កែប ៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្ត កែប បានអញ្ជើញសម្ពោធរូប សំណាក “ព្រាប ស” ត្រង់ចំណុចផ្លូវលេខ១៣៣៥ ចូលទៅកាន់តំបន់ភ្នំវល្លិ៍។
តាមរបាយការណ៍របស់លោក ឆាង ឆៃ អភិបាលនៃគណ:អភិ បាលស្រុកដំណាក់ចង្អើរ បានឱ្យដឹងថា រូបសំណាក “ ព្រាប ស “ នេះជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា។

សម្រាប់ការចាប់ផ្តើមដំណើរការសាងសង់រូបសំណាកនេះគឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ និងបញ្ចប់ការងារសាងសង់ជាស្ថាពរ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ដោយចំណាយថវិកាសរុប ១៤,៣០០ដុល្លារគត់ ។
ក្នុងពិធីសម្ពោធនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានមាន ប្រសាសន៍ថា ការសាងសង់រូបសំណាក “ ព្រាបស “ នៅលើទីតាំងនេះ គឺចង់បញ្ជាក់អំពីតម្លៃ និងនិមិត្តរូបនៃសន្តិភាព ដែលបង្កឱកាសឱ្យយើងទាំងអស់គ្នា អភិវឌ្ឍសហគមន៍ ក៏ដូចជាប្រទេសជាតិយើងឱ្យមានការរីកចម្រើន។

ឯកឧត្ដម បានរំលឹកថា តំបន់ភ្នំវល្លិ៍នេះ ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាមដ៏ក្ដៅគគុក និងជាកន្លែងលាក់ខ្លួនធ្វើសកម្មភាពរបស់កងទ័ពខ្មែរក្រហម ប៉ុន្តែក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៤ កម្លាំងទ័ពខ្មែរក្រហម បានធ្វើសមាហរណកម្ម ចូលរួមជាមួយរាជរដ្ឋាភិបាល ភ្លើង សង្គ្រាមនៅទីតាំងនេះ ក៏បានរលត់ ប្រជាជនរស់នៅបានសុខសន្តិភាព ហើយបច្ចុប្បន្ន បានប្រែក្លាយជាតំបន់អភិវឌ្ឍកសិកម្មដ៏មានសក្តានុពលរបស់ខេត្តកែប។

ឯកឧត្ដម បានបន្ថែមថា រូបសំណាក “ ព្រាបស” ត្រដាងស្លាប នាដើមផ្លូវលេខ១៣៣៥នេះ នឹងធ្វើឱ្យអ្នកដំណើរតាមផ្លូវជាតិលេខ ៣៣ ងាកមកចាប់អារម្មណ៍ទីតាំងនៃតំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ភ្នំវល្លិ៍ ដែលពោរពេញដោយទេសភាពដ៏ស្រស់បំព្រង ដែលគ្របដណ្តប់ទៅដោយដំណាំកសិកម្ម ព្រៃភ្នំដ៏ខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធ ហើយទៅថ្ងៃអនាគត ទីតាំងនេះ ក៏នឹងក្លាយទៅ ជាតំបន់កសិឧស្សាហកម្ម ផងដែរ។

ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់អះអាងថា លោកនឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់ភ្នំវល្លិ៍ឱ្យដូចជាសរសៃឈាម និងជាផ្នែកមួយនៃតំបន់ទេសចរណ៍របស់ខេត្តកែប ដែលភ្ញៀវទេសចរអាចមកលេងទឹកសមុទ្រ ញាំអា ហារសមុទ្រដ៏មានឱជារស ហើយបន្តដើរកម្សាន្តអេកូទេសចរណ៍ លើខ្នងភ្នំវល្លិ៍ និងកសិទេសចរណ៍នៃតំបន់នេះថែមទៀត៕