ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅ ទីស្តីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងពិភាក្សាលើតម្លៃលេខចុះបញ្ជីពិសេសផ្ទាល់ ខ្លួន ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មកាអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការពិភាក្សាវឌ្ឍនភាពការងារទាក់ទងនឹងការគ្រប់គ្រងការចុះបញ្ជីយានយន្ត និងរូបមន្តកំណត់តម្លៃលក់លេខពិសេសផ្ទាល់ខ្លួននៅក្នុងប្រព័ន្ធអនឡាញ សំដៅធានាបាន នូវការគ្រប់គ្រង និងការប្រមូលចំណូលថវិកាជាតិឱ្យបានច្រើនឡើងថែមទៀត។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយ អំពីការលក់លេខពិសេសផ្ទាល់ខ្លួនទៅកាន់ បណ្ដាក្រុមហ៊ុនឯកជនធំៗនានាដែលមានបំណងចង់ប្រើប្រាស់លេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀងគរចំណូលថវិកាជាតិឱ្យបានច្រើនថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរអំពីគម្រោងអភិវឌ្ឍកម្មវិធី (App) កាត់ពិន្ទុបណ្ណបើកបររបស់អ្នកបើកបរដែលល្មើសច្បាប់ចរាចរណ៍ដូចជា៖ បើកបរអត់ពាក់ខ្សែក្រវ៉ាត់ បើកបរហួសល្បឿនកំណត់ និងបើកបររំលោភភ្លើងសញ្ញាចរាចរណ៍ជាដើម ដោយប៉ូលីសអាចធ្វើការកាត់ពិន្ទុលើបណ្ណបើកបរនៃអ្នកល្មើសបានភ្លាមៗតែម្តង។
គួររំលឹកផងដែរថា ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានដាក់ឱ្យ ដំណើរជាផ្លូវការកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ក្នុងគោលដៅជាចម្បងក្នុងការកាត់ បន្ថយនូវនីតិវិធីស្មុគស្មាញក្នុងការបំពេញឯកសារ ក៏ដូចជាបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងជៀសវាងបាននូវការចំណាយក្រៅផ្លូវការ៕
