សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើក ឡើងថា ៤៤ឆ្នាំក្រោយថ្ងៃរំដោះ៧មករា កម្ពុជាបានកែប្រែមាតុភូមិពីទឹកដីមរណៈ មកជាទឹកដីលូតលាស់ ដ៏ស្រស់បំព្រងប្រកបដោយមោទនភាពបំផុត ដោយគ្មានការកើតមានជាថ្មីនូវសង្គ្រាមការបែកបាក់ជាតិ និង អំពើប្រល័យពូជសាសន៍ដូចពីអតីតកាល។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឡើងក្នុងពិធីអបអរសាទរ ខួប ៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា ២០២៣) ដែលបានប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលកោះពេជ្រ ដោយមានការចូលរួមពីប្រជាពលរដ្ឋរាប់ម៉ឺននាក់។

សម្តេចតេជោថ្លែងថា ស្មារតី ៧មករា ស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និង គ្រប់ជំនាន់តទៅមុខទៀត រួមគ្នាប្តេជ្ញាថែរក្សាពូនជ្រុំស្មារតី ៧មករា ឱ្យកាន់តែរឹងមាំ និងភ្លឺចែងចាំងជានិច្ច ព្រោះ៤៤ឆ្នាំកន្លងទៅនេះ គឺជា៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំនៃការតស៊ូអនុវត្តគ្រប់កិច្ចការ ប្រកបដោយ វីរភាព និងជា៤៤ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។

សម្តេចតេជោបន្តថា ការតស៊ូពុះពារ បានកែប្រែ មាតុភូមិពីទឹកដីមរណៈ មកជាទឹកដីលូតលាស់ដ៏ស្រស់បំព្រងប្រកបដោយមោទនភាពបំផុត ដែលបាន បង្កើនជំនឿ និងពង្រឹងការតាំងចិត្ត ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងអនាគតដ៏រុងរឿង សម្រាប់កូនចៅគ្រប់ជំនាន់តទៅមុខទៀត ដោយគ្មានការកើតមានសាជាថ្មី នូវសង្គ្រាមការបែកបាក់ជាតិ និងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល។

សម្តេចតេជោបន្ថែមថា ពិតណាស់ថាផ្លូវទៅមុខ នៅតែមានឧបសគ្គនិងការលំបាកធំៗយ៉ាងច្រើនបន្តទៀត ប៉ុន្តែគ្មានអ្វីអាចមករារាំងបានឡើយ ឱ្យតែមានការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បន្តខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយ កម្លាំងចិត្តដើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ដូចដែលធ្លាប់បានឆ្លងកាត់រួចមកហើយ។
ដូច្នេះប្រជាពលរដ្ឋទាំងអស់គប្បីចងចាំថា គឺកត្តាផ្ទៃក្នុងរបស់ជាតិ កត្តាកំណត់នៃជ័យជម្នះ រីឯកត្តា ខាងក្រៅ គ្រាន់តែជះឥទ្ធិពលប៉ុណ្ណោះ។ ក្នុងន័យនេះ ប្រជាជាតិមួយដែលមានឯកភាពជាតិប្តូរផ្តាច់ ការពារឯករាជ្យ សេរីភាពរបស់ខ្លួន មិនអាចត្រូវអនុភាពខាងក្រៅណាធ្វើឲ្យឱ្យបរាជ័យបានឡើយ។

ដូច្នេះត្រូវរួមគ្នាថែរក្សាពូនជ្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យបានគង់វង្ស និងរឹងមាំឡើងនៅ គ្រប់កាលៈទេសៈ មិនឱ្យជនណាឬអនុភាពណាមកបំផ្លាញបានឡើយ។
សំឡេង៖« ឆ្លងកាត់រយៈពេល ៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ ៧មករា ប្រទេសកម្ពុជាបាននិងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹង បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។
កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ទឹកដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូល រដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ភាពពិតជាក់ស្ដែងទាំងនេះ បានបញ្ជាក់ច្បាស់អំពីការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលកើតពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា រួមនឹងការខិតខំ របស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ ពីការចូលរួមវិស័យឯកជន និងសង្គមស៊ីវិល ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្ត ជិតឆ្ងាយ និងសហគមន៍អន្តរជាតិ៕»