ្តើមចេញពីយុទ្ធសាស្ត្រចតុកោណនេះ ក្រសួងបានកំណត់ទស្សនទានសម្រាប់វិស័យកសិកម្ម ដោយ ផ្ដោតលើការសម្លឹងមើលព្រៃទាំងមូល មិនមែនឈើមួយដើមៗនោះទេ។

ការសម្លឹងមើលវិស័យកសិកម្មទាំងមូល ក្នុងខ្សែច្រវាក់ផលិតកម្ម ដោយមិនផ្តោតទាំងស្រុងតែទៅលើអ្នកផលិត (កសិករ) គឺជាកត្តាសំខាន់ ព្រោះថា កសិករត្រូវពឹងផ្អែកលើអ្នកនាំចូលវត្ថុធាតុដើម ដូចជា ជី ថ្នាំ គ្រឿងចក្រកសិកកម្មជាដើម និងពឹងលើទីផ្សារដើម្បី លក់ផលិតផល ដែលអ្នកទាំងនេះសុទ្ធតែជាតួអង្គសំខាន់ តាមរយៈការកែច្នៃ និងការដឹកជញ្ចូនចែកចាយលក់ ក្នុងស្រុក និងទៅក្រៅប្រទេស។

ក្រសួងចង់បានការរីកចម្រើនព្រមគ្នា សម្រាប់តួអង្គទាំងអស់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ហើយការ ដែលទុកចោល ឬមិនផ្តល់សារសំខាន់ដល់តួអង្គណាមួយ នឹងនាំឱ្យខ្សែច្រវាក់ផលិតកម្មទាំងមូលជាប់គាំង និង ជួបបញ្ហា។ ទស្សនទានរបស់ក្រសួង ការទាញយកសក្ដានុពលកសិកម្មដែលមាន ស្របទៅនឹងស្ថានភាព អំណោយផលពីធម្មជាតិរបស់កម្ពុជា មកបែងចែកប្រកបដោយសមធម៌ ទៅតាមខ្សែច្រវាក់ផលិតកម្មទាំងមូល តាំងពីការផលិត រហូតដល់អ្នកប្រើប្រាស់ឬអ្នកទទួលទានចុងក្រោយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook