Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្រុមទណ្ឌិតជ្រុលនិយម ប្រញាប់ដកខ្លួន ដើម្បីគេចផុតពីសំណាញ់ច្បាប់

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្រុមទណ្ឌិតជ្រុលនិយម ប្រញាប់ដកខ្លួន ដើម្បីគេចផុតពីសំណាញ់ច្បាប់ ខណៈដែលជនទាំងនេះបានបំពុលសង្គម បំផ្លាញដំណើរការរីកចម្រើន និងបង្កការបែកបាក់ជាតិ ។

ក្នុងពិធីអបអរសាទរខួបលើកទី៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា ( ៧មករា ១៩៧៩-៧មករា ២០២៣ ) នាមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមាន ប្រសាសន៍ថា ផ្លូវទៅមុខនៅតែមានឧបសគ្គនិងការលំបាកធំៗយ៉ាងច្រើនបន្តទៀត ប៉ុន្តែគ្មានអ្វីអាចមករារាំង បាននោះឡើយ ឱ្យតែប្រជាជនមានការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ដូចដែលធ្លាប់បានឆ្លងកាត់រួចមកហើយ ។ គប្បីចងចាំថា គឺកត្តា ផ្ទៃក្នុងរបស់ជាតិ កត្តាកំណត់នៃជ័យជម្នះ រីឯកត្តាខាងក្រៅគ្រាន់តែជះឥទ្ធិពលប៉ុណ្ណោះ ។

ក្នុងន័យនេះ ប្រជាជាតិមួយដែលមានឯកភាពជាតិប្តូរផ្តាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួន មិនអាចត្រូវ អនុភាពខាងក្រៅណាធ្វើឲ្យបរាជ័យបានឡើយ ។ ក្នុងស្មារតីនេះ ត្រូវរួមគ្នាថែរក្សា ពូនជ្រុំ រាល់សមិទ្ធផល ដ៏ថ្លៃថ្លានៃសង្គមជាតិ ឱ្យបានគង់វង្ស និងរឹងមាំឡើងនៅគ្រប់កាលៈទេសៈ ។

សម្តេចតេជោ មានប្រសាសន៍បន្តថា អ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្តេជ្ញាដាច់ខាតការពារសន្តិភាព និង ឯកភាពជាតិ ដែលសម្រេចបានមកដោយលំបាកបំផុតនេះ ឱ្យនៅស្ថិតស្ថេរគង់វង្សជានិច្ច ដោយមិនឱ្យ ជនណាឬអនុភាពណា មកបំផ្លាញបានឡើយ ។ ជាងនេះទៅទៀត អ្នកដែលពាក់ព័ន្ធនឹងទណ្ឌិតក្បត់ជាតិ ត្រូវប្រញាប់ដកខ្លួនចេញឱ្យបានទាន់ពេលវេលា ។

«ត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ជូនជនរួមជាតិថា យើងត្រូវកម្ចាត់នយោបាយជ្រុលនិយម របស់ទណ្ឌិតក្បត់ជាតិ និងបក្សពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេសឱ្យអស់ពីសង្គមជាតិ មិនទុកឱ្យ បន្តបំពុលសង្គម និងបង្កការបែកបាក់ជាតិ ដែលនឹងនាំទៅដល់គ្រោះមហន្តរាយជាថ្មីទៀតសម្រាប់ប្រជាជាតិ ។ ជនណា ឬគណបក្សនយោបាយណា ដែលបម្រើនយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិនោះ ត្រូវកែប្រែខ្លួនឱ្យបានទាន់ពេល បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងវិធានការច្បាប់ជាធរមាន» ។

ព្រមជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការនានា នៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួងស្ថាប័នអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គោរពខ្ជាប់ខ្ជួនតាមគោលការណ៍ច្បាប់ ហើយចូលរួមទាំងអស់គ្នា ក្នុងការពង្រឹងបរិយាកាស នយោបាយ សម្រាប់ការបោះឆ្នោត ប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព ដើម្បីធានាឱ្យ ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook